រាជរដ្ឋាភិបាល៖ វិស័យទេសចរណ៍ និងអាកាសចរណ៍នឹងត្រូវបានបន្ដអនុគ្រោះផ្នែកពន្ធបន្ថែមដល់ទៅ ២ ខែទៀត

ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ច និងសង្គម ពីការរាតត្បាតនៃជំងឺនេះនៅគ្រប់ប្រទេស រួមទាំងកម្ពុជាផង នៅតែបន្ដអូសបន្លាយនៅឡើយ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះផ្នែកពន្ធ ចំពោះវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន ២ ខែបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជដ្ឋាភិបាល ស្តីអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២០។

មែនទែនទៅ វិធានការទាំងនេះ ត្រូវបានដាក់ចេញក្នុងគោលបំណងដើម្បីរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិតក្នុងកំឡុងពេលវិបត្តិកូវីដ ១៩។

ក្នុងសេចក្ដីប្រកាសដដែលនោះបានឲ្យដឹងថា ចំពោះវិធានការបន្តជួយវិស័យទេសចរណ៍ នឹងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

មិនតែប៉ុណ្ណោះ បន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

រីឯវិធានការជួយវិស័យអាកាសចរណ៍ នឹងត្រូវបានលើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញនូវសេចក្តីប្រកាសមួយរួចមកហើយ ក្នុងគោលបំណងជំរុញ ជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩។

ចំពោះវិស័យអាកាសចរណ៍ នឹងលើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូត ដល់ខែឧសភា ឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា។ពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិលសម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

សម្រាប់វិស័យទេសចរណ៍ នឹងពង្រីកវិសាលភាពបន្ថែម លើវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះ បញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃ ការលើកលែងនេះ។

កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិនា ឆ្នាំ២០២០, ប៉ុន្តែប្រាក់ពន្ធត្រូវបានអនុញ្ញាតឲ្យបង់ រំលាស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២០៕

ដោយ៖ ស្រីពេជ្រ