រដ្ឋាភិបាល ដាក់ចេញនូវវិធានការចំនួន ២ ដើម្បីលើកស្ទួយ សហគ្រាសតូច-មធ្យម ក្នុងកំឡុងកូវីដ ១៩

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែល​ចេញផ្សាយ​ នាថ្ងៃទី​ ១៤ ខែ កក្កដា ឆ្នាំ ២០២០ ទាក់ទងនឹង​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ​លើក​ទី​ ១ សម្រាប់រយៈពេលបន្ទាន់ ខ្លី មធ្យម  បានឲ្យដឹងថា ​ វិធានការចំនួន ២ នឹងត្រូវបានដាក់ចេញ ដើម្បីជួយទ្រទ្រង់ដល់ SMEs ក្នុងកំឡុងវិបត្តិ កូវីដ ១៩ នេះ។

យ៉ាងណា​មិញ បំពោះ​វិធានការ​ទី​១ ​សម្រាប់​រយៈពេល​បន្ទាន់​នឹង​ផ្តោតលើ​ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​ SMEs ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់ ការចុះបញ្ជី គណនេយ្យ ទីផ្សារ និង​បច្ចេកទេស​, និង​ជំរុញ​ការគាំទ្រ ការផ្តល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​។

ចំណែកឯវិធានការ​ទី​២ ​សម្រាប់​រយៈពេល​ខ្លី​ និង​មធ្យម ​នឹង​ផ្តោតលើ​ការគាំទ្រ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​រួមមាន​៖ ការបន្ត​កំណែទម្រង់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​ការអនុវត្ត ការលើក​កម្ពស់​សេវា​គាំទ្រ​ធុរកិច្ច ការគាំទ្រ​ហិរញ្ញវត្ថុ ការលើកកម្ពស់​ទីផ្សារ​សម្រាប់​ SMEs ការជំរុញ​ និង​លើកកម្ពស់​ធនធាន​មនុស្ស និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបាន​ថ្លែង​ជារួមថា សម្រាប់​ការជួយ​គាំទ្រ​ SMEs និង​ការដោះស្រាយ​បញ្ហា​ប្រឈម​របស់​ SMEs ​ត្រូវការ​សម្របសម្រួល និង​ការដោះស្រាយ​ជា​ប្រព័ន្ធ និង​ត្រូវការ​រួមចំណែក​ពី​អន្តរក្រសួង​ស្ថាប័ន​ទើប​ធ្វើ​ឲ្យ​ SMEs ​មាន​លទ្ធភាព​គ្រប់គ្រាន់​ចូលរួម​វិភាគទាន​ដល់​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ចំណូល​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ បំពេញ​តម្រូវការ​ក្នុងស្រុក ក៏ដូចជា​លើកកម្ពស់​សក្តានុពល​សេដ្ឋកិច្ច​។

យ៉ាងណាមិញ កាលពីខែ មិនា កន្លងទៅ រដ្ឋាភិបាលបានប្រកាសការអនុវត្ដហិរញ្ញប្បទានពិសេសចំនួន ៥០ លានដុល្លារ ក្នុងការជួយគាំទ្រ ដល់វិស័យកែច្នៃផលិតកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទាំងនេះ រស់បានរឹងមាំក្នុងគ្រា ដែលកំពុងមានវិបត្ដិដោយសារ កូវីដ ១៩ និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធ EBA។

សូមបញ្ជាក់ គិតត្រឹមឆ្នាំ ២០១៩ នៅកម្ពុជា មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល មានសរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់៕

ដោយ៖ ស្រីពេជ្រ