មហាត្មៈគន្ធី៖ អំណាច គឺបង្ហាញឡើងតាមរូបភាពពីរបែប គឺផ្ដល់នូវភាពភ័យខ្លាច និងក្ដីស្រឡាញ់

មហាត្មៈគន្ធីត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាឥស្សរជនឆ្នើម និងពូកែបំផុសគំនិត​ដ៏​ល្អ​សម្រាប់​អប់រំមនុស្ស​បំផុត​មួយនៅក្នុងប្រវត្តិសាស្ត្រ។ ​ស្ទើរតែពេញមួយជីវិតរបស់គាត់នៅអាហ្វ្រិក​ខាង​​ត្បូង​​ ​និងឥណ្ឌា។ មហាត្មៈ គន្ធី​គឺជាអ្នកធ្វើយុទ្ធ​នាការ​ដោយមិ​នខ្លាច​ញញើត​ដើម្បីសិទ្ធិ​ និង​សេចក្តី​​ថ្លៃថ្នូរ​​របស់មនុស្សទាំងអស់ដោយប្រើការលើកកម្ពស់អហិង្សា និងប្រឆាំងនឹងការប្រើហិង្សា​ដែល​ជាឧបករណ៍​​ដើម្បីឈ្នះ​ដួងចិត្តរបស់មនុស្សរាប់លាននាក់ និងបានបន្សល់​ទុកនូវគំរូ​ដល់ល្អ    ស​ម្រាប់​​ពិភព​លោក​ទាំ​ង​​​​មូ​​ល។

លោកធ្លាប់បានលើកឡើងថា “អំណាចអាចស្ដែងឡើងតាមរូបភាពពីរបែប៖ ទី១ គឺផ្ដល់ឲ្យអ្នកដទៃនូវការភ័យខ្លាចនូវការទទួលរងទណ្ឌកម្ម ឬខ្លាចនូវការប្រព្រឹត្ដខុស ហើយទី២ គឺផ្ដល់ឲ្យអ្នកដទៃនូវមេត្ដាធម៌ និងក្ដីស្រឡាញ់ ដែលជាអំណាចមួយដ៏ប្រសើរ និងស្ថិតស្ថេរជារៀងរហូត”។ ជាការពិត មូលដ្ឋានគ្រឹះនៃការរស់នៅ គឺត្រូវមានធាតុ៣សំខាន់ដូចជា សីលធម៌ សុជីវធម៌ និងគុណធម៌ ហើយធាតុទាំងបីនេះក៏ជាគោលគ្រឹះនៃការបង្កើតច្បាប់រដ្ឋដែរ។ ប្រសិនបើមនុស្សមានការយល់ដឹង និងអនុវត្ដតាមគោលការណ៍ទាំង៣បានខ្ជាប់ខ្ជួន នោះប្រហែលជាគ្មានទេគុកច្រវ៉ាក់ និងការបំពានគ្នាទៅវិញទៅមក។ តាមពិតអំណាចពិតប្រាកដនៃការគ្រប់គ្រង គឺជាអំណាចនៃមេត្ដាធម៌ និងការសាបព្រោះនៃសេចក្ដីស្រឡាញ់ទៅមនុស្សនៅជុំវិញខ្លួន។ ជាក់ស្ដែង មហាត្មៈគន្ធី ដែលជាបានយកមេត្ដាធម៌ និងគុណធម៌ជាអាវុធ ក្នុងការតតាំងនឹងកាណុងកាំភ្លើង ដែលអាចឆក់យកជីវិតរបស់លោកគ្រប់វិនាទី ប៉ុន្ដែអំណាចនៃក្ដីស្រឡាញ់ បានបន្សាបថាមពលនៃកាំភ្លើងដ៏ខ្លាំងក្លាបាត់ទៅហើយ។

ជារួមមក ការធ្វើឲ្យអ្នកដទៃខ្លាច ព្រោះតែភាពផ្ដាច់ការ និងការចងគំនំគុំគួន វាជាអំណាចដែលមិនស្ថិតស្ថេរយូរអង្វែងនោះទេ​​ ផ្ទុយទៅវិញ វាគ្មានតែជាអំណាចដែលធ្វើឲ្យគេខ្លាចតែចំពោះមុខ និងបានត្រឹមតែសម្បកក្រៅ។ ប៉ុន្ដែ បើជាអំណាចនៃចិត្តមេត្ដាវិញ វានឹងនៅស្ថិតស្ថេរគង់វង្សជាដរាបនៅក្នុងដួងចិត្ដរបស់អ្នកផងទាំងពួង៕

អត្ថបទដោយ៖ ឡាយ ឧត្ដម