រដ្ឋបាលខេត្តកំពង់ចាម៖ គម្រោងស្ថាបនាផ្លូវជាតិ ២៧០ កំពុងពន្លឿនការសាងសង់ឱ្យចប់រួចរាល់នៅឆ្នាំ ២០២១ នេះ

ដោយសារតែផ្លូវលេខ ២៧០ ជាផ្លូវដែលកំពុងមានភាពមមាញឹកខ្វាត់ខ្វែងក្នុងការធ្វើចរាចរណ៍ និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់មួយផងដែរ  អញ្ចឹងហើយទើបនាពេលថ្មីៗ នេះ រដ្ឋបាលខេត្ត កំពង់ចាម បានប្រកាសថាគម្រោងស្ថាបនាផ្លូវមួយនេះបានកំពុងតែពន្លឿនការសាងសង់ធ្វើយ៉ាងណាដើម្បីឱ្យរួចរាល់នៅក្នុងឆ្នាំ ២០២១ ខាងមុខ។

តាមរយៈ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា កត្តាដែលជំរុញឲ្យមានការ ការសាងសង់ផ្លូវលេខ ២៧០ នេះ ក៏ព្រោះតែផ្លូវមួយខ្សែនេះមានសភាព ខូចខាតធ្ងន់ធ្ងរ ដែលបង្កផលលំបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទាំងការធ្វើចរាចរណ៍ ហើយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ។

លោកអភិបាលក៏បានបន្ដថា ដោយចង់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ឥលូវនេះក្រុមការងារជំនាញខេត្តនិងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនល្បឿនក្នុងការស្ថាបនាកំណាត់ផ្លូវលេខ ២៧០ ដែលតភ្ជាប់ពីឃុំរកាកោងខេត្តកណ្តាល ដល់ទីប្រជុំជនស្រុកកងមាសឲ្យហើយនៅពេលឆាប់ៗ នេះ ពោលគឺឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២១។

បន្ថែមពីនេះ លោកអភិបាលក៏បានគូសបញ្ជាក់ថា បើទោះបីទំហំថវិកាមានការប៉ះពាល់ដោយសារកូវីដ១៩ យ៉ាងក៏ដោយ ក្រសួងបានធ្វើការប្ដេជ្ញាចិត្ដជាមួយខេត្ដថានឹងធ្វើឱ្យរួច ដើម្បីកុំឱ្យបងប្អូនយើងពិបាក និងសម្រួលដល់ការរស់នៅដល់អ្នកដែលរស់នៅតំបន់នោះ។

សូមបញ្ជាក់ ដោយសារតែមានការផ្ទុះឡើងនូវជំងឺ កូវីដ ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ មក កំណាត់ផ្លូវ ២៧០ ត្រូវបានផ្អាកសាងសង់មួយរយៈ។ បច្ចុប្បន្ន  ការស្ថាបនាផ្លូវដែលមានប្រវែងជាង ៥៨ គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ជាគ្រោះកៅស៊ូបានចំនួន ៤៨ គីឡូម៉ែត្រហើយ និងនៅសល់១២គីឡូទៀត កំពុងនឹងត្រៀមបន្ដសាងសង់ឲ្យរួចរាល់នៅឆ្នាំ ២០២១។

ជាចុងក្រោយ ឯកឧត្ដមក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់ និងមានការអធ្យាស្រ័យខ្ពស់ចំពោះការសាងសង់ផ្លូវ ២៧០ នេះ ព្រោះថាក្រសួងសាធារណការកំពុងដោះស្រាយ និងសិក្សាបន្ថែមទៀត ដើម្បីធានាសុវត្ថិភាព និងគុណភាពផ្លូវឱ្យស្របតាមស្ដង់ដា៕

ដោយ៖ ស្រីពេជ្រ