មហាសេដ្ឋីថៃល្បីឈ្មោះបង្ហើបគន្លឹះ ៥យ៉ាង ដើម្បីបង្កើនទំនុកចិត្តដល់បុគ្គលិកសម្រាប់សហគ្រិនគ្រប់រូបគួររៀនសូត្រតាម

លោក សំផុត ​អាហាន់ណៃ (Somphote Ahunai) គឺជាស្ថាបនិកក្រុមហ៊ុន Energy Absolute ហើយគាត់ក៏ស្ថិតក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំនួន១៧ផ្សេងទៀតផងដែរ។ លោក សំផុត បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភីតស៍ប៊ឺក និងបរិញ្ញាបត្រពីសាកលវិទ្យាល័យជូឡា​ឡុងកន។ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន១.៩៣ពាន់​លានដុល្លា និងជាប់ជាមហាសេដ្ឋីដែលមានបំផុតនៅប្រទេសថៃលំដាប់ទី១៨។ ថ្ងៃនេះ Dr. Business នឹងលើកយក​​យុទ្ធសាស្រ្ត​ទាំង ៥ របស់មហាសេដ្ឋីរូបនេះក្នុងការគ្រប់គ្រង​បុគ្គលិក ដើម្បី​​បំពេញ​ការងារ​ឲ្យកាន់តែ​ប្រសើរ។

១. ​​បង្កើតឲ្យមាន​បរិយាកាស​​ជា​វិជ្ជមានក្នុងកន្លែងការងារ

នៅពេល​បុគ្គលិកកើត​​មាន​ភាព​តានតឹងអំឡុងពេលបំពេញការងារ  ​ ​អ្នក​គ្រប់គ្រង​ត្រូវ​​ធ្វើយ៉ាងណា
​ឲ្យ​​​ស្ថានការណ៍​នោះ​ប្រែមក​ជា​វិជ្ជមាន​​វិញ។ តាមរយៈការទាញចំណាប់អារម្មណ៍របស់ពួកគេឲ្យមកធ្វើអ្វីដែលសប្បាយ ឬនិយាយគ្នាលេងបន្តិចបន្តួច ឬក៏យកចិត្តទុកដាក់ និងជួយសម្រួលការងាររបស់ពួកគេ នោះបុគ្គលិក​​នឹង​​​មាន​អារម្មណ៍​ល្អ និងមានថាមពលក្នុងការបំពេញការងារ​ឡើង​វិញ​​​ដែរ​។ ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​ត្រូវ​ជុំរុញលើកទឹកចិត្តឲ្យ​បុគ្គលិក​មានថាមពលធ្វើដំណើរឆ្ពោះ​ទៅ​កាន់​ទីតាំង​មួយ​​​ដែល​ល្អ​​ជាង​មុនជានិច្ច។

២. អនុវត្ត​គម្រោងការងារប្រកបដោយភាពវិជ្ជមាន

លោក សំផុត បានលើកឡើងថាក្នុងនាមជាថ្នាក់ដឹកនាំមួយរូបអ្នកត្រូវបង្ហាញគោល​​ជំហរ​ និងឆន្ទៈ​ប្រកបដោយជំនឿដ៏មោះមុត​នៅ​ពេល​ដែល​​​​​ប្រឈមមុខ​​ជាមួយបញ្ហាដ៏​​លំបាក​​បំផុត។ អ្នក​នឹង​ក្លាយ​ជា​​ថ្នាក់ដឹកនាំ​ដ៏​ល្អសម្រាប់បុគ្គលិក បើ​អ្នក​អាច​ធ្វើ​ឲ្យ​​ពួកគេ​មាន​ភាព​ជឿជាក់​មក​លើ​អ្នក​​ក្នុង​ស្ថានការណ៍​ដ៏​តាន​តឹង។ នៅ​ពេល​ដែល​ភាព​ជឿជាក់​ជ្រាប​ចូល​ទៅ​ដល់​បុគ្គលិក​គ្រប់គ្នាសមិទ្ធផល​របស់​បុគ្គលិក​ក៏​កើត​មាន​ទៅ​តាម​នោះ​ដែរ។

៣. កំណត់គោលដៅឲ្យស្រប​គ្នា​    

​លោកមហាសេដ្ឋីរូបនេះបានបន្តទៀតថា អ្នក​គ្រប់គ្រង​ទូទៅ​​ត្រូវ​យល់​ឲ្យ​ស៊ី​ជម្រៅទៅលើការកំណត់គោល​ដៅ​ឲ្យបាន​ច្បាស់លាស់ ដើម្បីជាភាពងាយស្រួល​ជួយ​ឲ្យ​បុគ្គលិក​បំពេញ​ការងារ​​​មានប្រសិទ្ធភាពកាន់តែ​ខ្ពស់ប្រសើរ​ជាង​ការ​លើកទឹកចិត្ត​​បាន​ត្រឹមតែ​ទ្រឹស្ដី​​។ ហេតុដូច្នេះ​អ្នក​ត្រូវ​បង្ហាញអំពីទិសដៅស្របគ្នាមួយ ដោយ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ជឿជាក់​ហើយគិតថាខ្លួនឯង​គឺជា​កត្តាសំខាន់ ដើម្បីរួមចំ​ណែក​​​​យ៉ាង​ធំធេង​ក្នុងការបង្កើត​សមិទ្ធផល​ទាំង​នោះ។

៤. ត្រូវធ្វើជា​គំរូល្អ​នៅក្នុងក្រុមហ៊ុន

ភាព​ជា​គំរូ​ដ៏​ល្អ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​អ្នក​​​មាន​កិត្យានុភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​លើកកម្ពស់​មុខមាត់​ក្រុមហ៊ុន ឬស្ថាប័ន​របស់​អ្នកឲ្យខ្ពង់ខ្ពស់​​ទៀត​ផង។ ទំនាក់ទំនង​ដ៏​ល្អ​តាមរយះការផ្តល់ជាគំរូល្អដល់បុគ្គលិក​អាចជួយ​ជំរុញ​ឲ្យមានការ​ពេញចិត្ត​ពេញ​ថ្លើម​នៅក្នុង​ការបំពេញ​ការងារ និងរក្សាបានភាព​ស្មោះត្រង់​​ទៅវិញ​ទៅមកក្នុងក្រុមហ៊ុនផងដែរ​។ ​​

៥. ត្រូវផ្តោតទៅលើ​វប្បធម៌​ចែក​រំលែក​ជានិច្ច

ចំនុចចុងក្រោយលោកបានសង្កាត់ធ្ងន់ទៅលើក្នុង​ក្រុមហ៊ុន​នីមួយៗ​​ មិន​ត្រូវ​មើល​រំលង​ចំពោះវប្បធម៌​ចែក​រំលែកគ្នាទៅវិញទៅមកនោះទេ។ ពីព្រោះការ​ចែក​រំលែក​ចំណេះដឹង​  ​ជំនាញ និងបទពិសោធន៍​ដល់​បុគ្គលិកនឹង​ជួយ​​បង្កើន​គុណភាព​ការងារ​របស់​បុគ្គលិក​យ៉ាងច្រើន។ នៅពេលដែលបុគ្គលិកមានជំនាញច្បាស់លាស់ នោះការបំពេញការងាររបស់ពួកគេក៏កាន់តែមានផលិតភាពខ្ពស់ចំពោះក្រុមហ៊ុនដែរ៕

អត្ថបទដោយ៖ ចាន់ណា

សម្រួលអត្ថបទដោយ៖ ឡាយ ឧត្ដម