រាជរដ្ឋាភិបាលដាក់ចេញវិធានការ ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយចប់វិបត្តិ

នាពេលថ្មីៗ នេះ រាជរដ្ឋាភិបាល ដាក់ចេញវិធានការ ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិ។ នេះបើយោងតាមសេចក្ដីប្រកាសមួយ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២០។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និង កែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីបង្កើន និង សម្រួលរំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារថែមទៀត។ ក្នុងនោះរួមមានដូចជា ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និង ក្រៅស្រុក ៖

សម្រាប់កម្ចីថ្មី នឹងទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមានកិច្ចព្រមព្រៀង ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (DTA) និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។
ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។ កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២២ ។

សម្រាប់កម្ចីចាស់ នឹងទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។ កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២១ ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំបង្កើត «មូលនិធិធានាឥណទាន» (Credit Guaran-tee Fund) ជាមួយថវិកា ២០០ លានដុល្លារអាមេរិក ។ មូលនិធិនេះ អាចធានាឥណទានកម្ចី តាមរយៈធនាគារ និង មីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធ រំហូរសាច់ប្រាក់ និង ទុនបង្វិលរបស់អាជីវកម្ម-ធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២០០០ លានដុលា្លរអាមេរិក ។

បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងត្រៀមថវិកាសម្រាប់ហិរញ្ញប្បទានបន្ថែមចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ និង ដើរតួជាកាតាលីករជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិ។

គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលក៏បានបេ្តជ្ញា បន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឲ្យខកខាន ដោយនឹងរៀបចំដាក់ឲ្យអនុវត្ត នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម៥ឆ្នាំ, ជនពិការ, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារប្រជាពលរដ្ឋក្រីក្រទាំងនោះផងដែរ៕

ដោយ៖ ស្រីពេជ្រ