ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ដល់ខេត្តកំពង់ចាម នឹងពង្រីកពី ២គន្លងទៅ ៤គន្លង ក្នុងពេលឆាប់ៗនេះ

យោងតាមរយៈ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នក្រសួងបាននឹងកំពុងសិក្សាស្រាវជ្រាវអំពីការពង្រីកផ្លូវជាតិ លេខ ៧ ពីរង្វង់មូលស្គន់ ទៅខេត្តកំពង់ចាមពី ពីរគន្លងទៅបួនគន្លង។

ថ្លែងក្នុងពិធីជួបសំណេះសំណាល មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០   ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងកំពុងសិក្សាពីការពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុននឹងសម្រេចដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។ ជាពិសេស ក៏បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាអំពាវដល់បងប្អូនប្រជាពលរដ្ឋ កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រោះការដឹកជញ្ជូនលើសទម្ងន់កំណត់ជាកត្តាធ្វើឱ្យផ្លូវខូចមុនអាយុកាល។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទាក់ទិនអំពីសារៈសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងបានទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគិនពីបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។ ខណៈជំរុញលើកទឹកចិត្តមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំឲ្យបន្ដខិតខំប្រឹងប្រែងផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរីករាយក្នុងការមកទទួលយកសេវាសាធារណៈចាំបាច់ទាំងនោះ៕

ដោយ៖ ស្រីពេជ្រ