រាជរដ្ឋាភិបាលបញ្ចេញថវិកា ១០០ លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ប្រជាពលរដ្ឋនៅទីជនបទ

ថ្លែងក្នុងពិធីអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបញ្ចេញទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ទៅទីជនបទដើម្បីសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងផ្តល់នូវការងារជូនប្រជាពលរដ្ឋនៅទីជនបទ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ដយ៉ាងដូច្នេះថា «១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្តល់ជូនឲ្យប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ដើម្បីយកទឹកទៅស្រោចស្រព្វ គាត់អាចនាំគ្នាជីកស្រះ ឬអ្វីៗផ្សេង ដែលផលប្រយោជន៍បាន ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ទាំងឡាយបានមកដល់ ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើងផង»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះទុន ១០០ លានដុល្លារទៅដល់ទីជបទនេះ មិនមែនជាការចិញ្ចឹមរបស់រដ្ឋ ដល់ប្រជាពលរដ្ឋនោះទេ តែគឺជាជំនួយសង្គម ដែលនឹងជួយបង្កើតការងារនៅទីជនបទ និងការបាត់បង់ការងារនៅទីក្រុង។

សម្រាប់ «គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» នេះគឺមានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើងតាមរយៈ៖

១៖ ការបង្កើតឱកាសការងាររយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដ៏ទៃទៀតផងដែរ។

២៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន៖ ផ្លូវលំ, ប្រឡាយជើងក្អែបសម្រាប់បង្ហូរ ទឹក ចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាប ឲ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម។

គួរជម្រាបឲ្យដឹងផងដែរ «គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២» ដែលមានទឹកប្រាក់ ១០០ លានដុល្លារត្រូវបានប្រកាសជាផ្លូវការ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២០។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បើទោះជាមានប្រាក់ឧបត្ថម្ភក៏ដោយ ក៏មិនត្រូវផ្តេកផ្តួលជាមួយការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលពេកឡើយ ត្រូវប្រឹងប្រែងរកការងារធ្វើបន្ថែម ដូចជាការដាំដុះធ្វើកសិកម្មជាដើម លើកលែងតែកុមារ និងមនុស្សចាស់ប៉ុណ្ណោះ៕

ដោយ៖ ស្រីពេជ្រ