មនុស្ស ២ប្រភេទដែលអ្នកត្រូវប្រយ័ត្នបំផុត មុនសម្រេចចិត្តឲ្យពួកគេចូលបម្រើការងារ

នៅក្នុងលោកនេះ មានមនុស្សជាច្រើនជំពូកដែលពិបាកនឹងបែងចែកចូលមកក្នុងជីវិតរបស់អ្នក។ បើទោះបីជា មានមនុស្សជាច្រើនប្រភេទក៏ដោយ ក៏អ្នកនៅតែអាចបែងចែកពួកគេបានតាមរយៈការប្រើប្រាស់វិចារណញាណរបស់អ្នក។ ខាងក្រោមនេះ ជាមនុស្ស ២ប្រភេទដែលអ្នកគួរ និងមិនគួរ យកគេមកនៅជិត៖

១. មនុស្សដែលមានគំនិតអវិជ្ជមានច្រើននៅក្នុងខ្លួន

ប្រភេទមនុស្សនេះ នឹងបង្អាក់រាល់ដំណើរការប្រព្រឹត្ដទៅនៃផែនការរបស់អ្នក។ ពួកគេចូលចិត្តគិតអ្វីដែលផ្ទុយពីការពិត ឬមើលឃើញតែរឿងអាក្រក់ៗ និងភាពមិនអាចទៅរួចនៅស្ទើរតែគ្រប់ការសម្រេចចិត្ត។

អ្នកគួរតែជ្រើសរើសមនុស្សដែលមានគំនិតសុទ្ធិដ្ឋិនិយមច្រើន។ មនុស្សដែលមានប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់សម្រេចគោលដៅរបស់ក្រុម និងផែនការរបស់អ្នក គឺជាប្រភេទមនុស្សដែលអាចលើកទឹកចិត្តខ្លួនឯង ដោយខ្លួនឯងបាន។ មនុស្សដែលមានចិត្តគំនិតវិជ្ជមានច្រើននៅក្នុងខ្លួន ចូលចិត្តសាកល្បង មិនរុញរាល នោះហើយជាបុគ្គលដែលអ្នកគួរតែជ្រើសរើស។ សំនួរសួរថា តើធ្វើបែបណាទើបដឹងថា គេជាមនុស្សដែលមានគំនិតវិជ្ជមានច្រើន?

ប្រសិនបើពួកគេ ជាមនុស្សដែលកំពុងធ្វើការឲ្យអ្នក នោះអ្នកប្រាកដជាដឹងថាតើ ពួកគេជាមនុស្សបែបណា? ប៉ុន្ដែប្រសិនបើអ្នកត្រូវជួបបេក្ខជនថ្មី នោះអ្នកត្រូវតែពិនិត្យមើលបទពិសោធន៍ការងាររបស់ពួកគេតើពួកគេយល់យ៉ាងណាចំពោះការងារចាស់របស់ពួកគេ? ឬប្រសិនបើមិនទាន់មានបទពិសោធន៍ទេ អ្នកគួរសួរថា តើអ្នកយល់យ៉ាងណាចំពោះការងារដែលអ្នកដាក់ពាក្យនេះ? នោះនៅរៀងរាល់ចម្លើយរបស់ពួកគេអ្នកនឹងអាចវាយតម្លៃបានមួយផ្នែកពីគំនិតវិជ្ជមាន និងអវិជ្ជមានរបស់ពួកគេ។

២. គួរតែជៀសវាងមនុស្សដែលបានតែ ហៃអឺ…ហៃអឺ…

អ្នកប្រាកដជាមិនចង់បាននរណាម្នាក់មកធ្វើការជាមួយអ្នក ដោយគ្រាន់តែនិយាយនូវពាក្យពិរោះ ឬអ្វីដែលអ្នកចង់ស្ដាប់នោះទេ។ មិនថា ធ្វើអ្វីក៏ដោយ ចាស់បុរាណតែងណែនាំមនុស្សឲ្យចៀសចេញឆ្ងាយពីប្រភេទមនុស្សដែលក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ពូកែវៃអែបស៊ីអប និងមនុស្សដែលពូកែខាងតែចាក់ខ្សែកណ្ដាល។ បុគ្គលប្រភេទនេះ មិននាំសេចក្ដីចម្រើនដល់អ្នក និងស្ថាប័នអ្នកនោះទេ ដោយហេតុថា ពួកគេបារម្ភជាងគេ គឺការបង្កើតកំហុសដែលប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន។ ប្រការនេះ​ វានឹងធ្វើឲ្យលទ្ធផលការងាររបស់ពួកគេវិលចុះវិលឡើង ពោលគឺទៅណាមិនរួចពីកន្លែងធ្លាប់សុខនោះទេ ឬគ្មានការបង្កើតថ្មី៕

អត្ថបទដោយ៖ ឡាយ ឧត្ដម