របៀបដែលយុវជនវ័យ៣០ឆ្នាំម្នាក់អាចរកចំណូលបានរហូតដល់ទៅ ១.៦លានដុល្លារអាមេរិក ហើយអាចសន្សំបាន៩៩%នៃប្រាក់នោះ

លោក Kevin O’Leary ដែលជាវិនិយោគិននៅ “Shark Tank” បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះរបៀបដែលយុវជនវ័យ៣០ឆ្នាំអាចរកចំណូលបានរហូតដល់ទៅ ១.៦លានដុល្លារអាមេរិកការពីឆ្នាំទៅ ហើយអាចសន្សំបាន៩៩%នៃប្រាក់នោះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CNBC។

យុវជនម្នាក់នោះមាន ឈ្មោះថា Graham Stephan ដែលរស់នៅក្នុងរដ្ឋ Los Angeles នៃសហរដ្ឋអាមេរិក។ លោកជាអ្នកវិនិយោគអចលនទ្រព្យ និងជា YouTuber ដ៏ល្បីម្នាក់ផងដែរ។

វិនិយោគិនជើងចាស់ O’Leary គឺពេញចិត្ដនឹងរបៀបដែល Stephan អាចក្លាយខ្លួនជាសេដ្ឋីក្នុងវ័យ​ត្រឹម​តែ២៦ឆ្នាំបាន ដោយលោកបានសង្កត់ធ្ងន់ទៅលើរបៀបនៃការចាយវាយ និងចំណាយរបស់ Stephan រួមទាំងរបៀបនៃការបង្កើតចំណូលតាមដែលអាចធ្វើបាន និងការសន្សំសំចៃរបស់លោក។

សេដ្ឋី Graham Stephan មិនចំណាយប្រាក់លើរឿងពីរយ៉ាង ដែលធ្វើឲ្យលោកអាចសន្សំប្រាក់បានរហូតដល់៩៩%នៃចំណូលរបស់លោក។

ទី១៖ គឺការទិញកាហ្វេថ្លៃៗជារៀងរាល់ថ្ងៃ។ មនុស្សជាច្រើន ប្រហែលជាមិនបានចាប់អារម្មណ៍នោះទេ ថាពួកគេបានចំណាយប្រាក់យ៉ាងច្រើននៅក្នុង១ខែៗ ទៅលើថ្លៃកាហ្វេប្រេនរបស់ពួកគេ។ ប្រសិនបើ អ្នកទិញកាហ្វេនៅ Starbuck ២កែវក្នុង១ថ្ងៃ នោះយ៉ាងហោចណាស់អ្នកត្រូវចំណាយខ្ទង់៣០០$​ដែលក្នុង១ខែ។ ចុះបើ១ឆ្នាំ តើអ្នកនឹងចំណាយអស់ប៉ុន្មាន​? សម្រាប់លោក Stephan លោកបានទិញកាហ្វេកញ្ចប់មកធ្វើខ្លួនឯងនៅការិយាល័យ ឬនៅផ្ទះរបស់លោក ដោយចំណាយអស់តែ២០សេនតែប៉ុណ្ណោះ ដែលលោកបានលើកឡើងថា លោកមិនចង់បាត់បង់ប្រាក់សូម្បីតែ១សេន។

ទី២៖ ការទិញសម្លៀកបំពាក់ថ្លៃៗ។ តាមពិតទៅសម្លៀកបំពាក់វាជារបស់ដែលចាំបាច់ប្រើសម្រាប់មនុស្ស ប៉ុន្ដែមិនបានបង្ហាញថាការទិញសម្លៀកបំពាក់ថ្លៃជារឿងដែលមនុស្សត្រូវតែធ្វើនោះទេ។ សម្លៀកបំពាក់សមរម្យ និងទិញមិនញឹកញាប់ នោះជាវិធីដែលអ្នកអាចសន្សំប្រាក់យ៉ាងមានប្រសិទ្ធិភាព។

ប្រភពចំណូលសំខាន់របស់ Stephan គឺបានមកពី អចលនទ្រព្យផ្ទាល់ខ្លួនដែលលោកបានទិញ និងលក់ ឬជួល ចំណូលពីកម្រៃជើងសារ ចំណូលពី YouTube ដែលមានអ្នក Subscribe រហូតដល់ទៅជាង១លាននាក់ រួមទាំងចំណូលបានមកពីSponsors ដែលទទួលបានរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែ។

ជាចុងក្រោយ ដើម្បីអាចសល់ប្រាក់ច្រើន អ្នកត្រូវគិតរឿងពីរ៖ ទី១៖ រកប្រភពចំណូលឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ទី២៖ ពិនិត្យការចំណាយប្រចាំថ្ងៃ និងខែរបស់អ្នកជាដើម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម