យុទ្ធសាស្រ្តដឹកនាំជីវិតទាំង ៩ របស់ លី កាស៊ីង ពីជនចំណាកស្រុករហូតក្លាយជាមហាសេដ្ឋីដ៏ល្បីល្បាញរបស់ហុងកុង

ទម្រាំបានក្លាយខ្លួនបុគ្គលម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនជាងគេនៅហុងកុង និងជាមហាសេដ្ឋីលំដាប់ថ្នាក់កំពូលនៅទ្វីបអាស៊ី លោក លី កាស៊ីង ត្រូវបានមនុស្សជាច្រើនដឹងថា មានដើមកំណើតចេញមកពីគ្រួសារដ៏ក្រីក្រមួយ និងជាបុគ្គលម្នាក់ដែលមានភាពតស៊ូ អត់ធ្មត់ ជម្នះរាល់ឧបសគ្គតាំងតែពិបាតដៃទទេរ។ បច្ចុប្បន្នស្ថិតក្នុងវ័យ ៩១ ឆ្នាំ លោកមានទ្រព្យសម្បត្តិក្នុងដៃប្រមាណ ២៩.៤ ពាន់លានដុល្លារ។ មិនត្រឹមតែជាបុគ្គលដ៏ឆ្នើមម្នាក់ មហាសេដ្ឋីរូបនេះក៏តែងតែចែករំលែកនូវទស្សនៈអប់រំជារឿយៗ ដល់មនុស្សជំនាន់ក្រោយផងដែរ។

ខាងក្រោមនេះជាទស្សនៈអប់រំជីវិតទាំង ៩ របស់ មហាសេដ្ឋីដ៏ល្បីល្បាញរបស់ហុងកុងដែលគួរយល់ដឹង៖

៩ អ្នកគួរចំណាយពេលអានសៀវភៅ ស្រាវជ្រាវ និងរៀនស្វែងយល់ពីបុគ្គលជោគជ័យ៖ ពេលវេលាពិតជាដើរទៅយ៉ាងលឿន និងអាចត្រលប់ក្រោយនោះទេ ដូច្នេះគួរតែយកពេលវេលាដែលអ្នកលេងបណ្ដាញសង្គម និងលេង ហ្គេម ដែលមិនសូវផ្ដល់ផលប្រយោជន៍ដល់អ្នក ងាកមកអានសៀវភៅ និងយល់ដឹងពីវិធីដែលបុគ្គលជោគជ័យរំដោះខ្លួនចេញពីភាពក្រីក្រ។

៨ ជារៀងរាល់ថ្ងៃខ្ញុំធ្វើការ និងរឿងជាច្រើន ក៏ប៉ុន្ដែខ្ញុំនៅតែមានថាមពល ពីព្រោះថាថាមពលវាកើតចេញពីទឹកចិត្តស្រលាញ់ចង់ធ្វើ៖ ការងារអ្វីក៏ដោយឲ្យតែអ្នកស្រលាញ់ និងធ្វើវាចេញពីចិត្ត​ នោះអ្នកនឹងគ្មានភាពនឿយហត់ជាមួយនឹងវានោះទេ។

៧ ខ្ញុំ​មិនមែន​មាន​សំណាង​នោះ​ទេ​ គឺខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​បាន​កំណត់ទុក៖ ធ្វើជាមនុស្សកុំដេករង់ចាំសំណាង ពីព្រោះថាសំណាងមិនមែនកើតមានដោយ​ឯកឯងនោះទេ តែផ្ទុយទៅវិញ វាកើតពីសកម្មភាពរបស់មនុស្សដែលជាអ្នកកសាង។

៦ បើ​អ្នក​ធ្វើ​ល្អ​ដាក់អ្នក​ដ៏ទៃ​ ​នោះ​រឿង​ល្អ​ៗក៏នឹង​កើតឡើង​ចំពោះ​អ្នក​​វិញ​ដែរ៖ ដូចពាក្យគេថា “អំពើល្អមិនសាបសូន្យ” បើទោះបីជាមិនបានទទួលផលល្អនៅថ្ងៃនេះ តែថ្ងៃណាមួយវានឹងជួយអ្នកឲ្យចាកផុតពីទុក្ខទោសជាក់ជាមិនខាន។

៥ ភាព​រីករាយ​បំផុត​របស់​ខ្ញុំ​ ​គឺ​នៅ​ពេលខ្ញុំ​​បានប្រឹង​ប្រែងធ្វើ​ការងារ​ខ្លាំងខ្លា​ ​ហើយ​ព្យាយាម​បង្កើត​ប្រាក់​ចំណេញ​បាន​ច្រើន​៖ ជាការពិតណាស់ គ្មានអ្វីរីករាយជាងការដែលអ្នកខិតខំប្រឹងប្រែងធ្វើការដើម្បីសម្រេចនូវក្ដីប្រាថ្នារបស់អ្នកនោះទេ ដូច្នេះបន្ដដើរទៅមុខទៀតហើយកុំបោះបង់ចោលឲ្យសោះ។

៤ មនុស្ស​ទូទៅ​ធ្វើការ​​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ប៉ុន្តែ​ខ្ញុំ​ធ្វើ​ការ​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ៖ ត្រង់នេះចង់ប្រាប់បង្ហាញថា មនុស្សជោគជ័យគេមិនទុកពេលវេលាគេឲ្យកន្លងហួសទៅដោយអត់ប្រយោជន៍នោះទេ ពួកគេនៅតែបន្ដប្រឹងប្រែងកាន់តែខ្លាំងលើសពីមនុស្សទូទៅ។

 កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​​អ្នក  និង​ក្រុមហ៊ុន​របស់​អ្នក​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃមួយ៖ កេរ្ដិ៍ឈ្មោះជារឿងសំខាន់មួយក្នុងការធ្វើអ្វីមួយ ប្រសិនបើមានកេរ្ដិ៍ាឈ្មោះស្អុយរលួយហើយ ពិតណាស់ថា ពិបាកនឹងបន្ដដំណើរទៅមុខដើម្បីដើរចាប់ក្ដីស្រមៃ។

 វា​មិន​សំខាន់​​ថា អ្នក​​​​​រឹងមាំ ឬ​មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​​​នោះ​​ទេ  ប្រសិន​បើ​អ្នក​មិន​​បើក​បេះដូង​ឲ្យ​ទូលាយ​ អ្នក​នឹង​មិន​​ទទួល​​បាន​​ភាព​ជោគជ័យ​ទេ៖ មានសមត្ថភាព និងទឹកចិត្តដ៏រឹងមាំពិតជារឿងប្រពៃក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ ប៉ុន្ដែបើអ្នកមិនរៀនបើកចិត្តឲ្យទូលាយទទួលយកគំនិតអ្នកដទៃ រឺការរិះគន់នោះទេ មិនថាធ្វើអ្វីក៏ដោយ អ្នកនឹងគ្មានថ្ងៃរីកចម្រើននោះទេ។

១ ​ការបង្កើតក្រុមហ៊ុន​មួយ​ គឺ​ត្រូវ​បានធ្វើ​ឡើង​​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​មនុស្ស​ច្រើននាក់​​ ​មិនមែន​មនុស្ស​តែ​ម្នាក់​អាច​ធ្វើទៅកើតនោះ​ទេ៖ ទោះបីជាអ្នកសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្ដែក៏អ្នកត្រូវការមានមនុស្សមកជួយបំពេញចន្លោះបន្ថែម   ដូចពាក្យគេថា “បើចង់ដើរលឿនចូរដើរម្នាក់ឯង តែបើចង់ដើរឲ្យបានឆ្ងាយចូរដើរជាក្រុម”៕

អត្ថបទដោយ៖ ស្រីពេជ្រ