រយៈពេល ៦ ខែ ដំបូងក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញស្រូវប្រមាណជិត ១ លានតោន ទៅកាន់ប្រទេសវៀតណាម

បើទោះបីជាដើមឆ្នាំ ២០២០ នេះ កម្ពុជា ទទួលបានការរំខានពី កូវីត ១៩ ក៏ដោយ តែទោះជាយ៉ាងណាក្ដី ឧស្សាហកម្មនាំចេញអង្ករ និងស្រូវ របស់កម្ពុជា នៅតែមើលឃើញថាមានភាពល្អប្រសើរ។ ជាពិសេសចាប់តាំងពីខែ មករា ដល់ខែ មិថុនា ឆ្នាំនេះ ស្រូវរបស់ កម្ពុជា ប្រមាណជិត ១ លានតោន ត្រូវបានរាយការណ៍ថា បាននាំចេញទៅកាន់ប្រទេសវៀតណាម ដោយសុវត្ថិភាពមិនមានផលប៉ះពាល់អ្វីឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា កម្ពុជា បាននាំចេញស្រូវ ៩២២.០៤៧ តោន ទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៩ ខែ មិថុនា។ ហើយភាគច្រើន ស្រូវទាំងអស់នេះមានប្រភពមកពីខេត្ត កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ បាត់ដំបង និងកំពតជាដើម។

ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ ស្រូវភាគច្រើនដែលនាំចេញទៅប្រទេសវៀតណាម គឺជាប្រភេទស្រូវ ដែលដាំដុះក្នុងរយៈពេលខ្លី ដែលអាចចំណាយពេលត្រឹមប្រមាណតែ ៣ ខែប៉ុណ្ណោះ ក្នុងការទទួលផល។

លោកបានមានប្រសាសន៍បន្ដថា ការដាំដុះស្រូវក្នុងរយៈពេលខ្លីមិនមែនជាគោលដៅរបស់យើង សម្រាប់ការនាំចេញទេ ប៉ុន្តែយើងលើកទឹកចិត្តឱ្យកសិករនាំចេញ ព្រោះវាអាចជួយប្រជាកសិករក្នុងការរកប្រាក់ចំណូលបន្ថែម និងទទួលបានដើមទុនកាន់តែច្រើន។

លោកក៏បានបន្ថែមថា រហូតមកដល់ពេលនេះ ភាគច្រើនការនាំចេញអង្កររបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមមិនត្រូវបានកត់ត្រាជាផ្លូវការទេ ហើយត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ២ លានតោននៅចុងឆ្នាំនេះ។

យោងតាមតួលេខរបស់ CRF កម្ពុជាបាននាំចេញអង្ករសរុប ២៣០.៩៤៨ តោនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺកើនឡើង ៣៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ ចំពោះតួលេខនេះក៏បានបង្ហាញថានៅក្នុងត្រីមាសទី ១ នេះអង្ករ ៤៤ ភាគរយនៃអង្កររបស់កម្ពុជាត្រូវបានដឹកជញ្ជូនទៅប្រទេសចិន ចំនួនសរុប ១០១.៣៤៥ តោន។

ដោយឡែក ប្រទេសចិន និងសហគមន៍អ៊ឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់ កម្ពុជា ក្នុងការនាំចេញអង្ករ។ អត្រានៃការនាំចេញទៅសហភាពអឺរ៉ុបគឺខ្ពស់ ប៉ុន្តែបរិមាណតូចជាងប្រទេសចិន ដូច្នេះទាំងប្រទេសចិន និងសហគមន៍អ៊ឺរ៉ុប សុទ្ធតែជាទីផ្សារសំខាន់សម្រាប់ កម្ពុជា។

គួរបញ្ជាក់ផងដែរ កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករប្រមាណ ​៦២ ​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ដោយឡែក​ស្រូវ​ដែល​នាំទៅថៃ និងវៀតណាម​​ ត្រូវបានរដ្ឋមន្រ្តីកសិកម្ម ធ្លាប់បានអះអាងថា មានចំនួនមិនតិចជាងពី ២​ ទៅ​ ៣ ​លាន​តោន​ក្នុង​មួយឆ្នាំនោះទេ៕

ដោយ៖ ស្រីពេជ្រ