មុននឹងសម្រេចចិត្តទិញសិទ្ធិអាជីវកម្ម (Franchise)ត្រូវឆ្លើយសំនួរខាងក្រោមនេះឲ្យចេញសិន

យើងទាំងអស់គ្នាបានដឹងហើយថា នាពេលបច្ចុប្បន្នការទិញ និងការលក់ Franchise គឺហាក់បីដូចជាមានការកើនឡើងយ៉ាងខ្លាំង។ ម៉្យាងការបើកអាជីវកម្មមួយឲ្យទទួលបានជោគជ័យ វាត្រូវការពេលវេលា និងធនធានយ៉ាងច្រើន ប៉ុន្ដែ សម្រាប់ការទិញ Franchise វិញ វាអាចនឹងធ្វើឲ្យអ្នកទទួលបាននូវភាពជោគជ័យលឿនរហ័ស ដោយសារតែ អាជីវកម្មនោះមានចំណែកទីផ្សារស្រាប់ មានអតិថិជនស្រាប់ មានកេរ្កិ៍ឈ្មោះល្បីស្រាប់។ ប៉ុន្ដែគ្រប់ការទិញ Franchise ទាំងអស់មិនប្រាកដថានឹងទទួល ជោគជ័យនោះទេ នៅពេលដែលយើងយកវាមកគ្រប់គ្រងដោយខ្លួនឯង។

ដូច្នេះមុនសម្រេចចិត្តទិញសិទ្ធិអាជីវកម្ម អ្នកទាំងអស់គ្នាគួរតែស្វែងយល់ពីវិធីសាស្ត្រខ្លះៗក្នុងការទិញយក Franchise ណាមួយ៖

១. តើអ្នកគួរចំណាយប៉ុន្មានសម្រាប់ការវិនិយោគទៅលើ​ Franchise របស់អ្នកលើកដំបូង?

ជាជំហ៊ានដំបូង អ្នកត្រូវស្វែងរកអាជីវកម្មណាមួយដែលអ្នកគិតថានឹងមានឱកាសទទួលបាននូវផលចំណេញច្រើនសម្រាប់អ្នកនៅពេលអនាគត។ អ្នកអាចពិនិត្យមើលរបាយការណ៍ប្រាក់ចំណេញ និងចំណាយ របស់ក្រុមហ៊ុននោះ ហើយធ្វើវិភាគពីលទ្ធភាពនៅក្នុងការពង្រីកខ្លួន។ បន្ទាប់មកទៀតអ្នក ត្រូវពិនិត្យមើលតម្លៃ ថាតើមានភាពសមស្របដែរឬទេ?

ប្រសិនបើទុនបស់អ្នកនៅមានកម្រិត អ្នកគួរតែជ្រើសរើស​Franchise ណាដែលសមល្មមសម្រាប់អ្នក។ ឧទាហរណ៍៖ មានយីហោអាជីវកម្មមួយ ដែលលក់ក្នុងតម្លៃ២០,០០០ដុល្លារអាមេរិក។ អ្នកគួរតែប៉ាន់ប្រមាណមើលថាតើ នៅពេលដែលអ្នកទិញ Franchise មួយនេះរួចហើយ តើអ្នកនៅសល់ថវិកាប៉ុន្មានទៀត ដើម្បីត្រៀមទិញសម្ភារៈផ្សេងទៀតចូលទៅក្នុងអាជីវកម្មរបស់លោកអ្នក?

២. តើអ្នកដែលទិញ Franchise ផ្ដាច់មុខផ្សេងទៀតទទួលបានផលចំណេញដូចម្ដេចខ្លះ នៅក្នុងកាលៈទេសៈស្រដៀងគ្នានេះ?

សម្រាប់អ្នកដែលធ្លាប់ទិញសិទ្ធិអាជីវកម្ម ពួកគេដឹងយ៉ាងច្បាស់នូវឧបសគ្គ និងឱកាសដែលពួកគេនឹងទទួលបាននៅពេលដែលសម្រេចទិញ Franchise ណាមួយ។ ប្រសិនបើអ្នកទិញលើកដំបូង អ្នកគួររត់រកការប្រឹក្សា ឬសុំការណែនាំពីពួកគេទាំងនោះបើអាច ព្រោះពួកគេនឹងជួយអ្នកបានច្រើននៅក្នុងការពង្រីកគំនិត។

នៅគ្រប់ដំណើរការនៃអាជីវកម្ម បទពិសោធន៍ និងការណែនាំរបស់បុគ្គលជំនាញដទៃ គឺជាទ្រព្យដ៏មានតម្លៃបំផុត។ តាមពិតទៅ យុទ្ធសាស្ដ្រនៃការទិញសិទ្ធិអាជីវកម្មគឺមានលក្ខណៈពិសេសត្រង់ថា យើងជាអ្នកទិញ​ Franchise មកពីម្ចាស់អាជីវកម្មគឺគេអនុញ្ញាតឲ្យយើងជាម្ចាស់អាជីវកម្មថ្មីអាចធ្វើការពឹងផ្អែកទៅលើ ប្រវត្តិ កេរ្តិ៍ឈ្មោះ ម៉ាក និងធនធានគម្រូអាជីវកម្មរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងរួចជាស្រេច។

៣. តើអ្នករំពឹងបានថា ការទិញFranchise របស់អ្នក អាចរកប្រាក់ចំណូលបានប៉ុន្មានពីការលក់?

ជាទូទៅក្នុងការស្វែងរកបរិមាណក្នុងការលក់ឲ្យជាក់លាក់ និងប្រាក់ចំណេញឲ្យជាក់លាក់វាអាចជាការពិបាក។ អ្នកត្រូវតែចេះសង្កេតមើលទំនោរទីផ្សារ និងវិភាគពីប្រតិបត្ដិការចំណូលចំណាយរបស់ក្រុមហ៊ុននោះ ថាតើនឹងមានលទ្ធភាពបង្កើតបានប្រាក់ចំណេញកម្រិតណា? ជាពិសេស នៅពេលដែលអ្នកបានទិញ តើទីតាំងដែលអ្នកដំណើរការនោះ អាចបង្កើនការលក់បានកម្រិតណា?

៤. តើអ្នកត្រូវផ្ដល់ប្រាក់ចំនួនប៉ុន្មានដល់ម្ចាស់កម្មសិទ្ធិ បន្ទាប់ពីបង់ថ្លៃដើមរួច និងអាចចំណេញប៉ុន្មាន?

ជាការពិតណាស់ នៅពេលដែលអ្នកបង់ថ្លៃដើមឲ្យទៅម្ចាស់អាជីវកម្មរួចហើយ អ្នកក៏ត្រូវមានការបង់ថ្លៃមួយចំនួនដែរដូចជា ភាគរយនៃការលក់ជាប្រចាំខែ គឺអ្នកត្រូវយកទឹកប្រាក់ដែលអ្នកលក់បានជាប្រចាំខែបង់ទៅខាងម្ចាស់អាជីវកម្មដោយគិតជាភាគរយអាស្រ័យទៅតាមប្រភេទ Franchise និងកិច្ចព្រមព្រៀងរបស់អ្នក ជាមួយនឹងម្ចាស់ប្រេន។ ចំពោះចំណុចនេះ អ្នកក៏ត្រូវតែពិចារណារពីការបង្កើតប្រាក់ចំណេញផ្ទាល់ខ្លួនរបស់អ្នកដែរ។

៥. តើរយៈពេលប៉ុន្មាន ដែលអ្នកអាចទទួលសិទ្ធិបើកអាជីវកម្មនេះបាន?

ការវិនិយោគលើសិទ្ធិអាជីវកម្ម មិនមែនមានន័យថាអ្នកជាម្ចាស់វារហូតនោះទេ។ ជាធម្មតា គឺមានរយៈពេលកំណត់ជាក់លាក់នៃការកាន់កាប់ ពោលគឺអាចចាប់ពី៥​ ទៅ ២០ឆ្នាំ។ ប្រសិនបើអ្នកមានជំហររឹងមាំក្នុងមុខជំនួញនោះ អ្នកអាចបន្ដកិច្ចព្រមព្រៀងបន្ដទៀតបាន ប៉ុន្ដែ អ្នកចាំបាច់ត្រូវតែពិចារណាថា តើអ្នកអាចរំពឹងថានឹងទទួលបានប្រាក់ចំណូលប៉ុន្មានក្នុងរយះពេលនៃកិច្ចព្រមព្រៀងនោះ​? ហើយតើអ្នកមានគម្រោងវិនិយោគលើសិទ្ធិផ្ដាច់មុខរយៈពេល ៥ ឆ្នាំ? ១០ ឆ្នាំ? ឬ២០ឆ្នាំ?

ជាសរុបមក ការគិតពិចារណាច្បាស់លាស់មុនសម្រេចទិញFranchise ការជ្រើសរើស Franchise ដែលមានសក្ដានុពល ក៏ដូចជាការយល់ច្បាស់អំពីធនធានដែលខ្លួនឯងមាន គឺវាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីកម្មFranchiseដំបូងៗ៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា