ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងក្លាយជាអាកាសយានដ្ឋានដែលធំជាងគេបំផុសទី 9 នៅក្នុងពិភពលោក

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មីខ្នាត 4F   ដែលកំពុងស្ថិត​នៅក្នុងការ​សាងសង់ នៅក្រុងតាខ្មៅ និងស្រុកក​ណ្តាលស្ទឹងខេត្ត​កណ្តាល  ត្រូវបានគេរំពឹងថានឹង​ក្លាយខ្លួនជា​អាកាសយានដ្ឋាន​ធំជាងគេ​លំដាប់​ទី ៩ នៅលើ​ពិភពលោក​បន្ទាប់ពី​សាងសង់រួចក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

យោងតាម អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប  និង OCIC ធ្លាប់បាន​ប្រាប់កាលពី​កន្លងមកទាក់ទិននឹងគម្រោងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី យ៉ាងដូច្នេះថា៖ «អាកាសយាននេះនឹងត្រូវបានសា​ងសង់លើផ្ទៃដី​ទំហំជាង ២៦០​០ហិចតា ក្នុងទំហំទឹកប្រា​ក់ជាង ​១៥០០ លា​នដុល្លារ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣»។

លោកក៏បានបន្ដថា «អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មីនេះ នឹងមាន​សមត្ថភាពផ្ទុក​យន្តហោះ​ដឹកទំនិញ​ធុន​ធំ និង​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់ ២៧ លាន​នាក់​នៅ​ឆ្នាំ ២០៣០ និង​អ្នកដំណើរ ៣០ លាន​នាក់​នៅ​ឆ្នាំ ២០៥០ នៅពេល​បញ្ចប់ការសាងសង់។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងជួយជំរុញសកម្មភាពនៅតំបន់នោះឲ្យកាន់តែមានសកម្មភាព និងអាចផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្បែរនោះផងដែរ»។

ជាមួយគ្នានេះ បច្ចុប្បន្នរដ្ឋាភិបាល​កម្ពុជា​បាននឹងកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យសំខាន់ៗ ជាច្រើន ដែល​ក្នុងនោះ​វិស័យ​អាកាសចរណ៍​ស៊ីវិល ក៏​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​ផងដែរ។

ដោយឡែក ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន ១០ ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន ៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។ មែនទែនទៅ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ នៅលើ​ពិភពលោក។

គួររំលឹកផងដែរ​ គម្រោ​ងសាងសង់ព្រលា​នយន្តអន្តរ​ជាតិភ្នំពេ​ញថ្មីនេះ ត្រូវបានប្រ​កាសឡើង នៅក្នុ​ងដំណើរទេ​ស្សនកិច្ចរបស់​លោកនាយករដ្ឋ​មន្ត្រីចិន លី ខឺឈាង មកកាន់​ប្រទេស​កម្ពុជា កាលពីអំឡុ​ង​ខែ មករា ឆ្នាំ ២០១៨ និងបានចាប់ផ្ដើមដំណើរការសាងសង់កាលពីចុងឆ្នាំ ២០១៩៕

ដោយ៖ ស្រីពេជ្រ