រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន ៣ ខែ្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

ដោយមើលឃើញពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងតំបន់ ៣ សំខាន់ៗ នៅរាជធានីភ្នំពេញ រដ្ឋាភិបាលគ្រោងនឹងសាងសង់ ផ្លូវក្រោមដី ៣ ខ្សែ ត្រង់ចំណុច ផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ ក្នុងគោលបំណងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។​

ជាមួយគ្នានេះ គម្រោងសាងសង់ផ្លូវ ៣ ខ្សែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត នូវ គម្រោង​ស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បី កុំឱ្យ​មានការ​កកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់ នៅក្នុង​បុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ។ គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី៣ ស្ថិត​នៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងយ៉ាងដូច្នេះថា៖ «គម្រោងសាងសង់ផ្លូវ​ក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជ​ធានី​ភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ»។

បន្ថែមពីនេះ ឯកឧត្ដមបាន​បន្ដ​ថា៖ «ផ្លូវក្រោមដីទាំង ៣ ខ្សែនោះរួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិ​លេខ១ រដ្ឋ​បាល​រាជ​ធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួត​បានឯកភាពគ្នាលើគម្រោងស្ថាបនា​ផ្លូវ​ក្រោម​ដីដែល​តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ»។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន​បញ្ជាក់ឱ្យដឹងថា៖ «ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចមុខវិទ្យាស្ថានភាសា បរទេស គឺ​រត់​ពី​ក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យា​ស្ថាន​​ភាសា បរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូលមិន​ប្រឈម​នឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបានបន្ថែមថា ចំណែកនៅ តំបន់កា្ដន់​ពីរវិញ ផ្លូវក្រោមដីនេះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ​១៦៩ ឆ្ពោះ​ទៅ​ផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ»។

 

គួរបញ្ជាក់ផងដែរ ការស្ថាបនា ផ្លួវក្រោមដីនេះ គឺជាយន្ដការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែងរបស់រដ្ឋាភិបាល ដើម្បី​ជួយសម្រួលដល់ការចេញ-ចូល របស់សិស្សនិសិត្សនៅសាកលវិទ្យាល័យភូមិភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ខណៈផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មាន​ស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍ និងរំខានដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ចំពោះពេលវេលាក្នុងការចាប់ផ្ដើមសាងសង់ និងទឹកប្រាក់ត្រូវចំណាយមិនទាន់មានការបញ្ជាក់ច្បាស់នូវឡើយ៕

ដោយ៖ ស្រីពេជ្រ