មេរៀនសំខាន់ៗ ៦ យ៉ាង ដែលសាលាមិនបានបង្រៀន តែអ្នកចាំបាច់ត្រូវរៀនដោយខ្លួនឯង

សាលារៀនជាកន្លែងសម្រាប់ផ្ដល់នូវចំណេះដឹងដល់សិស្ស តែពេលខ្លះរឿងរ៉ាវមួយចំនួនអ្នកមិនអាចស្វែងរកវាបាននៅសាលាឡើយ ពោលវាទាមទារឲ្យអ្នកប្រឹងប្រែងតាមស្វែងរកវាដោយខ្លួនឯង និងត្រូវពឹងទៅលើបទពិសោធជាក់ស្ដែងដែលធ្លាប់បានឆ្លងកាត់។ មែនទែនទៅ មិនថាសាលាដែលអ្នកកំពុងសិក្សាមានសាស្ដ្រចារ្យល្អប៉ុណ្ណា កម្មវិធីសិក្សាល្អប៉ុណ្ណាក៏ដោយ តែអ្នកត្រូវទទួលស្គាល់ថា អ្នកមិនអាចចាប់យកចំណេះដឹងគ្រប់សព្វឡើយ។

ខាងក្រោមនេះ ជាមេរៀនសំខាន់ៗ ៦ យ៉ាង ដែលអ្នកចាំបាច់ត្រូវរៀនដោយខ្លួនឯង ៖

.របៀប​ធ្វើ​ជា​អ្នកដឹកនាំ​ល្អ

អ្នកដឹកនាំល្អមិនប្រាកដថាជាមនុស្សដែលសិក្សាបានខ្ពង់ខ្ពស់ដាច់គេឡើយ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកដឹកនាំល្អ មាន​តែ ២៤%​% ប៉ុណ្ណោះ​ដែល​បញ្ចប់​ថ្នាក់​អនុបណ្ឌិត។ សាលាអាចត្រឹមបង្រៀនអ្នកនូវចំណេះដឹងជាច្រើន តែភាពជាអ្នកដឹកនាំនេះ គឺវាស្ថិតទៅលើការចេះដុះខាត់ ភាព​វិជ្ជមាន និង​ចេះ​លើក​ទឹកចិត្ត​​មនុស្ស​ជុំវិញ​ខ្លួន របស់បុគ្គលម្នាក់ៗ ទៅវិញទេ។

.របៀប​កសាង​ទំនាក់ទំនង និង​​ចរចា​

ការប្រាស្រ័យទាក់ទងល្អ និងចេះចចារ នឹងនាំឲ្យអាជីវកម្មអ្នកទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន បែបនេះហើយត្រូវយកចិត្តទុកដាក់ឲ្យមែនទែន។ ប៉ុន្ដែចំណុចទាំងនេះ ពិតជាពិបាកស្វែងរករៀនក្នុងសាលាណាស់ ព្រោះវាអាស្រ័យទៅលើភាពអត់ធ្មត់ ថ្វីមាត់ ភាពរហ័សរហួន ការយកចិត្តទុកដាក់ដែលខ្លួនយើងផ្ទាល់ជាអ្នកបង្កើតដោយខ្លួនឯងផ្ទាល់។

.​របៀប​ជួល​មនុស្ស​ល្អ​បំផុត​មក​ធ្វើ​ការ

មនុស្សដែលមានបទពិសោធ៍ច្រើន មានសមត្ថភាពខ្ពស់ ត្រូវបានក្លាយជាគោលដៅ និងមុខសញ្ញាធំបំផុតដែលម្ចាស់អាជីវកម្មនីមួយៗ ចង់បាន ព្រោះពួកគេជឿជាក់ថា ពពួកមនុស្សទាំងនេះនឹងអាចជួយក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួនសម្រេចទៅបានដោយរលូន។ មែនទែនទៅ មនុស្សម្នាក់ៗ មានអត្ដចរិក និងការតស៊ូខុសគ្នា យើងពិតជាមិនអាចវាយតម្លៃបាន សាលាក៏មិនបានបញ្ជាក់ពីក្បួនច្បាប់ក្នុងការជ្រើសរើសបុគ្គលិកដែរ។ បែបនេះ ការសម្រេចចិត្តវាស្ថិតនៅលើខ្លួនអ្នក និងស្ថានភាពជាក់ស្ដែងច្រើនជាង។

.ប្រកួតប្រជែង​ជា​មួយ​គូប្រជែង​ធំៗ

ចំពោះចំណុចនេះ គឺវាអាស្រ័យទៅលើយុទ្ធសាស្រ្ដរៀងៗ ខ្លួនរបស់សហគ្រិនហើយ ព្រោះសាលាផ្ដល់បានត្រឹមទ្រឹស្ដីប៉ុណ្ណោះ។  អ្នកត្រូវចេះស្រាវជ្រាវបន្ថែមដោយខ្លួនឯងពីស្ថានភាពរបស់ដៃគូប្រកួតប្រជែងរបស់ខ្លួន និងមើលទៅតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ប្រសិនបើចង់ទទួលបានសម្មិតផល។

.របៀប​ដោះស្រាយ​ជម្លោះ

ត្រង់នេះវាអាស្រ័យទៅលើភាពបទបែនតាមកាលៈទេសៈរបស់អ្នកខ្លួនឯងហើយ ថាតើភាពឆ្លាតវ័យរបស់អ្នកមានដល់កម្រិតណា ដែលអាចដោះស្រាយបញ្ហាបន្ទាន់នានា ដែលមាននៅចំពោះមុខ និងអាចយករួចខ្លួនបាន។

.ផ្លូវ​ជោគជ័យ​មិន​មានតែ​មួយ​

មុននឹងទទួលបានភាពជោគជ័យមនុស្សភាគច្រើនបានប្រើប្រាស់ និងសាកល្បងនូវវិធីផ្សេងៗគ្នា ហើយវាក៏គ្មានរូបមន្ដច្បាស់លាស់មួយណាដែលសាលាបង្រៀនថា ទាល់តែអ្នកធ្វើបែបនេះទើបជោគជ័យនោះទេ។ បែបនេះ កុំមានគំនិតថា បើអ្នកធ្វើរឿងមួយនេះមិនបានសម្រេច ជីវិតរបស់អ្នកនឹងអស់ផ្លូវដើរឲ្យសោះ។ មនុស្សមានគំនិត និងបែបផែនផ្សេងៗ គ្នាក្នុងការរស់នៅ គ្មានអ្នកណាអាចមកប្រាប់ពីផ្លូវជោគជ័យដ៏ជាក់លាក់មួយដល់អ្នកនោះទេ ព្រោះអ្នកខ្លួនឯងដែលជាអ្នកត្រូវដើរស្វែងរកវា៕

អត្ថបទដោយ៖ ស្រីពេជ្រ