មនុស្ស ៣ប្រភេទដែលអ្នកមិនគួរជ្រើសគេមកធ្វើជាដៃគូជំនួញរបស់អ្នក

ការសម្រេចចិត្តជ្រើសនរណាម្នាក់ជាដៃគូជំនួញ គឺត្រូវធ្វើឡើងដោយម៉ត់ចត់ និងគិតគូរពីលក្ខណៈសម្បត្ដិរបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់៣យ៉ាងដែលអ្នកត្រូវពិចារណាមុនសម្រេចជ្រើសនរណាម្នាក់មកធ្វើការជាមួយអ្នក៖

១. កុំជ្រើសរើសដៃគូដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក

សម្រាប់ការជ្រើសរើសដៃគូអាជីវកម្ម អ្នកគួរតែពិចារណាឲ្យបានដិតដល់ចំពោះមនុស្សដែលគិតលើប្រាក់ចំណូល និងផលប្រយោជន៍ជាធំ។ អ្នកត្រូវដឹងថា​ ប្រសិនបើដៃគូជំនួញរបស់អ្នកគិតតែពីផលប្រយោជន៍ ច្រើនជាងការកសាងភាពរឹងមាំ និងនិរន្ដរភាពរបស់ក្រុមហ៊ុន ឬមិនបានគិតគូរពីគោលដៅ និងការកសាងទំនាក់ទំនងរវាងគ្នា និងគ្នា នោះមិនគួរយកគេមកធ្វើជាដៃគូទេ។ អ្នកគួរតែជ្រើសយកមនុស្សដែលមានចិត្តគំនិត និងឆន្ទៈ ចង់កសាងអាណាចក្រជំនួញមួយដ៏ធំនៅពេលអនាគតដូចអ្នក។

២. កុំចែកភាពជាម្ចាស់ទៅដៃគូដែលមានទេពកោសល្យដែលអ្នកអាចជួលបាននៅក្នុងទីផ្សារការងារ

ដើម្បីអាចឲ្យនរណាម្នាក់ក្លាយជាដៃគូជំនួញរបស់អ្នកបាន លុះត្រាតែអ្នកសម្រេចផ្ដល់សិទ្ធិជាម្ចាស់លើទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុន១ចំណែកណាមួយ ទៅមនុស្សដែលអ្នកគិតថានឹងក្លាយជាដៃគូរបស់អ្នក។ ប៉ុន្ដែអ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងគិតគូឲ្យបានច្រើនអំពីរឿងនេះ។ ឧបមាថា អ្នកត្រូវការជំនាញការគណនេយ្យម្នាក់ឲ្យមកជួយក្រុមរបស់អ្នក។ នៅពេលនោះអ្នកមានជម្រើសពីរ ទី១ គឺយកគេធ្វើជាដៃគូរបស់អ្នក ដោយផ្ដល់ភាពជាម្ចាស់ឲ្យគេ១០%នៃទ្រព្យសម្បត្ដិក្រុមហ៊ុន ដែលនឹងទទួលបានប្រាក់ចំណេញ១០% ពីការលក់។ ទី២ គឺជួលគេ ដោយចំណាយលើប្រាក់ខែរបស់គេ តែអ្នកនៅតែរក្សាបាននូវភាពជាម្ចាស់១០០%។ តើអ្នកនឹងជ្រើសមួយណា?

៣. ត្រូវប្រាកដថា ដៃគូរបស់អ្នកមានការសប្បាយចិត្តក្នុងការចំណាយពេលធ្វើការជាមួយអ្នក

ចំណុចសំខាន់មួយទៀត នៃការជ្រើសរើសនរណាម្នាក់ជាដៃគូ គឺភាពចុះសម្រុងគ្នា។ ដៃគូល្អ គឺជាក្រុមមនុស្សដែលចូលចិត្ដធ្វើការជាមួយគ្នា និងចេះជួយគ្នាទៅវិញទៅមក។ អ្នកគួរតែស្វែងរកមនុស្សដែលមានលក្ខណៈប្រហាក់ប្រហែលអ្នក និងមានសមត្ថភាពកម្រិតប្រហាក់ប្រហែលអ្នកដែរ ឬត្រូវតែមានជំនាញផ្សេងគ្នាដែលអាចជួយគ្នាទៅវិញទៅមកបាន។ ធ្វើជាដៃគូ​នឹងគ្នា អ្នកចាំបាច់ត្រូវជួបប្រជុំគ្នាជាញឹកញាប់ ប្រសិនបើគេមិនមានអារម្មណ៍ល្អ មិនចូលចិត្តអ្នក ឬមិនចង់ជួបអ្នកនោះ តើអ្នកអាចជ្រើសគេមកធ្វើជាដៃគូបានដោយរបៀបណា?

ជារួមមក ការសម្រេចជ្រើសនរណាម្នាក់ជាដៃគូជំនួញ គឺជាការដែលត្រូវធ្វើការថ្លឹងថ្លែងឲ្យបានច្រើន ជៀសវាងធ្វើឲ្យមានបញ្ហានៅពេលដែលអនុវត្ដការងារ។ ការគិតពិចារណាអំពីសមត្ថភាពដែលអ្នកមិនអាចជួលបាននៅក្នុងទីផ្សារ និងភាពអត់ធ្មត់របស់គេ គឺជាលក្ខណៈវិនិច្ឆ័យដែលអ្នកគួរពិចារណា៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE