រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា

ដើម្បីទប់ស្កាត់ និងឆ្លើយតបទាក់ទិននឹងបញ្ហាការរីករាលដាលនៃ កូវីត ១៩ រដ្ឋាភិបាលអាមេរិក បានប្រកាសបន្ដជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានផ្សេងៗ បន្ថែមទៀតដល់រាជរដ្ឋាភិបាល កម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។

ការលើកឡើងរបស់ ឯកឧត្តមអគ្គរដ្ឋទូតនេះ បានធ្វើឡើងកំឡុងពេលជួបពិភាក្សាការងារ ជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ឆ្នាំ២០២០គឺជាខួបទី ៧០ ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្រៅពីគម្រោងអភិវឌ្ឍន៍ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់”។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា ក្នុងឆ្នាំ ២០២០ នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងផ្តល់នូវលទ្ធផល ប្រកបដោយផ្លែផ្កាកាន់តែធំធេងថែមទៀត។ បន្ថែមពីនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍នៃជំងឺកូវីដ-១៩ នេះ ក៏ដូចជាបានចាត់វិធានការបានយ៉ាងល្អប្រសើរចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន សម្រាប់បំពេញតម្រូវការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោត ជាពិសេសលើវិស័យសុខាភិបាល, អប់រំ, បរិសា្ថន, កសិកម្ម និងអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តមក៏បានថ្លែងអំណរ គុណផងដែរចំពោះឯកឧត្តម Patrick Murphy ដែលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។

ដោយឡែក សហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារកែទម្រង់ថវិកាក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។ លើសពីនេះ ក្នុងបរិការណ៍ ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីត ១៩ នេះ កម្ពុជាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឱ្យមានស្ថិរភាព ដោយបានដាក់ចេញវិធានការណ៍អន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនិងគោលនយោបាយកែតម្រូវខ្សែច្រវាក់ ផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារឱ្យនៅក្នុងកម្រិតទាប។

គួរបញ្ជាក់ផងដែរ បើគិតមកទល់ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រមាណ ៣.៥ លានដុល្លារអាមេរិក ហើយ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធ នឹងជំងឺកូវីត ១៩៕

ដោយ៖ ស្រីពេជ្រ