ផ្សារទំនើបខ្នាតយក្ស អ៊ីអនម៉ល ៣ ចាប់ផ្ដើមហ៊ុមព័ទ្ធរបងត្រៀមសាងសង់ជាផ្លូវការហើយ នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ

បច្ចុប្បន្ន ផ្សារទំនើប និងអាគារប្រណីតខ្ពស់ៗ ជាច្រើន ត្រូវបានវិនិយោគ​ ហើយសាងសង់ជាបន្ដបន្ទាប់ឥតដាច់ ក៏ដោយសារតែមើលឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង។  នាពេលថ្មីៗ នេះផងដែរ ផ្សារទំនើប អ៊ីអនម៉ល ៣ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើការសាងសង់កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ បានហ៊ុមព័ទ្ធរបងជុំវិញ ដើម្បីត្រៀមខ្លួនចាប់ផ្ដើមសាងសង់បណ្ដើរៗហើយ។

បើតាមលោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA កាលពីពេលកន្លងបានឲ្យដឹងថា៖ វត្តមានរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគនៅកម្ពុជា បានបង្ហាញឲ្យឃើញថាបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ”។ លោកក៏បន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ តែបើពួកគេសម្រេចចិត្តជ្រៀតចូលប្រទេសណាហើយ នោះបានន័យថាប្រទេសនោះមានស្ថានភាព នយោបាយល្អ និងបរិយាកាសវិនិយោគដែលអាចផ្តល់ភាព​កក់ក្តៅដល់ពួកគេហើយ”។

ដោយឡែក ទាក់ទិននឹងផ្សារទំនើប អ៊ីអនម៉ល ៣ នេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “ការចាប់ផ្ដើមនៃគម្រោងមួយនេះ នឹងជួយផ្តល់កម្លាំងជំរុញ និងទាក់ទាញវិនិយោគិនមកបង្កើតគម្រោងសាងសង់ជាច្រើនទៀតនៅក្នុងតំបន់នេះបន្ថែមទៀត”។

តាមរយៈការលើកឡើងរបស់ក្រុមហ៊ុនវិនិយោគផ្សារទំនើប អ៊ីអនម៉ល ផ្ទាល់បានឲ្យដឹងថា គម្រោង អ៊ីអនម៉ល ៣ នេះ នឹងមានទំហំធំជាងផ្សារទី១ និងទី២ ហើយគ្រោងនឹងបោះទុនវិនិយោគ​រហូតដល់ ប្រមាណ ៣០០លានដុល្លារអាមេរិកឯណោះ។ បើតាមផែនការមេ របស់ក្រុមហ៊ុនវិនិយោគ ផ្សារទំនើបនេះ គ្រោងនឹង​សាងសង់​ផ្សារទំនើប អ៊ីអនម៉ល ចំនួន៤ ទីតាំងធំៗដែលស្ថិតនៅតំបន់ផ្សេងៗគ្នា។

ជាមួយគ្នានេះ ផ្សារទំនើប អ៊ីអនម៉ល ១ មានទំហំ ៦៨,០០០ ម៉ែតការ៉េ ត្រូវបានបើកជាផ្លូវការក្នុងឆ្នាំ ២០១៤ ខណៈចំណាយថវិកាអស់ ២០៥ លានដុល្លារក្នុងការសាងសង់ និងមានទីតាំងស្ថិតនៅលើមហាវិថីសុធារស់ ខណ្ឌចំការមន ជិតតំបន់កោះពេជ្រ។ រីឯផ្សារទំនើប អ៊ីអនម៉ល ២ មានទំហំ ៨៥,០០០ ម៉ែត្រការ៉េ មានតម្លៃ ១២០ លានដុល្លារ និងត្រូវបានបើកជាផ្លូវការនៅឆ្នាំ ២០១៨ នៅខណ្ឌសែនសុខ ភាគខាងជើងនៃរាជធានី។

ចំពោះផ្សារទំនើប អ៊ីអនម៉ល ៣ វិញ នឹងមានកម្ពស់ ៥ ជាន់ រួមជាមួយទំហំ ១៧០,០០០ ម៉ែត្រការ៉េ និងកន្លែងចតឡានដ៏ធំទូលាយ។ ចំពោះទីតាំងវិញ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចហ៊ុនសែនដែលហៅថាផ្លូវ ៦០ ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយមានទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី នៃរាជធានីភ្នំពេញ។

មែនទែនទៅ ការជ្រើសរើសទីតាំងខាងលើសម្រាប់សាងសង់ផ្សារខ្នាតយក្សមួយនេះ គឺដោយសារតំបន់នោះមានការអភិវឌ្ឍន៍យ៉ាងកុះករដូចជាការបង្កើតសាលារៀនអន្តរជាតិ លំនៅដ្ឋាន និងខុនដូជាដើមដែលទាំងអស់នេះនឹងទាក់ទាញចំនួនប្រជាពលរដ្ឋទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។ សម្រាប់រយៈពេលក្នុងការសាងសង់នឹងចំណាយពេលប្រហែល ២៧ ខែ ហើយផ្សារមួយនេះត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ ​​ក្រុមហ៊ុនវិស្វកម្មសំណង់កូរ៉េ Hyundai នឹងទទួលខុសត្រូវលើគម្រោងសាងសង់ផ្សារ “អ៊ីអនម៉ល ៣” ដែលជាផ្សារចែកចាយដ៏ធំជាងគេមួយ របស់ជប៉ុន ជាមជ្ឈមណ្ឌលលក់ទំនិញជាង ២០០ កន្លែងនៅជុំវិញពិភពលោក និងត្រៀមនាំជូនមកនូវផ្សារទំនើបខ្នាតយក្សដែលមានរូបរាងយ៉ាងប្រណីតប្លែកភ្នែក បន្ទាប់ពីបញ្ចប់ការសាងសង់នាពេលខាងមុខ៕

ដោយ៖ ស្រីពេជ្រ