មហាសេដ្ឋីលោក WARREN BUFFETT បង្ហើបពីវីធីបង្រៀនកូនៗចាយលុយឲ្យបានត្រឹមត្រូវ

លោក Warren Buffett ត្រូវបានគេស្គាល់ថាជា​មហាសេដ្ឋី​ជំនួញ​ជនជាតិ​អា​មេ​រិ​កមួយ​រូប ហើយ​ក៏​ជា​អ្នក​វិនិយោគ​ដ៏​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភពលោក ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណជាង ៨៦.៩ ពាន់លានដុល្លារអាមេរិក។ ក្នុង​បទសម្ភាសន៍​មួយ​ទៅ​កាន់​សារព័ត៌មាន CNBC កាលពីពេលកន្លងទៅនេះ នៅ​ពេលមហាសេដ្ឋីវ័យ​ ៩០ ឆ្នាំរូបនេះ ​​ត្រូវ​បាន​គេចោទ​សួរ​ថា “តើ​អ្វី​ទៅ​ជា​កំហុសដ៏​ធំ​បំផុត​របស់​ឪពុក​ម្តាយ​ចំពោះ​កូន​ៗ​សម្រាប់ការគ្រប់គ្រងលុយកាក់របស់ខ្លួន?” ​លោកក៏បានឆ្លើយប្រាប់ថា “​ឪពុកម្ដាយមួយចំនួនតែងតែបណ្ដែត​បណ្តោយ ​មិនសូវជាយកចិត្តទុកដាក់ទៅលើបញ្ហានេះ ទុកដល់ពួកគេមានអាយុច្រើនជាង ១០ ឆ្នាំ ទើបបាន​បង្រៀន​ពួកគេ​​ពី​របៀប​គ្រប់គ្រង​លុយកាក់ ដែលការតាមពិត​ទៅ រឿងទាំងអស់នេះឪពុក​ម្តាយ​គួរ​បង្រៀន​ពួកគេ​តាំង​ពី​ពួកគេ​នៅតូចៗ ​មក​ម្ល៉េះ”។  ខាងក្រោមនេះជាវីធីសាស្រ្ដដែល ​​មហាសេដ្ឋីវ័យ ​៩0 ឆ្នាំ​ Warren Buffett បង្រៀនកូនៗ ចាយលុយឲ្យបានត្រឹមត្រូវ៖

១. បង្រៀនពួកគេឲ្យចេះច្នៃប្រឌិត

មែនទែនទៅ មនុស្សជាច្រើនមិនសូវមានភាពអត់ធ្មត់ក្នុងការធ្វើកិច្ចការប៉ុន្មាននោះទេ​ ពួកគេតែងតែបោះបង់ចោលនៅពេលដែលជួបឧបសគ្គ ហេតុដូចនេះហើយអ្នកត្រូវបង្រៀនកូនៗ របស់ខ្លួនឲ្យមានភាពអំណត់ និងមានភាពច្នៃប្រឌិត។ នៅពេលដែលពួកគេ មានធាតុទាំងពីរនេះ  ពួកគេនឹងអាចចេះកែច្នៃ ​របស់របរ​ចាស់ៗ​​ ដែល​បោះចោល​ទៅ​ជា​ឧបករណ៍​ផ្សេងៗ​ ឬ​លក់​យក​លុយ​មក​វិញ​ដែល​នេះ​វា​​អាច​បង្រៀន​ពួកគេ​​ពី​របៀប​​គិត​ឲ្យ​ស៊ីជម្រៅ ចេះ​សន្សំសំចៃ និង​ការពារ​បរិស្ថានថែម​ទៀត​ផង។

២. បង្រៀនពីរបៀបសន្សំប្រាក់

អ្នកគួរតែ​​ឲ្យ​ប្រអប់​ដាក់​ប្រាក់ ២​ទៅ​ឲ្យ​កូនៗ ​របស់​អ្នក ដោយមួយ​សម្រាប់​ដាក់​ប្រាក់​សន្សំ និង​មួយ​ទៀត​សម្រាប់​ដាក់​ប្រាក់​សម្រាប់​ចំណាយ បន្ទាប់​មក​នៅ​ពេលដែលពួកគេចង់យកលុយទាំងនោះទៅទិញអ្វីមួយ ​ អ្នក​ត្រូវ​ប្រាប់​ពួកគេ​ពី​របស់​ណា​ដែល​ចាំបាច់​ត្រូវ​ទិញ និង​របស់​ណា​ដែល​មិន​ចាំបាច់​ត្រូវ​ទិញ។

៣. បង្រៀនពួកគេក្នុងការទិញទំនិញ

​អ្នកគួរតែបង្រៀនពួកគេឲ្យមានភាពឆ្លាតវៃក្នុងការជ្រើសទិញនូវទំនិញ កុំព្យាយាមសម្លឹងដំបូងទៅរកហាងដែលល្បីៗ ព្រោះ​​ពេល​ខ្លះ​របស់​ដូចគ្នា​ និង​មាន​គុណភាព​ដូចគ្នា​នេះ​ អ្នក​អាច​រក​បាន​នៅ​កន្លែង​ផ្សេងៗ ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​។ មិនតែប៉ុណ្ណោះ អ្នកក៏ត្រូវបង្រៀនពួកគេឲ្យចេះប្រៀបធៀបតម្លៃ​​​របស់​មុខ​ទំនិញនី​មួយៗ ​​ដែល​មាន​លក់​នៅ​ហាង​ផ្សេងៗ ​ថាតើមួយណាអាចផ្ដល់ចំណេញច្រើនជាងនៅពេលដែលអ្នកទិញ។

៤. ​ចេះ​ធ្វើ​ការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ

រាល់ការសម្រេចចិត្តនីមួយៗ របស់អ្នក សុទ្ធតែអាចប៉ះពាល់ដល់ថ្ងៃអនាគត ហើយប្រសិនបើអ្នកជាមនុស្សដែលមិនចេះទុកដាក់ និងគ្រប់គ្រងលុយ បញ្ហាប្រឈមនៅពេលអនាគតគឺគ្មានសេសសល់ប្រាក់សម្រាប់ទុកប្រើការក្នុងជីវិតរបស់អ្នកឡើយ។ ដូច្នេះអ្នក​ត្រូវ​ធ្វើ​ឲ្យ​កូនៗ​ របស់​អ្នក​មាន​ទម្លាប់​​​ក្នុង​ការ​សម្រេចចិត្ត​​ដ៏​ល្អ ជាពិសេស​​មួយ​​​វិធី​សន្សំប្រាក់​។ នៅពេលដែលពួកគេចង់​បាន​ស្បែក​ជើងថ្មី ប៉ុន្ដែបើស្បែកជើងចាស់អាចនៅប្រើការបាន គួរណាស់តែដុសខាតវា ហើយបន្ដប្រើប្រាស់វា រួចយកលុយដែលចង់ទៅទិញស្បែកជើងថ្មីនោះមកសន្សំ ឬទៅទិញសៀវភៅល្អមួយសម្រាប់បង្កើនចំណេះដឹងប្រហែលអាចនឹងល្អជាង៕

អត្ថបទដោយ៖ ស្រីពេជ្រ