រយៈពេល ៥ ខែដើមឆ្នាំនេះ កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅកាន់ ប្រទេសថៃ បានជាង ៣ ម៉ឺនតោន

តាមរយៈ Facebook ផ្លូវការរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ នេះ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការនាំចេញ ផ្លែ ម្ទេសស្រស់ កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៣ម៉ឺនតោន ក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២០ ដែលចំនួននេះមានកើនយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។

ក្នុងនោះផងដែរ លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១,០០២ តោន នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។

ដោយឡែក ក្នុងរយៈពេល ៥ ខែ ៥ ថ្ងៃ ដើមឆ្នាំ ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០,៨៥២ តោន ដែលមានការកើនឡើងខ្លាំងបើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

ទន្ទឹមនឹងនេះ ដោយមើលឃើញថា ប្រជាជនថៃនិយមចូលចិត្ត ពិសាម្ទេសជាអាហារប្រចាំថ្ងៃរបស់ខ្លួនស្ទើរមិនដែលខាន  ដូច្នេះតម្រូវការនេះពិតជាធ្វើឲ្យកម្ពុជា មានឱកាសខ្ពស់ក្នុងការនាំចេញ ផ្លែ ម្ទេស របស់ខ្លួនទៅកាន់ប្រទេសនេះបានច្រើនដើម្បីបំពេញការខ្វះខាត។

ជាមួយគ្នានេះ តាមប្រភពពត៌មានដដែល ក៏បានបញ្ជាក់ប្រាប់ថា ភាគច្រើនប្រភេទ ម្ទេស ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេស ថៃ ភាគច្រើនជាម្ទេសដៃនាង និងម្ទេសអាចម៍សត្វ។

មែនទែនទៅ ក្រៅពីផ្លែ ម្ទេស កម្ពុជាក៏បានសម្រេចការនាំចេញ ផ្លែក្រូចថ្លុង ដែលជាដំណាំមួយប្រភេទ ប្រជាជនខ្មែរយើងចូលចិត្តបរិភោគ និងចូលចិត្តដាំ ប្រមាណ ៧៥០ តោន​ និងចំណិតដំឡូងមីក្រៀម​ ប្រមាណ ១ ២៥០ តោន ទៅកាន់ប្រទេសថៃ ត្រឹមរយៈពេល ៤ ខែ ដំបូងនៃដើមឆ្នាំ ២០២០ នេះ។

គួរបញ្ជាក់ផងដែរ ផលិតផល​កសិកម្មដែល កម្ពុជា ភាគច្រើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស  រួមមានដូចជា អង្ករ​ ចំណិត​ដំឡូង​មីក្រៀម ដំឡូងមីស្រស់ គ្រាប់ស្វាយចន្ទី​ ​គ្រាប់ពោត​ សណ្តែក​សៀង ផ្លែចេក ផ្លែស្វាយ​ ម្រេច បន្លែ និងមុខទំនិញ​នៃដំណាំ​ផ្សេងៗ ទៀត​។ ខណៈទីផ្សារមានដូចជា  ចិន ទីផ្សារអ៊ឺរ៉ុប ទីផ្សារ​អាស៊ាន និងទីផ្សារគោលដៅ​ផ្សេងទៀត​ផងដែរ៕​

ដោយ៖ ស្រីពេជ្រ