រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាចំនួន ២៥ លានដុល្លារក្នុង ១ ខែ សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ៦០ម៉ឺនគ្រួសារ

ប្រមុខរាជរដ្ឋាភិបាល កម្ពុជា កាលពីថ្មីៗ នេះ បានប្រកាសនឹងផ្តល់សាច់ប្រាក់ប្រមាណ ២៥ លានដុល្លារក្នុង ១ ខែ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ដែលរងផលប៉ះពាល់ដោយសារ កូវីត ១៩ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ចំពោះការអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ ២៥ លានដុល្លារក្នុង ១ ខែ សម្រាប់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ប្រមាណ ៦០ ម៉ឺនគ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នឹងចាប់ផ្ដើមនៅថ្ងៃទី ២៤ មិថុនា នេះហើយ។

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររាជជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា ថវិកាប្រមាណ ២៥លានដុល្លារអាមេរិក ក្នុង ១ខែៗ សម្រាប់ផ្តល់ប្រជាពលរដ្ឋក្រីក្រប្រមាណ ៦០ ម៉ឺនគ្រួសារ។

សម្ដេចក៏បានបន្ដទៀតថា កំឡុងពេល កូវីត នេះ ក្នុងមួយខែៗ យើងរកបានក្នុងរង្វង់ បើវាមិនបានលើស ៥០០ លាន ក៏បានត្រឹម ៤០០ លានដុល្លារដែរ ហើយការចាយវាយទៅលើបៀវត្សត្រឹម ២00 លានទេ អញ្ចឹងហើយយើងមានលទ្ធភាព សម្រាប់សង្គ្រោះជួយទំនុកបំរុងទៅដល់ប្រជាពលរដ្ឋជាង ៦០ ម៉ឺនគ្រួសារ ។ មិនតែប៉ុណ្ណោះ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំរិះរកនូវមធ្យោបាយនានា តាមដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រក្នុងស្ថានភាពដ៏ចាំបាច់មួយនេះ ។

ដោយឡែក ចំនួនទឹកប្រាក់ដែលត្រូវផ្តល់ ជូនក្នុងមួយខែ គឺមានចន្លោះពី ១៦,០០០ រៀល ទៅដល់ ១២០,០០០រៀល ។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ នឹងត្រូវធ្វើឡើងតាមប្រភេទ ជនក្រីក្រក្នុងកម្រិត ១ ឬកម្រិត២ ហើយក៏បែងចែក ទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងផងដែរ។

ជាមួយគ្នានេះ ថវិកា ២៥ លានដុល្លារ ដែលគ្រោងចំណាយក្នុង ១ ខែៗ សម្រាប់នេះ បានមកពីចំណូលពន្ធគយ និងថវិកាមួយផ្នែកទៀតទទួលបានពីមន្ត្រីរាជការប្រមាណពី ៦ ទៅ ៧ម៉ឺននាក់ បានស្ម័គ្រចិត្តផ្តល់ប្រាក់បៀរត្សរ៍ដល់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩ ប្រមាណជាង ១០លានដុល្លារ និង ថវិកា១៥លាន ដុល្លារអាមេរិកបន្ថែមទៀត បានមកពីការចូលរួមរបស់សប្បុរសជននានា

គួរបញ្ជាក់ឲ្យដឹង យោងទៅតាម ក្នុងអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែ មិថុនា កន្លងទៅនេះ បានបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលអាចទទួលបាននូវប្រាក់ឧបត្ថម្ភ ត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនរួមមានដូចជា មានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ៕

ដោយ៖ ស្រីពេជ្រ