មាន ៥ចំនុចនេះ បញ្ជាក់ថាអ្នកនឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃអនាគត

ការស្វែងដើររកភាពជោគជ័យពិតជារឿងដ៏លំបាកមួយ ពីព្រោះតែមនុស្សគ្រប់រូបត្រូវទទួលការសាកល្បងលត់ដំគ្រប់បែបយ៉ាង និងគ្រប់រូបភាពទៅតាមសមត្ថភាពរៀងៗ ខ្លួន។ មិនតែប៉ុណ្ណោះ វាក៏មានកត្តារួមផ្សំគ្នាជាច្រើនទៀត ដែលធ្វើឲ្យមនុស្សសម្រេចនូវគោលដៅរបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់ ៥ យ៉ាង ដែលបុគ្គលជោគជ័យគ្រប់រូបមានក្នុងខ្លួន៖

១ ទំនួលខុសត្រូវ

ទំនួលខុសត្រូវជារឿងមួយដ៏សំខាន់ ពីព្រោះវាបានបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំម្នាក់។ មនុស្សដែលគ្មានទំនួលខុសត្រូវ មិនអាចធ្វើការដែលធំដុំបានជោគជ័យនោះឡើយ។

២ ការរៀនសូត្រ

បុគ្គលដែលជោគជ័យ គឺមិនដែលភ្លេចឡើយនូវការរៀនសូត្រ ថ្វីបើពេលខ្លះបុគ្គលទាំងអស់នោះមិនបានរៀនសូត្ររហូតដល់ចប់ក្ដី ក៏ប៉ុន្ដែពួកគេតែងតែមានទម្លាប់ដ៏ល្អមួយគឺអានសៀវភៅ និងបន្ដអភិវឌ្ឍន៍ខ្លួន។ បើទោះជាអ្នកខ្លះក្លាយខ្លួនទៅជាមហាសេដ្ឋីទៅហើយក្ដីក៏នៅតែចំណាយពេលវេលារបស់ខ្លួនក្នុងការអានសៀវភៅដូចជាលោក Bill Gate, Warren Buffett, Elon Musk  និង Mark Zuckerberg ជាដើម។

៣ គោលដៅច្បាស់លាស់

ភាពជោគជ័យមិនមែនកើតឡើងមកពីភាពចៃដន្យនោះទេ ប៉ុន្ដែវាកើតចេញពីទង្វើរបស់មនុស្ស។ បុគ្គលដែលជោគជ័យពួកគេតែងតែមានផែនការ និងគោលដៅច្បាស់លាស់ មិនមែននឹកឃើញចង់ធ្វើអ្វីមួយក៏ធ្វើដោយគ្មានការគិតពិចារណានោះទេ។

៤ ការចេះចែករំលែក

បុគ្គលដែលជោគជ័យគឺជាមនុស្សដែលមានចិត្តទូលាយ ​និងចង់ឃើញគេទទួលបានជោគជ័យដូចខ្លួនដែរ ពួកគេមិនដែលកំណាញ់នឹងការចែករំលែកចំណេះដឹង និងបទពិសោធរបស់ខ្លួនឡើយ។ ជាក់ស្ដែងបុគ្គលជោគជ័យជាច្រើនដូចជា Jeff Bezos, Steve Job, Bill Gate, Larry Page និងផ្សេងៗ ទៀត តែងតែចែករំលែកនូវគោលគំនិតល្អៗ និងបទពិសោធរបស់ខ្លួនជាសាធារណៈសម្រាប់លើកទឹកចិត្តមនុស្សគ្រប់រូបឲ្យមានទឹកចិត្តតស៊ូ មិនបោះបង់ចោល។

៥ មិនដែលគិតថានឹងបោះបង់ចោល

បុគ្គលដែលជោគជ័យសុទ្ធតែជាមនុស្សដែលរឹងរូសមិនព្រមបោះបង់ចោល។ បើទោះបីជាដឹងថាមានឧបសគ្គលំបាកជាច្រើននៅចំពោះមុខ និងទទួលរងការបរាជ័យឈឺចាប់ផ្សេងៗ ក៏ពួកគេក្រាញ់ននាលមិនព្រមបោះបង់ចោល ហើយរកនូវផ្លូវផ្សេងទៀតដើម្បីបន្ដដើរទៅមុខរកក្ដីស្រមៃរបស់ពួកគេ៕

អត្ថបទដោយ៖ ស្រីពេជ្រ

SHARE