រដ្ឋបាលរាជធានីភ្នំពេញប្រកាសតម្លើងបំពង់ក្រោមដី ថ្មីនៅការដ្ឋានស្ថានីយបូមទឹកទួលសំពៅ ដើម្បីបង្កើនល្បឿនបូមទឹកឲ្យបានលឿនជាងមុន

ក្រោយដើមរដូវវស្សាបានចូលមកដល់ និងចាប់មានភ្លៀវធ្លាក់ស្ទើរតែរាល់ថ្ងៃ ដែលអាចបណ្ដាលឲ្យមានផលវិបាកទឹកហូរមិនទាន់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅបានប្រកាសជូនដំណឹងស្តីពីការជីកកាត់នៅតំបន់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងព្រំប្រទល់ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ ដើម្បីកប់បំពង់ក្រោមដីរបស់ការដ្ឋានសាងសង់ស្ថានីយ បូមទឹកទួលសំពៅ ។

 

តាមរយៈសេចក្ដីប្រកាសដដែលបានឲ្យដឹងថា បច្ចុប្បន្នស្ថានីយបូមទឹកទូលសំពៅ បាននឹងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹក បន្ថែមចំនួន ១២ម៉ែត្រគូបក្នុង ១ វិនាទី ដែលបំពាក់ម៉ូទ័រថ្មីចំនួន០៤គ្រឿង ទំហំ ១ម៉ែត្រ លើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ ៥ ម៉ែត្រគូបក្នុង ១វិនាទី ហើយដែលការដ្ឋានសាងសង់នេះទៀតសោត គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្រេច ៩៥% រួចហើយ។

 

មែនទែនទៅ ចំពោះស្ថានីយថ្មីនេះ នឹងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ម៉ែត្រគូបក្នុង ១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ក្នុងការដំឡើងបំពង់ក្រោមដីនេះ ការដ្ឋាននឹងជីកកាត់ទទឹងផ្លូវបេតុងប្រវែង ២២ម៉ែត្រ និងកាត់បណ្ដោយផ្លូវបេតុងប្រវែង ១៦,៥ម៉ែត្រ ដោយដំណើរការការដ្ឋាន ១ ចំហៀងផ្លូវម្ដងៗ និងរក្សាទុកឱ្យប្រជាពលរដ្ឋ ធ្វើចរាចរឆ្លងកាត់ទីតាំងការដ្ឋាន ១ចំហៀងផ្លូវជាផ្លូវទ្វេទិស។

 

ជាមួយគ្នានេះ ការជីកនឹងត្រូវបានអនុវត្តជា ២ ដំណាក់កាល ដែលដំណាក់កាលទី១៖ ជីកកាត់ ១ ចំហៀងផ្លូវ ចាប់ពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨៖០០ នាទីព្រឹកតទៅ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។ ស្របពេលដែលដំណាក់កាលទី២៖ ជីកកាត់ ១ចំហៀងផ្លូវទៀត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨៖០០នាទីព្រឹកតទៅ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

 

គួរបញ្ជាក់ ការតម្លើងបំពង់ក្រោមដីថ្មីនៅការដ្ឋានស្ថានីយបូមទឹកទួលសំពៅនេះ គឺក្នុងគោលបំណងដើម្បីបង្កើនល្បឿនបូមទឹកចេញអោយបានលឿន ដែលបញ្ជៀសការជនលិចទីក្រុង និងផ្ដល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលរស់នៅតំបន់នោះផ្ទាល់តែម្ដង៕

ដោយ៖ ស្រីពេជ្រ