មូលហេតុនៃការធ្លាក់ចុះនៃក្រុមហ៊ុនទូរសព្ទដៃ Nokia ដែលសហគ្រិនគ្រប់រូបគួរយកមករៀនសូត្រ

Nokia គឺជាក្រុមហ៊ុនប្រភេទ Multinational Corporation ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៦៥ នៅក្នុងប្រទេស ហ្វាំងឡង់ ដោយលោក Leo Mechelin។ លោកកើតនៅថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ១៨៣៩ នៅទីក្រុង Hamina និងបានទទួលមរណភាពនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩១៤ នៅក្នុងទីក្រុង Helsinki នៃប្រទេសហ្វាំងឡង់ ។

កាលពីដំបូងក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនដែលធំជាងគេនៅលើពិភពលោកខាងផ្នែកបច្ចេកវិទ្យា ប៉ុន្ដែតើមានរឿងអ្វីកើតឡើងបានជា Nokia ស្ទើរតែបាត់ឈ្មោះពីទីផ្សារនាពេលបច្ចុប្បន្ន?

ក្រុមហ៊ុនNokiaបានទិញយកក្រុមហ៊ុនទូរគមនាគមន៍មួយដែលមានឈ្មោះថា Mobira ក្រោយមកក៏ បានផលិតផលិតផលដំបូងរបស់ខ្លួនដែលជាប្រភេទទូរសព្ទ handset device។

នៅក្នុងឆ្នាំ១៩៨២ ក្រុមហ៊ុន បានបង្ហាញផលិតផលមួយទៀតដែលជាទូរសព្ទសម្រាប់ប្រើប្រាស់នៅក្នុងរថយន្ដ។ មនុស្សជាច្រើន ច្រើនតែស្គាល់វាថា ជា Nokia Mobira Senator ដែលវាមានទំងន់រហូតដល់ទៅ១០គីឡូក្រាមឯណោះ។

នៅក្នុងឆ្នាំ១៩៨៤ ក្រុមហ៊ុន Nokia បានបង្កើតផលិតផលថ្មីមួយទៀតដែលមានឈ្មោះថា Nokia Mobira Talkman ដែលជាប្រភេទទូរសព្ទអាចប្រើប្រាស់ចល័តបាន ពោលគឺអាចប្រើប្រាស់បានទាំងនៅក្នុងរថយន្ដ និងក្រៅរថយន្ដ។ សម្រាប់ទំងន់របស់វាវិញ គឺស្រាលជាមុនពាក់កណ្ដាល ពោលគឺមានទំងន់៥គីឡូក្រាម។

នៅក្នុងឆ្នាំ១៩៨៧ ក្រុមហ៊ុន Nokia បានធ្វើឲ្យកក្រើកពិភពលោកទាំងមូលតាមរយៈផលិតផលថ្មីរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា Nokia Mobira CityMan ដែលជាប្រភេទទូរសព្ទដែលទំងន់ស្រាល ធន់ មានទំហំតូច និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង។ វាមានទំងន់ត្រឹមតែ ៨០០ក្រាមតែប៉ុណ្ណោះ។

ក្រុមហ៊ុននេះ បានទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានវាយលុកទីផ្សារស្ទើរតែពេញពិភពលោកដោយសារតែផលិតផលថ្មីមួយនេះ។

លើសពីនេះ នៅក្នុងឆ្នាំ១៩៩១ នាយករដ្ឋមន្ដ្រីប្រទេសហ្វាំងឡង់ លោក Harry Holkeri បានប្រើប្រាស់ទូរសព្ទប្រភេទនេះ ដើម្បីពិភាក្សាការងារជាប្រវត្ដិសាស្ត្រ និងជាលើកដំបូងបង្អស់ ដែលធ្វើឲ្យមុខមាត់របស់ Nokia មានការរីកសុះសាយយ៉ាងខ្លាំង។

នៅក្នុងឆ្នាំ ១៩៩២ ក្រុមហ៊ុនក៏បានបន្ដផលិត Nokia 1011 ដែលទទួលបានការគាំទ្រយ៉ាងសម្បើមនៅក្នុងទឹកដីអឺរ៉ុប និងអាមេរិក។ ក្រោយមក ទូរសព្ទស៊េរី 2100 បានដាក់ឲ្យសម្ភោធប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ១៩៩៤ ដែលជាប្រភេទទូរសព្ទមានទំហំតូច និងមានរូបរាងស្អាត។ ក្រុមហ៊ុន រំពឹងថា​នឹងលក់បានត្រឹមតែ១លានផលិតផលតែប៉ុណ្ណោះ តែបែរជាលក់បានរហូតដល់ទៅ២០លានផលិត​ផល ដែលនេះជាជោគជ័យយ៉ាងធំរបស់ក្រុមហ៊ុន និងដែលបានធ្វើឲ្យក្រុមហ៊ុនដើរដល់ចំណុចកំពូលនៃទីផ្សារបច្ចេកវិទ្យានាពេលនោះ។

ក្រោយមកទៀត អ្វីៗបានចាប់ផ្ដើមមានបញ្ហា ដោយផ្ដើមដំបូង គឺក្រុមហ៊ុនបានធ្វើការវិភាគទីផ្សារអ្នកប្រើប្រាស់ខុស  ដោយនៅក្នុងឆ្នាំ១៩៩០ក្រុមហ៊ុនបានធ្វើការវិភាគថា នឹងមានអ្នកប្រើប្រាស់ត្រឹមតែ៤០លាននាក់តែប៉ុណ្ណោះ នៅក្នុងទីផ្សារទូរសព្ទ ប៉ុន្ដែការពិតគឺមានរហូតដល់ទៅ ២៥០លានអ្នកប្រើប្រាស់ឯណោះ ដែលពេលនោះហើយ ដែលធ្វើឲ្យក្រុមហ៊ុនប្រកួតប្រជែងជាច្រើនចាប់ផ្ដើមមានឱកាសចាប់យកទីផ្សារ និងចាប់ផ្ដើមងើបឡើង។

នៅពេលនោះ ទើបក្រុមហ៊ុនNokia បានទទួលស្គាល់ក្រុមហ៊ុន Motorola ថាជាដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួន។ ក្រមហ៊ុន Nokia បានចាប់យកបានចំណែកទីផ្សារពិភពលោកបានចំនួនត្រឹមតែ២៥%ប៉ុណ្ណោះ ហើយសម្រាប់ផលិតផលរបស់ក្រុមហ៊ុននេះ នៅតែស្ដិតក្នុងកំពូលតារាងនៃផលិតផលដែលលក់ដាច់ជាងគេបង្អស់។ ក្រុមហ៊ុននៅតែបន្ដអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនទាំងទំហំ និងរូបរាង។ ចាប់ពីឆ្នាំ២០០៣ ដល់២០០៥ ទូរសព្ទស៊េរី Nokia 1100 និង Nokia 1110 បានក្លាយជាផលិតផលដែលលក់ដាច់បំផុត ហើយបានគ្រង់គ្រងចំណែកទីផ្សារនៅអាស៊ីបានរហូតដល់ទៅ៧០%ឯណោះ។

ប៉ុន្ដែ អ្វីៗមិនដូចជាការគ្រងទុក។ ក្រុមហ៊ុន Nokia បានធ្វើឲ្យខ្លួនឯងបរាជ័យនៅលើរឿងមួយ គឺការសម្របខ្លួនមិនបានល្អនៅក្នុងទីផ្សារដែលកំពុងតែរីកសាយកាន់តែធំ និងរត់មិនទាន់ការរីកចម្រើននៃបច្ចេកវិទ្យា។

នៅឆ្នាំ២០១០ បច្ចេកវិទ្យា IOS និង Android ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងនៅអឺរ៉ុប និងអាមេរិក ហើយនៅប្រទេសចិន ការផលិតផលិតផលទូរសព្ទក្នុងស្រុកក៏ចាប់ផ្ដើមមាន និងក្នុងចំនួនដ៏ច្រើន។ នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ផលិតផលរបស់ Samsung និង Motorola កាន់តែមានតម្លៃថោក និងគុណភាពល្អ។ តើអ្នកនៅចាំប្រភេទទូរសព្ទដែលអាចបត់បាន ឬ Flip Phone និងMoto Razr? ដែលផលិតផលិតទាំងពីរនេះហើយបានវាយបំបាក់ផលិតផលរបស់Nokia។

ចាប់ពីឆ្នាំ២០១០ ក្រុមហ៊ុនទូរសព្ទជាច្រើននៅក្នុងលោក បានសម្រេចចិត្តដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្ដិការ Android នៅក្នុងទូរសព្ទរបស់ខ្លួន ប៉ុន្ដែក្រុមហ៊ុនNokia វិញបែរជាមិនផ្លាស់ប្ដូរ និងនៅរក្សាទម្រង់ដើមរបស់ខ្លួន។ ក្រោយពីការចាប់កំណើតនៃ Google និងApple មក ក្រុមហ៊ុនNokia កាន់តែពិបាកកាន់តែខ្លាំងនៅក្នុងការរស់នៅក្នុងទីផ្សារបច្ចេកវិទ្យា។ ក្រុមហ៊ុននេះនៅតែផ្ដោតទៅលើ Hardware ដដែល ស្របពេលដែលពិភពបច្ចេកវិទ្យាកំពុងតែផ្ដោតសំខាន់ និងប្រកួតប្រជែងគ្នាលើប្រព័ន្ធSoftware។

ក្រោយមក លោក Stephen Elop បានក្លាយជា នាយកប្រតិបត្ដិថ្មីរបស់ក្រុមហ៊ុនNokia ហើយលោកព្យាយាមកែខៃបញ្ហា និងធ្វើឲ្យស្ថានភាពត្រឡប់មករកភាពល្អប្រសើរវិញ។ លោកចាប់ផ្ដើមផ្លាស់ប្ដូរកម្មវិធីមួយចំនួននៅក្នុងទូរសព្ទរបស់ Nokia ប៉ុន្ដែលោកនៅតែសម្រេចចិត្តខុសដោយជ្រើសយកប្រព័ន្ធប្រតិបត្ដិការមិនសមស្របនឹងទីផ្សារ និងទូរសព្ទរបស់លោក។ នៅពេលនោះ លោកគួរតែជ្រើសរើសយកប្រព័ន្ធ ​Android ប៉ុន្ដែបែរជាជ្រើសយក Windows ដែលនេះហាក់ដូចជាការកាយរណ្ដៅកប់ខ្លួនឯងអញ្ចឹង។

លោកធ្លាប់បាននិយាយថា លោកចង់ឲ្យNokiaមានភាពខុសប្លែកពីគេ ទើបលោកសម្រេចចិត្តជ្រើសយកប្រព័ន្ធប្រតិបត្ដិការ Windows។ ប៉ុន្ដែបែរជាមិនដូចការរំពឹងទុក តាមពិតទៅ ប្រព័ន្ធប្រតិបត្ដិការ Windows គឺមិនអាចដំណើរការបានល្អនោះទេនៅក្នុងទូរសព្ទ តែវាមានភាពសមប្រកបជាមួយនឹងកុំព្យទ័រច្រើនជាង ដែលនេះជាគោលគំនិតដើមនៃការបង្កើត Windows របស់លោក Bill Gates។ នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ហើយកម្មវិធីរាប់លាន កំពុងតែដើរដោយប្រព័ន្ធប្រតិបត្ដិការពីរ គឺ IOS និងAndroid៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម