ព្រះបាទមហាវិជ្ជរ៉ាឡុងកន គឺជាព្រះមហាក្សត្រដែលមានជាងគេនៅក្នុងពិភពលោក

ព្រះបាទមហាវិជ្ជរ៉ាឡុងកន គឺជាព្រះមហាក្សត្រថ្មី សោយរាជ្យនៅក្នុងព្រះរាជាណាចក្រថៃ នាពេល​បច្ចុប្បន្ន​នេះ។ ព្រះអង្គជាបុត្រាតែមួយអង្គគត់ក្នុងចំណោមបុត្រ៤អង្គរបស់អតីតព្រះមហាក្សត្រ ភូមិ​បុន អាឌុនយ៉ាដេត ឬរាមាទី៩ ដែលបានគ្រងរាជសម្បតិ្តអស់រយៈពេល៦៦ឆ្នាំ ជាមួយ​នឹ​ង​មហា​ក្សត្រី សិរិកេត។ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ១៩៥២ នៅក្នុងព្រះបរមរាជវាំង នៃ​ទីក្រុ​ងបាំងកកប្រទេសថៃ។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ព្រអង្គបានឡើងគ្រងរាជ្យជាផ្លូវការ ជាព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រថៃ នៅក្នុងព្រជន្ន៦៦ព្រះវស្សា ដែលបានស្នងរាជ្យពីព្រះបិតារបស់ព្រះអង្គដែលបាន​យាងសោយទិវង្គតកាលពីឆ្នាំ២០១៦។ ពិធីឡើងគ្រងរាជសម្បតិ្តនោះ បានប្រព្រឹត្តិធ្វើទៅ​រយៈ​ពេល​៣ថ្ងៃ ទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះរាជវង្សចក្រី របស់ថៃ។

ព្រះមហាវិជ្ជរ៉ាឡុងកន កាលនៅជាព្រះរាជកុមារ ព្រះអង្គបានចូលរៀននៅសាលា​ក្នុង​ទីក្រុង​បាំ​ង​កក។ ក្រោយមក បន្ទាប់ពីចំរើនវ័យបាន១៣ព្រះវស្សា ព្រះអង្គត្រូវបានបញ្ជូនទៅសិក្សានៅក្នុង​ចក្រភព​អង់គ្លេសរយៈពេល៥ឆ្នាំ និងបានទៅសិក្សានៅសាលាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី រយៈ​ពេល​​​១ឆ្នាំផងដែរ។ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ ព្រះអង្គបានសិក្សាបន្ដ៤ឆ្នាំទៀតនៅសាលា​យោធា Royal Military College នៅក្នុងទីក្រុង Canberra និងបានទទួលសញ្ញាបត្រ ផ្នែក​យោធា​ពី​​សាកលវិទ្យាល័យ New South Wales នាប្រទេសអូស្ត្រាលី រួមទាំងបានទៅសិក្សានៅ​សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេ​សទៀតផង។ មិនតែប៉ុណ្ណោះ​ព្រះអង្គបានចូ​លហ្វឹកហាត់ផ្នែកយោ​ធា​នេះ​បន្ដ​ទៀត​នៅ​ក្នុង​មាតុ​ប្រទេស​​របស់ព្រះអង្គ និងបានក្លាយ​ជាមេបញ្ជាការនៃកងទ័ពថៃផងដែរ។ ព្រះ​អង្គ​មាន​ជំនា​ញ​នៅ​ក្នុង​ការប្រើប្រាស់កងទ័ព និងការបើក​បរយន្ដហោះចម្បាំង។ ទ្រង់តែងតែ​បើក​យន្ដ​ហោះ​​ប្រភេទ​​ប៊ូអ៊ីង ៧៣៧ របស់ព្រះអង្គដើម្បីធ្វើដំណើរទៅ​ក្រៅប្រទេស និងទតមើល​ទិដ្ឋភាពពី​លើ​អា​កាស​ជារឿយៗ។

មិនតែប៉ុណ្ណោះ ព្រះអង្គក៏មានចំណែកនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសដែលមានដូចជា ២៣% នៅ​ក្នុង Siam Commercial Bank និង ៣៣.៣% នៅក្នុងក្រុមហ៊ុនSiam Cement Group ដែល​ក្រុម​ហ៊ុនត្រូវបានបង្កើតឡើងដោយព្ររាជក្រឹត្យនៅក្នុងទសវត្សឆ្នាំ១៩០០។

ព្រះមហាក្សត្រថៃ ព្រះបាទមហាវិជ្ជរ៉ាឡុងកន ដែលត្រូវបានគេស្គាល់ថាស្ដេចរាមាទី១០ ត្រូវបា​នគេ​ចាត់ទុ​កថា ជាក្សត្រដែលមានបំផុតនៅលើលោក។ ទ្រព្យសម្បត្ដិរបស់ព្រះអង្គ ត្រូវបានគេប៉ាន់​ប្រមាណ​ថា មានប្រហែលជា៣០ពាន់លានដុលា្លអាមេរិក ទៅ៤៣ពាន់លានដុលា្លអាមេរិក។ នេះបើ​តា​មការចុះផ្សាយរបស់Reuters។

ព្រះមហាក្សត្រអង្គនេះ គឺមានជាងព្រះចៅស៊ូតង់ ហាសាណាល់ ប៊ូកៀក នៃប្រទេសប៊្រុ​យណេ​ទៅ​ទៀត ដែលមានទ្រព្យសម្បត្ដិត្រឹមតែ២៨ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយក៏មាន​ជាង​ព្រះចៅ​​​សាម៉ាន បីន អាដុល អាស៊ីស អាល់ស៊ូដ នៃរាជាណាចក្រស៊ូឌី អារ៉ាប៊ី ដែលមានតែ​១៨​ពាន់​លាន​​ដុលា្លរអាមេរិក៕

អត្ថបទដោយ៖ ឡាយ ឧត្ដម