មហាសេដ្ឋី Mark Cuban បង្ហើបគន្លឹះ៣ដំណាក់កាលក្នុងការសម្រេចភាពជោគជ័យ

Mark Cuban ដែលជាមហាសេដ្ឋីលំដាប់កំពូលម្នាក់នៅក្នុងសហរដ្ឋអាមេរិក និងជាម្ចាស់នៃ National Basketball Association’s Dallas Mavericks និងធ្លាប់ជាសហស្ថាបនិកក្រុមហ៊ុន Broadcast.comដែលបានលក់ទៅឲ្យក្រុមហ៊ុន Yahoo នៅក្នុងតម្លៃ៥.៧ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ១៩៩៩ រួមទាំងជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដូចជា AXS TV ជាដើម។ លោកក៏បានបង្កើតក្រុមហ៊ុនតូចៗជាច្រើនផងដែរ។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្ដិសុទ្ធចំនួន៤.៣ពាន់លានដុល្លារ​អាមេរិក នេះបើតាមការចុះផ្សាយរបស់ទស្សនវដ្ដី Forbes។ ខាងក្រោមនេះ ជាវិធីសាស្រ្ដ៣ដំណាក់កាលដែលលោកធ្លាប់បានចែករំលែក៖

១. ដឹងពីជំនាញរបស់ខ្លួនឯង

លោក Mark Cuban ហាក់មានការមិនយល់ស្របជាមួយនឹងគំនិតដែលថា ចូរអ្នកដើរតាមចំណង់របស់អ្នក។ លោកបានលើកឡើងថា “កាលពីមុន ខ្ញុំធ្លាប់បានដើរតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង ដែលចង់ក្លាយជាអ្នកលើបាល់បោះដ៏អាជីបម្នាក់ ប៉ុន្ដែតាមពិតខ្ញុំមិនសាកសមនោះទេ ខ្ញុំអាចលោតបានតែកម្ពស់៧អ៊ីងតែប៉ុណ្ណោះ”។ លោកចង់បានន័យថា ជំនួសឲ្យការដើរតាមចំណង់ដែលអ្នកមិនអាចធ្វើបាន គួរតែស្វែងរកអ្វីដែលអ្នកពូកែវិញ ហើយធ្វើការយកចិត្តទុកដាក់ហ្វឹកហាត់អភិវឌ្ឍជំនាញនោះឲ្យពូកែ។ ជាក់ស្ដែងដូចលោក Bill Gates ដែលខ្លួនលោកផ្ទាល់ដឹងយ៉ាងច្បាស់ថាលោកមានជំនាញខាងបច្ចេកវិទ្យា ដូច្នេះលោកបានហ្វឹកហាត់វាឲ្យក្លាយជាជំនាញ ដែលអាចឲ្យលោកសាងក្រុមហ៊ុនមួយដ៏ធំ នោះគឺ Microsoft និងធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីក្នុងវ័យត្រឹមតែ៣២ឆ្នាំ។

២. ស្វែងរកកន្លែងត្រូវដើម្បីបញ្ចេញសមត្ថភាព

កន្លែងដែលអ្នកនឹងបញ្ចេញសមត្ថភាព និងជំនាញរបស់អ្នក វាក៏មានសារសំខាន់ខ្លាំងដូចទៅនឹងអ្នកបានផ្ដល់ភាពសំខាន់ទៅលើជំនាញរបស់អ្នកដូច្នេះដែរ។ លោក Cuban បានផ្ដល់ដំបូលន្មានថា ចូរអ្នកទៅកន្លែងដែលមានការប្រកួតប្រជែកខ្ពស់ ដើម្បីចូលរួមក្នុងការបញ្ចេញមតិ និងស្វែងរកចំណេះដឹងបន្ថែមពីអ្នកជុំវិញខ្លួន។ ចំណុចមួយដែល មហាសេដ្ឋី Mark Cuban តែងតែលើកឡើងគឺ “ការយល់ច្រឡំដ៏ធំមួយនៅក្នុងជីវិត គឺការដើរតាមចំណង់របស់ខ្លួនឯង ដែលមិនមែនជាជំនាញ”។

លោកបានលើកយក ខ្លួនលោកធ្វើជាឧទាហរណ៍ថា​ ការងារដំបូងរបស់លោកនៅពេលដែលលោកចេញពីមហាវិទ្យាល័យគឺ លោកធ្វើការនៅក្នុងផ្នែកបច្ចេកវិទ្យា។ លោកបានចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាដោយប្រើជំនាញដ៏ពូកែរបស់លោក និងបានបង្កើត​Software ​លក់បានរហូតដល់ទៅ ៦លានដុល្លារអាមេរិកនៅក្នុងឆ្នាំ១៩៩០ ហើយ៥ឆ្នាំបន្ទាប់លោកបានបង្កើត Broadcast.com ដែលបានលក់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតម្លៃ៥.៧ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ១៩៩៩។

៣. បញ្ចេញសកម្មភាព

“ប្រឹងប្រែង ខិតខំ ព្យាយាម វាជាអ្វីដែលនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ” នេះជាការលើកឡើងរបស់ Cuban។ លោកបានបន្ថែមទៀតថា​ នៅក្នុងកន្លែងដែលមានការប្រកួតប្រជែងខ្លាំង អ្នកត្រូវតែមានការព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការសម្រេចគោលដៅរបស់អ្នក។ ស្វែងយល់ឲ្យបានស៊ីជម្រៅនូវការងារទាំងក្នុងទាំងក្រៅនៅក្នុងក្រុមហ៊ុនរបស់អ្នក និងស្វែងរកគន្លឹះក្នុងការធ្វើការងារដែលមានប្រសិទ្ធិភាពជាងគេ។

ជាក់ស្ដែង នៅពេលដែលលោក Cuban ​ចូលទៅក្នុងវិស័យបច្ចេកវិទ្យាដំបូង លោកតែងតែត្រូវបានគេប្រៀបធៀបជាមនុស្សផ្សេងៗនៅក្នុងនោះ។ ទោះបីជាយ៉ាងក៏ដោយ ក្នុងនាមជាសហគ្រិនម្នាក់ត្រូវតែសប្បាយចិត្តនឹងទទួលអ្វីដែលថ្មី និងការរៀនសូត្រអ្វីដែលថ្មីៗ។

លោកបាននិយាយថា “ប្រសិនបើអ្នកធ្វើការច្រើនជាងអ្នកដទៃ, ប្រសិនបើអ្នកឆ្លាតជាងអ្នកដទៃបន្ដិចបន្តួច, ប្រសិនបើអ្នកប្រឹងប្រែងក្លាយជាអ្នកលក់ដ៏ពូកែជាងគេនៅក្នុងអង្គភាព, ឬប្រសិនបើអ្នកមានការរៀបចំប្រព័ន្ធការងារល្អប្រសើរជាងអ្នកដទៃ នោះអ្នកក៏នឹងទទួលបានឱកាសរីកចម្រើនជាងអ្នកដទៃដែរ” លោកបានបន្ថែមទៀតថា “ប្រសិនបើអ្នកមិនគិតគូរពីចំណុចខាងលើនេះទេ នោះភាពបរាជ័យនៅក្នុងអាជីប គឺតែងតែនៅក្បែរអ្នកជានិច្ច”។

ជាចុងក្រោយលោកបានគូសបញ្ជាក់ថា “ចូរធ្វើការ ដោយមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែប្រើពេល២៤ម៉ោងដើម្បីទាញយកភាពជោគជ័យទាំងអស់ពីអ្នក”។

អត្ថបទដោយ៖ ឡាយ ឧត្ដម