ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅសម្រេចបាន ៤១ភាគរយហើយ

ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការរដ្ឋានទាំងមូលសម្រេចបាន ៤១ភាគរយហើយ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រកាសឱ្យប្រជាពលរដ្ឋយោគយល់ពីការពង្វាងចរាចរនៅតំបន់នេះ ក្នុងរយៈពេល ២ខែ ដោយចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹករហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ក្រោយពីផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចរាល់នោះ ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងសូមធ្វើការពង្វាងចរាចរតាមតម្រាយផ្លូវមួយចំនួនផងដែរ។ ចំពោះយានយន្តដែលធ្វើដំណើរក្នុងទិសដៅចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤គឺ៖ ក្នុងដំណើរទិសដៅទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវបត់ឆ្វេងពីមុខការដ្ឋានទៅដងផ្លូវជាតិលេខ ៤ដែលមាន ២គន្លងចរាចរបង្កើតថ្មី។ ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរតម្រង់មកដល់រង្វង់មូលចោមចៅរួចបន្តឆ្ពោះទៅផ្លូវវេងស្រេង។ ក្នុងដំណើរទៅផ្លូវជាតិលេខ ៣ត្រូវធ្វើដំណើរត្រង់មកដល់ស្តុបរង្វង់មូលចោមចៅរួចបត់ស្ដាំមកផ្លូវជាតិលេខ ៣ ។

ទន្ទឹមនឹងនេះ យានយន្តដែលធ្វើចរាចរក្នុងទិសដៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ គឺ៖ ក្នុងដំណើរទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវធ្វើដំណើរមកដល់អតីតរង្វល់មូលចោមចៅរួចធ្វើដំណើរទៅត្រង់ជាធម្មតា។ ក្នុងដំណើរបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ ៤ត្រូវធ្វើដំណើរមកអតីតរង្វង់មូលចោមចៅរួចបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ ៤ ។ ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរមកដល់អតីតរង្វង់មូលចោមចៅរួចបត់ស្ដាំទៅផ្លូវវេងស្រេង។

រីឯយានយន្តដែលធ្វើដំណើរក្នុងទិសដៅចេញពីរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ីគឺ៖ ក្នុងដំណើរទៅផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅតាមដងផ្លូវជាតិលេខ ៤ មកដល់ទីតាំងខាងចុងការដ្ឋានបត់ឆ្វេងនៅ ពេលមកដល់ទីតាំងតិចដាក់រង្វង់មូលចោមចៅត្រូវបត់ស្ដាំមកផ្លូវជាតិលេខ ៣ ។ យានយន្តក៏អាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីមហាផ្លូវហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិនៅខាងកើតសាល សង្កាត់ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ ៣ក៏បាន។ ក្នុងដំណើរទៅផ្លូវវេងស្រេងត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅតាមដងផ្លូវជាតិលេខ ៤មកដល់ទីតាំងខាងចុងការដ្ឋានត្រូវបត់ឆ្វេង រួចបន្តដំណើរឆ្ពោះទៅផ្លូវវេងស្រេង។

ដោយឡែក យានយន្តដែលធ្វើដំណើរក្នុងទិសដៅពីផ្លូវវេងស្រេងគឺ៖ ក្នុងការធ្វើដំណើរឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ីត្រូវធ្វើដំណើរត្រង់មកដល់ទីតាំងអតីតរង្វង់មូលចោមចៅ រួចបត់ស្ដាំផ្លូវក្រោមដីឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី។ក្នុងដំណើរទៅកាន់ផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរមកកាន់ទីតាំងរង្វង់មូលចោមចៅ រួចហើយ ត្រូវបត់ស្ដាំបន្ទាប់ពីធ្វើដំណើរបានចម្ងាយប្រមាណ ២០ម៉ែត្រ ត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ៤។ ក្នុងដំណើរទៅផ្លូវជាតិលេខ ៣ត្រូវធ្វើដំណើរ មកដល់អតីតរង្វង់មូលចោមចៅរួចហើយត្រូវបត់ស្ដាំបន្ទាប់ពីធ្វើដំណើរបានចម្ងាយ ២០ម៉ែត្រត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ ៤នៅពេលមកដល់ចុងការដ្ឋានត្រូវបត់ឆ្វេងឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣ ។ យានយន្តអាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីរមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិនៅខាងកើតសាលាសង្កាត់ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ ៣ ក៏បាន។

បន្ថែមពីនេះ រដ្ឋាភិបាលក៏បានស្នើរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមសហការដោយក្តីអនុគ្រោះ ខណៈស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋាភិបាលខណ្ឌពោធិ៍សែនជ័យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវចូលរួមសហការអនុវត្តន៍សេចក្តីជូនដំណឹងនេះ ដើម្បីប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ ទាក់ទិននឹងប្លង់ពង្វាងចរាចរខាងលើគឺត្រូវបានដាក់បង្ហាញនៅទីតាំងការដ្ឋានតែម្ដង៕

ដោយ៖ ស្រីពេជ្រ