រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវអាកាសមួយកន្លែងនៅផ្លូវជាតិ លេខ ៣ត្រង់ចំណុចផ្សារត្រាំខ្នា

ក្រោយពីមើលឃើញផលលំបាកដោយសារបញ្ហាកកស្ទះចរាចរណ៍ និងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ហើយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវអាកាសមួយកន្លែងកាត់ត្រង់ចំណុចផ្លូវជាតិ លេខ ៣ ។ នេះបើយោងតាមក្រសួងសាធារណលារ និងដឹកជញ្ជូន។

យោងតាមរយៈ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា៖ “គម្រោងស្ពានអាកាសរំលងផ្លូវជាតិលេខ ៣ នេះ នឹងត្រូវសាងសង់ឡើងនៅត្រង់ចំណុចផ្សារត្រាំខ្នា”។

ការលើកឡើង របស់លោក ឯកឧត្តម បានធ្វើឡើងក្នុងឱកាសចុះពិនិត្យគុណភាពលើការសាងសង់ផ្លូវជាតិលេខ ៣ ពីផ្លូវបំបែក ចោមចៅ រាជធានីភ្នំពេញ ដល់ខេត្តកំពត នៅថ្ងៃ ទី២១ ខែ ឧសភា ឆ្នាំ ២០២០ កន្លែងទៅនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ដថា ចំណុចនៅម្តុំផ្សារត្រាំខ្នានេះ ទទឹងផ្លូវជាតិមានប្រវែងរហូតដល់២៤,៥ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់។ ដូច្នេះហើយទើបតម្រូវឲ្យមានការសាងសង់ស្ពានអាកាសនេះឡើង។

បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឲ្យក្រុមហ៊ុនដែលទទួលខុសត្រូវម៉ៅការអភិវឌ្ឍន៍ផ្លូវជាតិលេខ ៣ នេះ នឹងដាក់គំនូសរលក់ ឬរំញ័រនៅលើដងផ្លូវទាំងទៅ ទាំងមក មុន ១០០ ទៅ ២០០ម៉ែត្រ នៃទីប្រជុំជនផ្សារត្រាំខ្នា និងសាលារៀន ដើម្បីពញាក់ដល់អ្នកបើកបរឲ្យបន្ថយល្បឿន។ ទន្ទឹមគ្នានឹងការកាំម៉េរាចាំវាស់ល្បឿនលើសកំណត់ ក៏ត្រូវបានដាក់នៅតាមបណ្តោយ្លូវជាតិលេខ ៣ ដែលមានរហូតដល់ជាង ១០ កន្លែង។

ដោយឡែក ផ្លូវជាតិលេខ ៣ មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស (ទទឹង២៤,៥ម៉ែត្រ) ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ ២ ទៅ២ មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពតប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២ គន្លង ១ ទៅ ១ មក ដោយសារទទឹងផ្លូវមានតែ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូACកម្រាស់ ៧០ មីលីម៉ែត្រ។

គួរបញ្ជាក់ផងដែរ គម្រោងធ្វើឲ្យល្អប្រសើរឡើងផ្លូវជាតិលេខ៣ ត ភ្ជាប់ពីភ្នំពេញទៅខេត្តកំពត នឹងចប់រួចរាល់ជាស្ថាពរនៅក្នុងខែ ធ្នូ ឆ្នាំ ២០២១ ខណៈក្នុងគម្រោងសាងសង់រហូតដល់ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ៖ ស្រីពេជ្រ