យុទ្ធសាស្រ្តទាំង​​ ៧ចំនុចនេះអាចជួយដល់អ្នកដែលចង់ប្រែខ្លួនពីអ្នកធ្វើការឲ្យគេ ក្លាយទៅជាសហគ្រិន

ជាការពិតទៅមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រែខ្លួនទៅជាសហគ្រិនជោគជ័យនោះទេ ព្រោះវាពិតជាមានការលំបាក រួមជាមួយឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួន ជាពិសេសគឺ ត្រូវចំណាយទាំងទឹកចិត្ត និងពេលវេលាតែម្ដង។ ខាងក្រោមនេះជាគន្លឹះ ៧ យ៉ាង ជាជំនួយដល់អ្នកដែលចង់ប្រែខ្លួនពីអ្នកធ្វើការឲ្យគេក្លាយទៅជាសហគ្រិន៖

១ ចាប់ផ្ដើមពីតូច

ជំហានដំបូង គឺកុំស្រវាធ្វើអ្វីដែលធំហួសលើសពីសមត្ថភាព អ្នកគួរតែចាប់ផ្ដើមពីតូចៗ និងដើរយឺតៗ ប៉ុន្ដែត្រូវមានគោលដៅច្បាស់លាស់ កុំចេះតែធ្វើតាមចិត្តចង់ បើមិនដូច្នេះចុងក្រោយអ្នកនឹងមិនទទួលបានលទ្ធផលអ្វីនោះឡើយ។   ម៉្យាងទៀត​ កុំមានគំនិតថា អ្វីដែលខ្លួនបង្កើតវាមើលទៅតូចទាប ហើយក៏អស់សង្ឃឹម ព្រោះសហគ្រិនជោគជ័យ និងមហាសេដ្ឋីគ្រប់រូបភាគច្រើនសុទ្ធតែចាប់ផ្ដើមពីចំណុចសូន្យដូចគ្នា។

២ សាកល្បងឲ្យគ្រូសារ និងមិត្តភក្ដិរបស់អ្នកជាអ្នកវាយតម្លៃ

គុណភាពទំនិញ និងផលិតផលរបស់អ្នកពិតជាមានសារៈសំខាន់ ដោយហេតុថា បើអ្នកគ្មានរបស់ដែលល្អក្នុងដៃនោះទេ ធ្វើម៉េចនឹងអាចចាប់ផ្ដើមឈានជើងចេញប្រកួតប្រជែងជាមួយអ្នកដទៃបាននោះ។ បែបនេះ ហើយមនុស្សដែលអាចជួយអ្នកក្នុងពេលនេះ គឺគ្រួសារ និងមិត្តភក្ដិតែម្ដង សាកល្បងឲ្យពួកគេប្រើប្រាស់ ឬទំនិញលទ្ធផលរបស់អ្នក បន្ទាប់មកពួកគេនឹងប្រាប់ពីកង្វះខាត និងកន្លែងដែលអ្នកត្រូវកែតម្រូវបាន។

៣ ត្រៀមខ្លួនលំបាក និងប្រឈមជាមួយហានិភ័យ

ធ្វើជាបុគ្គលិកឲ្យគេនៅតាមក្រុមហ៊ុននានា វាជារឿងលំបាកមួយទៅហើយ តែបើចេញមកកសាងរបស់មួយដោយខ្លួនឯងឲ្យទទួលបានសម្មិតផល កាន់តែជារឿងមួយលំបាក និងប្រឈមច្រើនជាងអ្វីៗ ទាំងអស់។ ដូច្នេះត្រូវត្រៀមកាយ ជាពិសេសទឹកចិត្តកុំរុញរាឲ្យសោះ នោះទើបអ្នកអាចបន្ដដំណើរដើរទៅមុខបាន។

៤ រកឱកាសដែលមានក្នុងបញ្ហា

នៅពេលដែលជួបបញ្ហា មនុស្សតែងតែកើតទុក្ខ និងមានភាពស្មុគស្មាញជារឿងមួយចៀសមិនផុត ប៉ុន្ដែបើអ្នកនៅតែប្រកាន់គោលជំហរថា បញ្ហានេះលំបាក អ្នកច្បាស់ជារកផ្លូវចេញមិនរួចឡើយ។ មានបញ្ហាច្បាស់ជាមានដំណោះ និងឱកាសថ្មីៗ ក្នុងនោះមកជាមួយ។  ទន្ទឹមនឹងនេះ សហគ្រិនជោគជ័យជាច្រើនសុទ្ធតែ រកឃើញឱកាសដែលមានក្នុងបញ្ហាដើម្បីមកពង្រឹង និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

៥ ពិភាក្សាជាមួយអ្នកដែលធ្លាប់ឆ្លងកាត់មុនអ្នក

នេះពិតជារឿងដែលមិនគួរមើលរំលងឡើយ ធ្វើអ្វីក៏ដោយជាលើកដំបូងច្បាស់ណាស់ថា ដូចចកអណ្ដែតកណ្ដាលទន្លេមិនដឹងថាគួរចាប់ផ្ដើមពីណាមុនទើបល្អ បែបនេះហើយមធ្យោបាយតែមួយគត់ត្រូវរៀនសូត្រ ស្វែងយល់។ ជាពិសេស សាកសួរទៅអ្នកដែលធ្លាប់មានបទពិសោធន៍ធ្វើមុនយើង បើទោះជាមិនបានដឹងច្បាស់ ១០០​ភាគរយ យ៉ាងហោចណាស់ក៏អ្នកដឹងថាគួរធ្វើអ្វីបន្ទាប់ដែរ។

៦ ចេះបែងចែកពេលវេលា

ការចេះរៀបចំពេលវេលា និងតារាងកាលវិភាគសម្រាប់ធ្វើអ្វីមួយ ក្នុងជីវិតប្រចាំថ្ងៃពិតជារឿងសំខាន់។ មិនមែនទាល់តែចាប់ផ្ដើមធ្វើអាជីវកម្មទើបរៀបចំនោះទេ វាត្រូវធ្វើឲ្យបានត្រឹមត្រូវតាំងតែពីដើមទីមកនោះទើបជីវិតរបស់អ្នកមិនរញ៉េរញ៉ៃ។​ ប៉ុន្ដែនៅពេលដែលអ្នកចាប់ផ្ដើមចង់ក្លាយជាម្ចាស់អាជីវកម្មខ្លួនឯង វាកាន់តែជារឿងសំខាន់ដែលមិនត្រូវមើលរំលង ព្រោះបើមិនដូច្នេះ អាជីវកម្មរបស់អ្នកនឹងគ្មានភាពច្បាស់លាស់ទៅតាមនោះដែរ ចុងក្រោយបរាជ័យតែម្ដង។

៧ ទិញអាជីវកម្មបន្ដ

ក្នុងករណីដែលអ្នកមានដើមទុនច្រើន អ្នកអាចទិញអាជីវកម្មបន្ដ ឬ ហ្វ្រេនឆាយ ដែលមានឈ្មោះល្បី និង មានអតិថិជនស្រាប់ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបន្ដពង្រឹងនូវរបស់ដែលមានស្រាប់ឲ្យកាន់តែមានភាពទាក់ទាញដើម្បីទទួលបានការគាំទ្ររឹតតែច្រើន៕

អត្ថបទដោយ៖ ស្រីពេជ្រ