យុទ្ធសាស្រ្តរកស៊ី ៤ចំនុចរបស់ឪពុកលោក DONALD TRUMPដែលធ្វើឲ្យលោក TRUMP និងសាច់ញាតិក្លាយជាមហាសេដ្ឋីគ្រប់ៗគ្នា

លោក Fred Trump គឺជាឪពុករបស់លោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក​ទី៤៥នាពេលបច្ចុប្បន្ននេះ។ លោក Fred Trump កើតនៅថ្ងៃទី​១១ ខែ តុលា​ ឆ្នាំ១៩០៥ និងស្លាប់​នៅថ្ងៃ​​ទី២៥ មិថុនា ឆ្នាំ១៩៩៩។ លោកគឺ​ជាវិនិយោគិ​នផ្នែកអចលនទ្រព្យ​ដ៏ជោគជ័យម្នាក់​នៅក្នុង​សហរ​ដ្ឋ​​អាមេរិក និងជាអ្នករៀបចំគម្រោងអភិវឌ្ឍទីក្រុងញ៉ូយកឲ្យមានភាពល្បីល្បាញ។​ ឪពុកប្រធា​នាធិបតីសហរដ្ឋអាមេរិករូបនេះ បានបង្កើតនូវគំនិតដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យកូនៗ និងសាច់​ញាតិរបស់ខ្លួនក្លាយជាអ្នកមាន៖

១) ការជួល និងទិញត្រលប់មកវិញនៃអចលនទ្រព្យ

នៅឆ្នាំ១៩៤០ Fred Trump បានទិញដីមួយកន្លែងនៅម្ដុំ Coney Island ក្នុងតំបន់ Brooklyn នៃទី​ក្រុ​ងញ៉ូយកសហរដ្ឋអាមេរិក ដើម្បីបង្កើតជា Beach Haven Apartments។ បន្ទាប់មកទៀតគាត់​បានផ្ទេ​​​រគម្រោងនេះទៅឲ្យកូនៗរបស់គាត់ ដែលក្នុងនោះក៏មានលោកDonald Trump ម្នាក់ផង​ដែរ​។​កូនៗទាំង៥របស់គាត់បានក្លាយជាម្ចាស់លើទ្រព្យសម្បត្ដិទាំងនោះ ហើយលោកDonald Trump នៅពេលនោះទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ។ តាមកិច្ចសន្យាជួល និងទិញត្រលប់មកវិញនេះ អ្នកជួល​ត្រូវបង់៦០,៦០០ដុល្លារជារៀងរាល់ឆ្នាំទៅឲ្យកូនៗរបស់គាត់ក្នុងរយៈពេល៩៩ឆ្នាំ។ លោក Fred Trump ក៏បានបង្កើតគម្រោងជាច្រើនផ្សេងទៀតដែលស្រដៀងនឺងគម្រោងនេះ សម្រាប់ផ្ដល់ជាចំ​ណូលដល់គ្រួសាររបស់គាត់។ គិតមកត្រឹមឆ្នាំ២០១៨នេះ លោកDonald Trump ទទួលបាន៤១៣​លានដុល្លារអាមេរិកពីគម្រោងអចលនទ្រព្យរបស់ឪពុកលោក។

២) កម្ចីពីគ្រួសារ

នៅឆ្នាំ១៩៤០ Fred Trump បានទិញដីនៅតំបន់Brooklyn ដើម្បីសាងសង់Shore Haven Apartments។ លោកបានខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកសាងសង់គម្រោងនេះ ដោយផ្ដល់​ជា​អត្រា​​​​ការប្រាក់។ រហូតដល់ឆ្នាំ១៩៨០ លោកបានផ្ទេរបំណុលនេះទៅឲ្យលោកDonald Trump និង​សមាជិកគ្រួសារផ្សេងទៀតជាអ្នកកាន់កាប់ដោយផ្ដល់នូវអត្រាការប្រាក់ខ្ពស់ជាងធនាគារធម្មតា។​តាម​រយៈ​ការប្រាក់នេះលោកDonald Trump ទទួលបានច្រើនជាង៧.៨លានដុល្លារនាពេល​បច្ចុប្បន្ន​នេះ។

៣) ការប្រើវិធី GRAT

GRAT គឺជាវិធីដែលអ្នកវិនិយោគអចលនទ្រព្យប្រើ ដើម្បីគេចពីការបង់ពន្ធធ្ងន់ធ្ងរ។ នៅឆ្នាំ១៩៩៥ Donald Trump និងសាច់ញាតិផ្សេងទៀតចាប់ផ្ដើមបែងចែកទ្រព្យសម្បត្ដិរបស់Fred Trump ដើម្បី​កាន់កាប់ និងកាត់បន្ថយពន្ធដែលមានតម្លៃជាង១០០លានដុល្លារអាមេរិក។ ជាក់ស្ដែង​នៅឆ្នាំ​១៩៨២ អចលនទ្រព្យរបស់Trump ដែលមាន១៦៤ unit និងមានតម្លៃ១៥.៣លានដុល្លារអាមេរិក ប៉ុន្ដែដោយសារតែGRAT តម្លៃនោះមានត្រឹមតែ២.៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

៤) ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ

ក្រុមហ៊ុនតូច តែជាក្រុមហ៊ុនដ៏អស្ចារ្យ នេះជាការចាប់ផ្ដើមរបស់Fred Trump។ លោកDonald Trump​ ធ្លាប់បានលើកឡើងថាឪពុករបស់លោក គឺជាអ្នកចរចារដ៏អស្ចារ្យម្នាក់ ហើយ​គាត់​​ទទួលបាន​ចំណេះ​ដឹងក្នុងការវិនិយោគយ៉ាងច្រើនពីឪពុកលោក។ លោក Trump ទទួលបាន​កម្ចីតិចតួច​ពី​ឪពុ​ក​លោ​កក្នុងការវិនិយោគ។ លោកធ្លាប់បានខ្ចីប្រាក់១លានដុល្លារអាមេរិក​ពីឪពុក​លោក​ហើយលោក​បានកសាង​ក្រុមហ៊ុនដែលមាន​តម្លៃច្រើន​ជាង១០ពាន់លានដុល្លា​រអាមេរិក​ទៅ​ទៀត​​នាពេលបច្ចុប្បន្ន​នេះ៕​

អត្ថបទដោយ៖ ឡាយ ឧត្ដម