ផ្កាអំបិលកំពត-កែប កំពុងទទួលបានការចាប់អារម្មណ៍ ខណៈមានតម្រូវការទាំងក្នុងស្រុក និងការនាំចេញ

បច្ចុប្បន្នផលិតផលផ្កាអំបិលកំពត-កែប ត្រូវបានគេមើលឃើញថាកំពុងមានតម្រូវការទំាងទីផ្សារក្នុងស្រុក និងការនាំចេញ ស្របពេលដែលអ្នកប្រើប្រាស់ផ្ទាល់ក៏បានទទួលស្គាល់ថាបរិភោគទៅមានគុណភាពល្អ និងជំនួយសុខភាពរាងកាយ។

ជាមួយគ្នានេះ ផ្កាអំបិលកំពត ត្រូវបាននគេសិក្សាថាមានកំរិត ផ្ទុកសារធាតិចិញ្ចឹមខ្ពស់ រហូត ដល់ ៧០ មុខជាង ដែលវាផ្តល់សារប្រយោជន៍ចាំបាច់បំផុតសម្រាប់សារពាង្គកាយមនុស្សយើងត្រូវការដែលអំបិលរ៉ែ ឬ អំបិលរោងចក្រពុំអាចប្រៀបផ្ទឹមបាន ដោយសារផ្កាអំបិលជាប្រភេទអំបិលសមុទ្រ ដែលអណ្តែតលើផ្ទៃទឹក ទាល់តែមានខ្យល់ ពន្លឺព្រះអាទិត្យ កម្តៅ ទាំងបីបញ្ជូលគ្នា ទើបមានផ្កាអំបិល។

ទាក់ទិននឹងផលិតផលផ្កាអំបិលកំពតនេះ លោក ប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប បានមានប្រសាសន៍ឲ្យដឹងថា ការអំណោយផលផ្នែកអាកាសធាតុនេះបានធ្វើឲ្យចំនួនអ្នកផលិតផ្កាអំបិលកើនឡើង ដែលអាចជួយពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

បន្ថែមពីនេះ លោកក៏បានបញ្ជាក់ប្រាប់ពីរបៀបបង្កើតផ្កាអំបិលផងដែរ ដែលតម្រូវឲ្យមានលក្ខខណ្ឌបីដើម្បីបង្កើតផ្កាអំបិលបាន។ ជាដំបូងយើងត្រូវមានកម្តៅ ន្លឺព្រះអាទិត្យ និងខ្យល់ បើសិនជាអត់មានលក្ខខណ្ឌបីហ្នឹងទេ ផ្កាអំបិលមិនអាចធ្វើបានទេ។ ហើយជាទូទៅផ្កាអំបិលដែលចាប់ផ្ដើមកកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល ។ រាល់ការប្រមូលផលយើងប្រមូលវានៅលើផ្ទៃទឹក គឺយើងប្រមូលវាថ្នមថ្នមបំផុតដោយប្រើស្បៃ ប្រើដៃ កន្ទ្រង សម្រាប់ត្រង់។ ហើយរយៈពេលនៃការប្រមូលដែលល្អ គឺចន្លោះម៉ោង ២ រហូតដល់ ម៉ោង៣រសៀលបើហួសពីនឹងវានឹងធ្លាក់ចុះក្រោមក្លាយជាអំបិលគ្រោះ ។

តាមរយៈលោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត បានឲ្យដឹងដែរថា ការផ្កាអំបិល ដែលប្រជាកសិករផលិតបាន​ វាពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែសម្រាប់ការផលិតក៏វាពិបាកដែរ ដែលទាមទារឲ្យអ្នកផលិតមានចិត្តអំណត់ ឧស្សាហ៍ ហើយចំណាយពេលវេលាយូរ។

លោកក៏បានបន្ដថា រាល់ការផលិតផ្កាអំបិលសុទ្ធតែត្រូវធ្វើឡើងតាមផែនការកំណត់ ឬការបញ្ជាទិញរបស់ឈ្នួញ ព្រោះកាលណាផលិតផ្កាអំបិលច្រើនពេកក៏អាចធ្វើឲ្យប៉ៈពាល់ដល់ផែនការ ផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរពោលគឺមិនគ្រប់តាមផែនការ១០ម៉ឺនតោនក្នុងមួយឆ្នាំ។

ដោយឡែក ផលិតផលផ្កាអំបិលរបស់កម្ពុជា ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនរួមមានដូចជាប្រទេសជប៉ុន ស្វីស និងកាណាដា ក្នុងរង្វង់ជិត១តោន ក្នុងមួយឆ្នាំ ដោយតម្លៃនាំចេញក្រោម១០ដុល្លា ក្នុង១គីឡូក្រាម ខណៈលក់ក្នុងទីផ្សារក្នុងស្រុកមានតម្លៃជាង ១៥ ដុល្លារ។

គួរបញ្ជាក់ផងដែរ ឆ្នាំនេះការផលិតផ្កាអំបិល គឺទទួលបានទិន្នផលល្អ ជាងឆ្នាំមុនៗ ដោយសារតែអាកាសធាតុអំណោយផលល្អតាំងពីដើមឆ្នាំ នេះបើយោងតាមសម្ដីរបស់ប្រជាកសិករដែលបង្កើតផលិតផលផ្កាអំបិលនេះផ្ទាល់តែម្ដង៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភព៖ info.gov.kh