ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១ ក្រោយសម្រេចបាន ៧៤%

បច្ចុប្បន្ន  ការស្ថាបនាឡើងវិញ របស់ផ្លូវជាតិលេខ ៣ ភ្នំពេញ-ក្រុងកំពត ជាង ១០០គីឡូម៉ែត្រ សម្រេចបាន ៧៤% ហើយ ខណៈគម្រោងនេះ ត្រូវចំណាយថវិកា ប្រមាណជាង ២១៩,៩១១ លានដុល្លារ ។ នេះបើយោងតាមក្រសួងសាធារណលារ និងដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា៖ «ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ តើថាស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរតាមផ្លូវនេះ»។​​

ចំពោះគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ ពីចោមចៅ រាជធានីភ្នំពេញ ទៅបែកគុស ខេត្តកំពតប្រវែង ៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៩ សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ៦៤,៩២៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

ដោយឡែក គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន។

គួរជម្រាបផងដែរ តាមពិតទៅគម្រោងសាងសងមួយនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ដោយចំណាយពេល ៤៨ ខែ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ ខែទៀតពោលគឺនៅចុងឆ្នាំ ២០២១ ខាងមុខនេះ៕

ដោយ៖ ស្រីពេជ្រ