មហាសេដ្ឋី JEFF BEZOS៖ ប្រសិនបើខ្ញុំបរាជ័យ ខ្ញុំមិនសោកស្ដាយនោះទេ ប៉ុន្ដែរឿងមួយដែលខ្ញុំសោកស្ដាយ គឺខ្ញុំមិនបានព្យាយាម

Amazon founder and Washington Post owner Jeff Bezos and U.S. Secretary of State John Kerry deliver remarks during the opening ceremony of the newspaper's new location January 28, 2016 in Washington, DC.

មាន​បុគ្គលមិនតិចនោះទេ ដែលបានឆ្លងកាត់ការបរាជ័យយ៉ាងច្រើននៅក្នុងដំណើរនៃភាពជោគជ័យរបស់ពួកគេ។ បុគ្គលដែលគ្មានការតស៊ូ​ គឺជាបុគ្គលដែលទន់ខ្សោយ ងាយចុះញ៉មនឹងបញ្ហា និងតែងតែបោះ​បង់​កិច្ចការងាររបស់ពួកគេចោលពាក់កណ្ដាលទី ជាហេតុនាំឲ្យពួកគេមិនអាចសម្រេចបាននូវ​កិច្ចការ ឬ​ក្ដីស្រមៃរបស់ពួកគេ និងរស់នៅជាមួយភាពសោកសៅអស់មួយជីវិត។

ហេតុនេះហើយបានជាលោក Jeff Bezos ដែលជាមហាសេដ្ឋីលំដាប់ថ្នាក់លេខមួយនៅលើពិភពលោក បានលើកឡើងនូវទស្សនៈអប់រំដ៏មានត​ម្លៃមួយឃ្លាថា “ប្រសិនបើខ្ញុំបរាជ័យ ខ្ញុំមិនសោកស្ដាយ​នោះទេ ប៉ុន្ដែខ្ញុំដឹងរឿងមួយដែលសោកស្ដាយគឺខ្ញុំមិនបានព្យាយាម”។ ពាក្យថាព្យាយាមគឺងាយស្រួលស្ដាប់ងាយយល់ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលអាចអនុវត្តតាមន័យរបស់ពាក្យនេះបាននោះទេ។

គ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបឧបសគ្គនៅក្នុងជីវិតនោះទេ ហើយឧបសគ្គទាំងនេះវាគឺជាមេរៀនដ៏​ល្អដែលអាចឲ្យយើងរៀនសូត្រពីវាបាន និងកាន់តែធ្វើឲ្យយើងមានភាពរឹងមាំថែមទៀតផង ប្រសិ​នបើយើងមានការព្យាយាមតស៊ូជម្នះនូវឧបសគ្គទាំងនោះ។ បញ្ញាមិនអាចបង្កើតបញ្ហាបានទេ តែបញ្ហាអាចបង្កើនបញ្ញារបស់អ្នកបាន ដូច្នេះនៅពេលដែលអ្នកបានជួបបញ្ហាអ្នកគួរតែព្យាយាមដោះស្រាយវា ហើយត្រូវចាំថាអ្នកមិនអាចគេចវេសពីបញ្ហាបានទេ។ នៅពេលដែលអ្នកជួបនូវបញ្ហា ឬការបរាជ័យណាមួយនៅក្នុងកិច្ចការងាររបស់អ្នក សូមកុំបោះបង់វាដោយឆាប់រហ័សពេក អ្នកត្រូវសួរខ្លួនឯង​ជាមុនសិនថាតើខ្ញុំបានតស៊ូព្យាយាមជម្នះ អស់ពីកម្លាំងកាយចិត្ដហើយឬនៅ ចំពោះឧបសគ្គទាំងនោះ? ព្រោះថាបើអ្នកមិនទាន់បានព្យាយាមក្នុងការជម្នះវាទេនោះមានន័យថាអ្នកទាន់បានធ្វើវាឲ្យ​​អស់ពីលទ្ធភាព និងសមត្ថភាពដែលអ្នកមាននោះទេ ហើយអ្នកនឹងមានការសោកស្ដាយជាមិនខានឡើយ។

ជារួមមកការធ្វើអ្វីមួយដោយមិនមានការព្យាយាមតស៊ូចំពោះឧបសគ្គទាំងឡាយ វាពិតជាពិបាកក្នុងការឆ្ពោះទៅរកភាពជោគជ័យណាស់។ ប្រសិនបើអ្នកមានការតស៊ូព្យាយាម និងខិតខំប្រឹងប្រែងធ្វើវាហើយ តែអ្នកនៅតែបរាជ័យនោះគ្មានអ្វីត្រូវសោកស្ដាយនោះទេ ព្រោះអ្នកបានប្រើគ្រប់មធ្យោបាយនិងយុទ្ធសាស្រ្តដើម្បីធ្វើវារួចអស់ហើយ។

អត្ថបទដោយ៖ សុភ័ក្រ្ត