យុទ្ធសាស្រ្តទាំង ៣ ជួយឲ្យ DAN LOK ប្រែក្លាយពីអ្នកបរាជ័យអាជីវកម្មទាំង ១៣ផ្ទួនៗគ្នា ទៅជាមហាសេដ្ឋីទាំងវ័យក្មេង

Dan Lok ជាមហាសេដ្ឋីវ័យក្មេងលំដាប់ថ្នាក់ពិភពលោកនៅពេលលោកមានអាយុ ២៧ឆ្នាំ ដោយមានទឹកប្រាក់ជាច្រើនលានដុល្លារ។ បច្ចុប្បន្ននេះលោកក៏ជាគ្រូបង្វឹកសិស្សជុំវិញពិភពលោក ប្រមាណជាងមួយលាននាក់ និងជាអ្នកវិនិយោគទុនដ៏ធំផងដែរ។ យ៉ាងណាមិញបើយើងងាកមកមើល ពីប្រវត្តិក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួនវិញ​លោកធ្លាប់ទទួលបានបទពិសោធន៍បរាជ័យទៅលើអាជីវកម្ម ១៣មុខផ្ទួនៗគ្នាត្រឹមរយ:ពេល ៣ឆ្នាំតែប៉ុណ្ណោះ។ ក្នុងនោះផងដែរមហាសេដ្ឋីមួយរូបនេះក៏ធ្លាប់បាន បង្ហាញពីដំណើរខ្សែជីវិតយ៉ាងកំសត់របស់ខ្លួនទៅកាន់មហាជនគ្រប់ៗគ្នាឲ្យបានដឹងលឺពីរឿងនេះផងដែរ។ ដោយឡែកកាលពីពេលយប់មិញនៅក្នុងកម្មវិធី TEDx លោកក៏បានបញ្ជាក់ពីយុទ្ធសាស្រ្ត ៣ យ៉ាង ដែលខ្លួនរមែងតែងតែប្រកាន់ភ្ជាប់ជានិច្ចមិនថាពេលបរាជ័យ ឬជោគជ័យនោះទេ។​ ហើយក៏ព្រោះ យុទ្ធសាស្រ្តទាំងនោះទើបធ្វើឲ្យលោកមានបានដូចសព្វថ្ងៃនេះ ដូច្នេះខាងក្រោមជាការបកស្រាយ ពីយុទ្ធសាស្រ្តទាំង ៣ យ៉ាងរបស់លោក៖

. រៀនពីកំហុស

នៅពេលដែលលោកមានអាយុ ២០ឆ្នាំ លោកបានជំពាក់លុយគេជាង ១៥០ ០០០ដុល្លារដែលវាជាចំនួន ទឹកប្រាក់យ៉ាងច្រើនសម្រាប់ក្រុមគ្រួសារក្រីក្រដូចជាលោក។​ អំឡុងពេលដែលលោកកំពុងតែពិបាកចិត្ត ជាមួយនឹងរឿងរ៉ាវទាំងនោះលោកក៏បានរម្លឹកឡើងពីកំហុសដែលលោកបានប្រព្រឹត្តិជាមួយនឹងអាជីវកម្មទាំង ១៣មុខខុសៗគ្នានោះថាតើហេតុអ្វីបានជាទទួលបរាជ័យយ៉ាងដូច្នេះ? ក្រោយពីចាប់ផ្តើមរៀន សិក្សាស្វែងយល់ពីកំហុសហើយលោកក៏បានព្យាយាមផ្លាស់ប្តូរ និងកែប្រែវាទៅជាមេរៀនយ៉ាង មានអត្ថប្រយោជន៍ដូចសព្វថ្ងៃនេះ។​

. ការចេះជ្រើសរើសអ្នកប្រឹក្សាយោបល់ឲ្យបានត្រឹមត្រូវ

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍បរាជ័យជាច្រើនដង លោកក៏បានចាប់ផ្តើមចេះពីរបៀបជ្រើសរើស អ្នកប្រឹក្សាយោបល់ និងគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់ទៅលើផ្នែកនីមួយៗ ដើម្បីចែករំលែក ចំណេះដឹងខាងរកសុី។ ក្នុងនោះផងដែរការចេះជ្រើសរើសអ្នកប្រឹក្សាយោបល់ឲ្យបានត្រឹមត្រូវក៏បានធ្វើឲ្យលោកទទួលបាននូវដំណោះស្រាយ និងរបៀបក្នុងការគិតជាច្រើនជ្រុងខុសៗគ្នាប្រកបទៅដោយភាពជោគជ័យផងដែរ។

. ការឲ្យតម្លៃទៅលើការតស៊ូ

ដូចដែលលោកបានដឹងថាលោក Dan Lok កើតចេញពីកូនអ្នកក្រីក្រលំបាកហើយរស់នៅជាមួយបំណុលជាច្រើនមុឺនដុល្លារទម្រាំតែលោកអាចទទួលបានលទ្ធផលល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះលោកពិតជាមានការដឹងគុណ និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើការតស៊ូរបស់ខ្លួនព្រមទាំងមនុស្សជុំវិញខ្លួនដែលមិនធ្លាប់បានបាត់បង់លោកចោលហើយបន្តការជឿជាក់មកកាន់លោកដដែល៕។

អត្ថបទដោយ:​ ដាំ សុវណ្ណ:រ៉ា