ផ្លូវ​មេ​ចំនួន ​៣៨ ​ខ្សែ​ ត្រូវ​បាន​សិក្សាដើម្បី​​ត្រៀមលើកកម្ពស់​វិស័យសេដ្ឋកិច្ច​ទីក្រុង​សៀម​រាប

បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ ខ្សែ ដែលមានប្រវែងសរុប ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប កំពុងត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាប។

ចំពោះគម្រោងផ្លូវនេះ នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង។

ឆ្លៀតក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២០  ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។ ហើយរាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានបន្ដថា គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

គួរបញ្ជាក់បន្ថែម គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា៕

ដោយ៖ ស្រីពេជ្រ

 

 

SHARE