រដ្ឋបាលរាជធានីភ្នំពេញ គ្រោងពង្រីកផ្លូវព្រះមន្នីវង្ស និងផ្លូវលេខ២៧១ ឲ្យបាន ៣ គន្លង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការកកស្ទះចរាចរណ៍ដ៏ណែនតាន់តាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោងនឹងពង្រីក​ផ្លូវ​ព្រះ​មន្នី​វង្ស និង​ផ្លូវ​លេខ​២៧១ ឲ្យបាន ៣ ​គន្លង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

ការអះអាងចំពោះគម្រោង​នេះ ​ត្រូវ​បានធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុង​អធិបតីភាព លោក ​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

តាមរយៈ លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពីការកកស្ទះរាល់ថ្ងៃ​នៅតំបន់​ច្រមុះជ្រូក​ក្បាលថ្នល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឃួ​ង ស្រេង បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក​ការ៉ាស ​សាំង​សូ​គី​មិច​ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូរ​ទៅ​កាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន ។

លោក​ក៏បាន​បន្ដ​ទៀត​ថា ពាក់ព័ន្ធ​នឹង​ការ​កែ​ប្រពន្ធ​លំហូរ​សារាចរ​នៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះ​មន្នី​វង្ស​អោយ​បាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី ​គន្លង​ជាមួយនឹង​ការ​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​នៅ​ច្រមុះជ្រូក​នេះ​ចេញ​ផង​ដែរ ។

ដើម្បីជាការឆ្លើយតប​ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ឯកភាព​ទៅ​នឹង​ការ​កែពង្រីកផ្លូវ​ពីរ​ខាងលើ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក​បាន​ធ្វើការ​ណែនាំ​អោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​ លោក​សាំ ពិសិដ្ឋ មុន​នៃ​ការ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ស្ទុប​ទាំង​២​នេះ​ត្រូវ​តែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​ការ​កែសម្រួល​ប្រព័ន្ធ​សារាចរ​នៃ​ស្តុ​ប​ទាំង​ពីរ​ខាងលើ​នេះ។

ចំពោះផែនការសម្រាប់គម្រោងនេះគឺ ពង្រីកទទឹង ៣ ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្ស និងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក។ បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយសូគីម៉ិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចតេជោ ហ៊ុន សែន។ បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយប្រេងសូគីម៉ិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១ និងកែសម្រួលប្រព័ន្ធភ្លើងស្តុបចរាចរថ្មីឡើងវិញ។

សូមបញ្ជាក់ ក្រៅពីពង្រីកផ្លូវទាំងពីរនេះដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ហើយ រដ្ឋាបាលរាជធានីភ្នំពេញក៏គ្រោងនឹង​កែសំរួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុ​ប​វត្ត​នាគ​វ័ន​ផង​ដែរ ដោយ​នឹង​ធ្វើការ​បើកផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដែល​បច្ចុប្បន្ន​នេះ​បិទ​មិន​អោយធ្វើ​ចរាចរណ៍​ឡើង​មក​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី និង​កាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ចូល​ទៅ​វត្ត​នាគ​វ័ន​អោយ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតិ​អោយ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទៅ​លើ​កំណាត់​ផ្លូវ​លេខ ​២២១ ​នេះ​ឡើយ៕

ដោយ៖ ស្រីពេជ្រ