មេរៀនជីវិតដ៏មានតម្លៃទាំង ៧ ពី អារីស្ដូត ទស្សនៈវិទូក្រិចបុរាណ

អារីស្ដូត ត្រូវបានគេស្គាល់ថាជាទស្សនៈវិទូដ៏ល្បីល្បាញមួយរូបរបស់ក្រិច។ លោកបានកើតនៅតំបន់តូចមួយនៃប្រទេសក្រិចក្នុងឆ្នាំ ៣៨៤ ដែលមានគ្រួសារជាអ្នកផលិតឱសថ ហេតុបែបនេះហើយទើបធ្វើឲ្យអ្នកប្រាជ្ងរូបនេះចេះចាំស្ទាត់នៅការផ្សំថ្នាំ។ លុះដល់អាយុ ១៧ ឆ្នាំ លោកបានចូលរៀនក្នុងវិទ្យាស្ថានរបស់ ផ្លាតុង ដែលវិទ្យាស្ថានមួយនេះមានបង្រៀននូវមុខជំនាញ នយោបាយ ច្បាប់ គណិតវិទ្យា និងតារាសាស្រ្ដជាដើម។

អារីស្ដូត ជាសិស្សដែលមានសមត្ថភាពម្នាក់ និងមានភាពឆ្លាតវៀងវៃមិនធម្មតាដែលធ្វើឲ្យលោកបានក្លាយខ្លួនជាសិស្សលេចធ្លោប្រចាំវិទ្យាស្ថាន និងទទួលបានក្ដីស្រលាញ់ពី ផ្លាតុង ដែលជាគ្រូរបស់លោក។ ក្នុងដំណើរជីវិតរបស់លោកបានបន្សល់ទុកនូវស្នាដៃជាច្រើនដែលមានរួមដូចជា ប្រតិទិន និងបានចងក្រងច្បាប់រដ្ឋធម្មនុញ្ញ ។ ជីវិតចុងក្រោយរបស់អ្នកប្រាជ្ងរូបនេះ ហាក់ដូចជាកំសត់ពីព្រោះលោកត្រូវបានគេចោទប្រកាន់ថាមានបំណងចង់ប្រឆាំងនឹងអាទិទេព និងគេចខ្លួនទៅពួននៅស្រុកកំណើតម្តាយ ហើយចុងក្រោយលោកបានស្លាប់ដោយសារជំងឺក្រពះ។ ខាងក្រោមនេះជាកម្រងទស្សនៈល្បីៗ ដ៏មានតម្លៃរបស់អ្នកប្រាជ្ងរូបនេះដែលបានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ៖

៧ ស្មោះត្រង់ពេក ត្រឹមត្រូវពេក ចិត្តល្អពេក ក្លាយជាល្ងង់: ភាពស្មោះត្រង់ ត្រឹមត្រូវ ចិត្តល្អវាពិតជារឿងមួយដ៏ល្អហើយ ប៉ុន្ដែកាលបើបណ្ដោយខ្លួនជ្រុលហួសហេតុពេកនឹងធ្វើឲ្យមនុស្សមួយចំនួនដែលមានគំនិតមិនល្អស្ថិតនៅក្បែរអ្នក ប្រើប្រាស់នូវទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកដើម្បីផលប្រយោជន៍របស់ពួកគេ។

៦ គោលដៅធំបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺដើម្បីសុភមង្គល: មនុស្សគ្រប់រូប ព្យាយាមធ្វើគ្រប់យ៉ាងក្នុងឆាកជីវិតរបស់ពួកគេ ពីព្រោះតែសង្ឃឹមថាអាចស្វែងរក សុភមង្គលសម្រាប់ខ្លួនឯង។

៥ ភាពអត់ធ្មត់គឺជាដើមឈើដ៏ល្វីងជូរចត់ តែផ្លែរបស់វាមានរស់ជាតិផ្អែម: ទម្រាំនឹងធ្វើអ្វីមួយឲ្យបានលេចចេញនូវរូបរាង វាទាមទារឲ្យអ្នកមានភាពអត់ធ្មត់ច្រើន វាពិតជាពិបាកនៅក្នុងកំឡុងពេលដែលធ្វើ ប៉ុន្ដែលទ្ធទទួលបានច្បាស់ជាល្អប្រសើរ។

៤ ភាពជោគជ័យដ៏អស្ចារ្យគឺការយកឈ្នះខ្លួនឯង: ខ្លួនអ្នកផ្ទាល់គឺជាឧបសគ្គដ៏ធំមួយដែលរាំងស្ទះមិនអាចធ្វើអ្វីបាន ប៉ុន្ដែបើអាចយកឈ្នះខ្លួនឯងបាន អ្នកច្បាស់ថានឹងអាចយកឈ្នះអ្វីគ្រប់យ៉ាង។

៣ ធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត កិច្ចការនឹងដើរទៅដោយរលូន: ទំហំក្ដីស្រលាញ់ពិតជាធំធេង នៅពេលដែលបុគ្គលម្នាក់ ពេញចិត្តស្រលាញ់អ្វីមួយ ពួកគេប្រាកដជាស្វែងរកមធ្យោបាយគ្រប់ដើម្បីសម្រេចនូវបំណងរបស់ខ្លួន។

២ ភាពជោគជ័យមិនមែនជាភាពចៃដន្យ តែជាទង្វើរបស់មនុស្សដែលខិតខំប្រឹងកសាង: ភាពជោគជ័យវាមិនមែនកើតឡើងដោយឯកឯងនោះទេ ហើយក៏មិនមែននៅសុខៗ ទេវតាប្រទានឲ្យនោះដែរ ប៉ុន្ដែវាកើតឡើងពីខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ ដូច្នេះបើអ្នកគ្មានភាពតស៊ូ អត់ធ្មត់នោះទេ កុំសង្ឃឹមថាទទួលបានជោគជ័យ។

១ នៅពេលដែលភាពខ្មៅងងឹតចូលមកក្នុងឆាកជីវិត អ្នកត្រូវតែស្វែងរកពន្លឺ: នៅពេលដែលជួបឧបសគ្គ និងអស់សង្ឃឹមក្នុងជីវិត​ អ្នកមិនត្រូវបោះបង់ចោលឡើយ ផ្ទុយទៅវិញត្រូវតែប្រឹងប្រែងរកវិធីដោះស្រាយធ្វើយ៉ាងណាឲ្យជីវិតរបស់ខ្លួនប្រសើរឡើង៕

អត្ថបទដោយ៖ ស្រីពេជ្រ