ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀតគ្រោងបង្កើតនៅក្បែរទីរួម ខេត្តកោះកុង ខណៈព្រលាននៅតារាសាគរ សម្រេចបាន ៦០ ភាគរយ

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ទៅធ្វើដំណើរទៅកាន់ខេត្តកោះកុង អភិបាលខេត្តកោះកុង ត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកកន្លែងទៀតនៅក្បែរទីរួមខេត្តកោះកុង។ មែនទែនទៅ គម្រោងបង្កើតព្រលានយន្តហោះអន្តរជាតិខេត្តកោះកុងនេះ បានធ្វើឡើងស្របពេលដែលខេត្តនេះត្រូវបានមើលឃើញថាកាន់តែទទួលបានកំណើនភ្ញៀវទេសចរ និងវិនិយោគិនកាន់តែច្រើនឡើងៗ ដោយសារតែខេត្តកោះកុងមានសក្តានុពលវិនិយោគទំាងពាណិជ្ជកម្ម និងទេសចរណ៍។
ទន្ទឹមនឹងនេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ បច្ចុប្បន្នយើងកំពុងតែសិក្សាទៅលើទីតំាង និងផលប៉ៈពាល់ផ្សេងៗ សម្រាប់ព្រលានយន្តហោះអន្តរជាតិថ្មីនៅឃុំ តាតៃស្រុក ក្នុងខេត្តកោះកុង។ ហើយផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិនេះ មានតួនាទីសំខាន់ណាស់ដែលជួយលើកកម្ពស់វិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ខណៈដែរខេត្តនេះកំពុងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើន។ បន្ថែមពីនេះ លោកជំទាវបានបញ្ជាក់ថា ការរៀបចំទីតាំងដំបូងនោះគឺគៀកនៅជិតទីរួមខេត្តពេក ការសិក្សាផលប៉ះ ពាល់ទៅ មានផលប៉ះពាល់ទើបមានការផ្លាស់ប្តូរ អញ្ចឹងហើយត្រូវការពេលវេលារៀបចំគម្រោងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ទើបអាចកំណត់ពេលវេលាបាន។
ឆ្លៀតនៅក្នុងឱកាសនេះផងដែរ លោកជំទាវក៏បានលើកឡើងអំពី ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគព្រលានយន្ដហោះនៅតារាសាគរ ថាបច្ចុប្បន្នកំពុងតែពន្លឿនការសាងសាង់ព្រលានយន្តហោះអន្តរជាតិនៅទីនោះ ខណៈសម្រេចបានជាង ៦០ ភាគរយហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១ ខាងមុខ ។ ហើយក៏បានច្រានចោលនូវពាក្យចចាមអារាមថា ព្រលានយន្ដហោះនេះនឹងបម្រើឲ្យវិស័យយោធានោះ គឺមិនពិតឡើយ ពីព្រោះតំបន់នោះគឺជាតំបន់វិស្សមកាលទេសចរណ៍ដែលរៀបចំឡើងដើម្បីបម្រើលើវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម ឧស្សាហកម្ម និងដឹកជញ្ជូន តែប៉ុណ្ណោះ។
ចំពោះអាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ត្រូបានវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ដែលនឹងបញ្ចប់ដំណាក់កាលទី ១ នៅខែធ្នូ ឆ្នាំ២០២០ វិនិយោគទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍។
គួរបញ្ជាក់ កាលពីឆ្នាំ ២០១៩ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរចំនួន ៣០ ម៉ឺននាក់ ដែលកើនឡើង ពី១៥ ទៅ ២៥ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ហើយខេត្តមួយនេះនឹងត្រូវបានគេរំពឹងថាអាចនឹងទាក់ទាញភ្ងៀវទេសចរកាន់តែច្រើន ក្រោយព្រលានយន្ដហោះទាំងពីរនេះសាងសង់រួច និងដាក់ឲ្យដំណើរការនាពេលខាងមុខ៕
ដោយ៖ ស្រីពេជ្រ