រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនីចំនួន ២៥%ដល់អាជីវកម្ម ក្នុងវិស័យសំខាន់ ៤ កំឡុងសម័យ កូវីត១៩

ដោយមើលឃើញពីការលំបាក និងបញ្ហាប្រឈមរបស់វិស័យធំៗ ដូចជា ឧស្សហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងសម័យ កូវីដ ១៩ រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ដោយកាត់បន្ថយថ្លៃអគ្គិសនីចំនួន ២៥ ភាគរយ ចំនួន ៥ ​ខែ ចាប់ពីខែ មិថុនា ដល់ ខែតុលា ឆ្នាំ ២០២០ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួង​រ៉ែ និងថាមពល កាលពីថ្ងៃទី ១៩ ខែ ឧសភា នេះ។

មែនទែនទៅ ផែនការដែលបានដាក់ចេញនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយ​សម្រួល​​ទាំងការលំបាក ក្នុងការ​បង់ថ្លៃអគ្គិសនី របស់ទីតាំងដែលបានព្យួរ ឬបន្ថយសកម្មភាព​ផលិតកម្ម ឬអាជីវកម្ម និងរួមទាំង​ ជួយលើកទឹកចិត្ត​ចំពោះទីតាំង​ដែលមាន​បរិយាកាស​អំណោយផល អាចបង្កើន​សកម្មភាព​ផលិតកម្ម ឬ អាជីវកម្ម​ ក្នុងរយៈពេល​អនុវត្ត​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការចម្លង​មេរោគ​កូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋាភិបាលផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែកការបង់ថ្លៃ តាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃ អគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់អគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ។

ក្នុង​ប្រកាសដដែលនោះ ក៏ផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ ភាគរយ លើការបង់ថ្លៃអគ្គិសនី ដែលប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែដើមឆ្នាំ (ពីខែ មករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាចបង្កើតសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួលទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ ​កូវីដ-១៩។

បន្ថែមពីនេះ រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន៕

ដោយ៖ ស្រីពេជ្រ