ម្ចាស់ក្រុមហ៊ុន DELL៖ ទោះបីជាអ្នកមិនបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ក៏អ្នកអាចទទួលបានជោគជ័យដែរ

ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ ដើម្បីអាចឲ្យខ្លួនមានប្រាជ្ញា និងចំណេះដឹងនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងឈានទៅរកភាពជោគជ័យនៅក្នុងជីវិត។​ ប៉ុន្តែមិនមែនទាល់តែមានការសិក្សាបានខ្ពង់ខ្ពស់ ទើបយើងអាចទទួលបាននូវភាពជោគជ័យនោះទេ សំខាន់ឲ្យតែអ្នកមានផែនការ និងក្ដីស្រមៃពិតប្រាកដសម្រាប់ខ្លួនឯង។

ហេតុនេះហើយបានជាលោក Michael Dell ដែលអ្នកស្ថាបនិកក្រុមហ៊ុន Dell Inc. ដែលមានទឹកប្រាក់៣១.២ពាន់លានដុល្លារអាមេរិក បានលើកឡើងនូវទស្សនៈដ៏មានតម្លៃមួយឃ្លាថា​ “ទោះបីមិនមានទេព្យកោសល្យ ចក្ខុវិស័យ និងមិនបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ក៏អ្នកអាចទទួលបានជោគជ័យដែរ ឲ្យតែអ្នកមានគម្រោងការ និងក្ដីសុបិន្តពិតប្រាកដ”។

ប្រសិនបើអ្នកមិនបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់រហូតដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត សូមអ្នកកុំអស់សង្ឃឹម និងគិតថាខ្លួនមិនអាចក្លាយទៅជា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ព ឬមិនអាចទទួលបានភាពជោគជ័យក្នុងជីវិតឲ្យសោះ ព្រោះប្រសិនបើអ្នកមានផែនការច្បាស់លាស់រួមជាមួយនឹងក្ដីសុបិន្ត នោះគ្មានទេពាក្យថាបរាជ័យ។ បុគ្គលដែលមានការរៀបចំគម្រោងការរបស់ខ្លួននៅក្នុងជីវិតនឹងជួយពួកគេឲ្យមានការត្រៀមលក្ខណៈបានល្អ ដឹងថាអ្វីដែលត្រូវចាប់ផ្ដើមធ្វើមុន និងចាំបាច់ គ្មានកិច្ចណាដែលអាចសម្រេចបានដោយគ្មានការរៀបចំផែនការណ៍នោះទេ។​ ចំណែកការមានក្ដីសុបិន្តវានឹងជួយឲ្យអ្នកដឹងថាខ្លួនឯងចង់បានអ្វី ចង់ក្លាយខ្លួនបែបណានៅពេលខាងមុខ នៅពេលដែលអ្នកអាចសម្រេចនូវក្ដីសុបិន្តរបស់ខ្លួនបាន នោះហើយគឺជាភាពជោគជ័យរបស់អ្នក។

ជារួមមកមានផ្លូវជាច្រើនដែលអាចនាំយើងឲ្យឆ្ពោះទៅរកភាពជោគជ័យ ប្រសិនបើអ្នកមិនអាចដើរផ្លូវនេះបាន សូមអ្នកកុំបាក់ទឹកចិត្ត និងបោះបង់វាឲ្យសោះ អ្នកគួរតែស្វែងរកផ្លូវផ្សេងជាច្រើនទៀតដែលកំពុងរងចាំឲ្យអ្នកជ្រើសរើស។ គ្មានទេផ្លូវកាត់សម្រាប់ឆ្ពោះទៅរកភាពជោគជ័យ ប៉ុន្តែមានផ្លូវជាច្រើនអាចឲ្យអ្នកជ្រើសរើសបាន។

អត្ថបទដោយ៖ សុភ័ក្រ្ត