ពាក់កណ្ដាលឆ្នាំ ២០២០ នេះ កម្ពុជា នាំចេញចេកអំបូងលឿងស្រស់សម្រេចបានជិត ១៥ ម៉ឺនតោន

បើ​តាម​ការបញ្ជាក់របស់ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានឲ្យដឹងថា កម្ពុជា​ សម្រេចការនាំចេញចេកអំបូងលឿងស្រស់បាន ១៤៧ ៧៦០ តោន ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ ដែលកើនឡើងប្រមាណ ១៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

តាមរយៈ លោករដ្ឋមន្ដ្រីក៏បានឲ្យដឹងទៀតថា ​ ចេកអំបូង​លឿង​នេះជាដំណាំមួយដែលអាចមាន​សក្ដានុពល​ខ្ពស់​​នៅ​កម្ពុជា​ទៅ​ថ្ងៃមុខ​។ រីឯការនាំចេញ​ចេក​ជា​ផ្លូវការរបស់ កម្ពុជា ក៏​កំពុង​មាន​កំណើន​ខ្ពស់​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយគុណភាព​ចេកអំបូង​លឿង​របស់​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម ​បាន​ធ្វើឲ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ កើនឡើង​ជា​លំដាប់ ជាពិសេស​ក្នុង​ឆ្នាំ​ ២០២០ នេះ​។

លោក​បន្ថែមថា កំណើន​នាំចេញ​ខ្ពស់​នាពេល​នេះ គឺ​ដោយសារ​ការខិតខំ​របស់​អាជ្ញាធរ​ក្នុង​ការអប់រំ​បណ្តុះបណ្តាល​ប្រជាកសិករ និង​ក្រុមហ៊ុន​វិនិយោគ​ពី​បច្ចេកទេស​នៃ​ការដាំដុះ ព្រម​ជាមួយ​នឹង​ការខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ពី​គុណភាព និង​សក្តានុពល​របស់​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​។

ជាមួយគ្នានេះ ​ទីផ្សារសំខាន់ៗ របស់ ចេកអំបូងលឿងស្រស់ កម្ពុជា រួមមានដូចជា ប្រទេសចិន វៀតណាម និងជប៉ុនជាដើម។ បន្ថែមពីនេះ កាលពីចុងឆ្នាំ ២០១៩ រដ្ឋាភិបាលចិន ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនដាំដុះដំណាំចេកអំបូងលឿង នៅកម្ពុជាចំនួន ៤ ថែមទៀត អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិន បន្ទាប់កាលពីកន្លងមកបានអនុញ្ញាត ៥ ក្រុមហ៊ុនរួចមកហើយនោះ ដែលគិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៩ហើយ មានសិទ្ធិនាំចេញចេកទៅប្រទេសចិន។

តាម​ការ​ព្យាករ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម កម្ពុជា​នឹង​អាចលទ្ធភាព​ផលិត​ចេកអំបូង​លឿង​បាន​ប្រមាណ ១​លាន​តោន នៅ​ឆ្នាំ​២០៣០ ​។ បែបនេះហើយ កម្ពុជា​នៅសល់​សក្ដានុពល​ច្រើនណាស់ ក្នុងការទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ជាពិសេស​មកពី​ប្រទេស​ចិន​ក្នុង​ការបញ្ជាទិញ​ផលិតផល​កសិកម្មរបស់​កម្ពុជា​​។

សូមបញ្ជាក់ ចេកអំបូង​លឿង​ជា​ប្រភេទ​ចេក​ដែល​មាន​ភាព​ធន់​ជាមួយ​ការដឹកជញ្ជូន​មិន​ងាយ​ទុំជោរ និង​មាន​សម្បក​ក្រាស់​។ ​ចេក​ប្រភេទ​នេះ​អាច​ផ្តល់​ផល​ពី ៦០-៧៣ ​តោន​ក្នុង ១ ​ហិកតា​ក្នុង ១ ​ឆ្នាំ​ដែល​គេ​អាច​ប្រមូលផល ៣ ​ដង​ក្នុង​រយៈពេល ២ ​ឆ្នាំ​៕

ដោយ៖ ស្រីពេជ្រ​