របៀបធ្វើការរបស់លោក Jeff Bezos គឺធ្វើដំណើរឲ្យបានលឿន និងផ្ដោតលើលទ្ធផលជាធំ

នៅក្នុងក្រុមហ៊ុន Amazon តែងតែចាត់ទុករៀងរាល់ថ្ងៃជាថ្ងៃទី១ដែលពួកគេធ្វើចូលធ្វើការងារជានិច្ច ដោយហេតុថាថ្ងៃទី១ វាជាថ្ងៃដែលពោរពេញទៅដោយថាមពល ភាពអង់អាចក្លាហាន។ ថ្ងៃទី១ គឺជាការបង្ហាញថា វាជាពេលដែលរីករាយបំផុត ហើយក៏ជាពេលដែលធ្វើឲ្យអតិថិជនមានការរីករាយបំផុតផងដែរ។

លោក Jeff Bezos បានរំលឹកដល់បុគ្គលិកទាំងអស់របស់លោកឲ្យចាត់ទុកជារៀងរាល់ថ្ងៃ ហាក់ដូចជាថ្ងៃទី១ដែលពួកគេបានចូលមកបម្រើការងារដំបូង។ ចំណែក ថ្ងៃទី២វិញ លោក Bezos តែងតែលើកឡើងថា វាជាថ្ងៃដែលមិនគ្រាប់ប្រសើរ ជាថ្ងៃដែលលោកតែងមានការព្រួយបារម្ភ។ ព្រួយបារម្ភដោយហេតុថា គ្រប់វិធីដែលក្រុមហ៊ុន  អង្គភាព បុគ្គលិក បានធ្វើនាពេលកន្លងមកវាក្លាយជាចាស់គំរិល។ គ្រប់ដំណើរការងារទាំងអស់វាបានដើរដល់ដំណាក់កាលមួយដែលទៅមុខលែងកើត គ្រប់ការងារទាំងអស់ដែលយើងកំពុងធ្វើ វាកំពុងដើរដល់ទីបញ្ចប់ ដែលនៅពេលនោះហើយ ដែលគ្រប់សកម្មភាពទាំងអស់ នៅក្នុងក្រុមហ៊ុននឹងនៅទ្រឹងមួយកន្លែង។ ថ្ងៃទី២ ដែលលោក Jeff Bezos តែងសំដៅដល់នោះគឺជាថ្ងៃដែលក្រុមហ៊ុនទទួលនូវការបរាជ័យ ហើយក៏ជាថ្ងៃដែលយើងគ្រប់គ្នាត្រូវទទួល​ស្គាល់ពីភាពបរាជ័យរបស់ខ្លួនផងដែរ។

ជាទូទៅ ក្រុមហ៊ុនធំៗតែងតែទទួលរងនូវហានិភ័យខ្ពស់ វាប្រៀបដូចជាពាក្យគេតែងនិយាយថា “ទូកធំ ត្រូវតែក្ដោងធំ” ដូច្នេះដែរ។ នៅពេលដែលក្រុមហ៊ុនបានដើរដល់ដំណាក់កាលកំពូល ឬដំណាក់កាលឆ្អែត នោះវាពិបាកណាស់នៅក្នុងការផ្លាស់ទីទៅមុខឲ្យបានលឿនដូចពេលមុន។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនរបស់អ្នក មានការសម្រេចចិត្តឲ្យបានលឿនជាងក្រុមហ៊ុនដែលទើបតែកកើត ឬទើបតែរីកធំ។

ជាបទពិសោធន៍ និងផ្អែកតាមលិខិតដែលលោក Jeff Bezos បានផ្ញើរទៅម្ចាស់ភាគហ៊ុនរបស់លោកកាលពីឆ្នាំ២០១៦ បានចែករំលែកនូវគន្លឹះនៅក្នុងការយកឈ្នះ និងឆ្លងកាត់ដំណាក់កាលស្លាប់រស់មួយនេះ៖

១. នៅតែផ្តោតសំខាន់បំផុតទៅអតិថិជន និងការអង្កេតលើអតិថិជន

២. កុំសូវផ្ដោតលើលំដាប់លំដោយពេក ត្រូវផ្ដោតលើលទ្ធផល

៣. ត្រូវស្ថិតក្នុងស្ថានភាពប្រុងប្រៀប និងសម្របខ្លួនឲ្យបានលឿនរហ័សចំពោះនិន្នាការ   ក្នុងសង្គម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម