ពាក់កណ្ដាលឆ្នាំ ២០២០ នេះ ភ្ញៀវទេសចរបរទេសជិត ៤០ ម៉ឺននាក់ ចូលមកទស្សនាអង្គរបានចំណូលជាង ១៨ លានដុល្លារ

គិតចាប់ពីខែ មករា ដល់ ខែ មិថុនា នេះ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​គឺទទួលបានប្រមាណជាង ១៨ លានដុល្លារ ណៈមានភ្ញៀវទេសចរបរទេសចំនួន ៣៨៧, ៨៤០នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៦៨.៨៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​​អង្គរ​សៀមរាប នាថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០នេះ ។​

យោង​តាមរយៈសេចក្ដីប្រកាសដដែលបាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ​​មាន​​​ចំនួន ១៨,០៩២,៥៥០ ដុល្លារ ធ្លាក់ចុះ ៦៧.៥៤% ​បើ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។

ដោយឡែក សម្រាប់ក្នុងខែ មិថុនា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១,៧៤៧នាក់ បានចូលទស្សនាអង្គរ បានចំនួន ៧១,២១៩ ដុល្លារ ធ្លាក់ចុះជាង ៩៨ ភាគរយ។

បន្ថែមពីនេះ គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល  ៦ខែ ក្នុងឆ្នាំ ២០២០ មានចំនួន ៨,៥៤៤នាក់ បានចំណូល ៨៥,៤៤០ ដុល្លារ។ រីឯសម្រាប់ចំណូលដែលបានមកការទិញសំបុត្រចូលទស្សនាអង្គរវត្តក្នុងរយៈពេល ០៦ ខែ ក្នុងឆ្នាំ ២០២០ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនសរុប ៧៧៥,៦៨០ ដុល្លារ។

គួរបញ្ជាក់ ចំពោះកត្ដាដែលធ្វើឲ្យមានការធ្លាក់ចុះភ្ងៀវទេសចរនោះគឺបណ្ដាល់មកពីការរីករាលជាសាកលនៃជំងឺកូវីត​ ១៩ ដែលធ្វើឲ្យមនុស្សជាច្រើនខ្លាចរអាមិនហ៊ានចេញដើរទៅណាផ្ដេសផ្ដាស់។ ហើយមិនមែនតែ កម្ពុជា នោះទេដែលទទួលរងផលប៉ះពាល់ សូម្បីតែបណ្ដាលប្រទេសធំៗ ដែលជាមហាអំណាចផ្នែកសេដ្ឋកិច្ចជាច្រើនក៏ជួបនឹងបញ្ហាទាំងអស់នេះដូចគ្នា៕

ដោយ៖ ស្រីពេជ្រ