រាជរដ្ឋាភិបាល កម្ពុជា ត្រៀមបម្រុងថវិកាប្រមាណ ១ ពាន់លានដុល្លារ រួចជាស្រេច ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិឡើងវិញ

ដើម្បីដោះស្រាយនូវបញ្ហានានាទាក់ទិននឹងជំងឺកូវីត ១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិចប់ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមបម្រុងរួចរាល់នូវថវិកាប្រមាណ ១ ពាន់លានដុល្លារអាមេរិក ខណៈមួយចំនួននឹងបញ្ចេញផ្តល់ដល់កម្មករនិយោជិត និងក៏ត្រូវផ្តល់គ្រួសារក្រីក្រនៅពេលឆាប់ៗខាងមុខនេះផងដែរ។

នេះជាការលើកឡើងរបស់ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ) នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០នេះ។

នាឱកាសនោះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច ឥឡូវនេះ បើគិតជាត្រួសៗ ទៅ រដ្ឋាភិបាលបានបម្រុងចំណាយប្រមាណ ១ ពាន់លានដុល្លាររួចជាស្រេច។ ហើយថវិកា មួយចំនួន ត្រូវចំណាយបើកប្រាក់ខែឱ្យកម្មករ និងដោះស្រាយបញ្ហាពលរដ្ឋផ្សេងៗទៀតជាដើម។

ដោយឡែក លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលបានគិតគូរ និងត្រៀមខ្លួនរួចជាស្រេច ចំពោះបញ្ហាកូវីដ-១៩នេះ ហើយរាជរដ្ឋាភិបាល មិនដែលគិតថានឹងព្រងើយកន្ដើយ  ហើយបណ្ដែតបណ្ដោយរហូតដល់សេដ្ឋកិច្ចជាតិធ្លាប់ចុះ ឬខ្វះថវិកានោះដែរ។

រដ្ឋលេខាធិការដដែលរូបនេះបញ្ជាក់ថា សូមកុំភ័យថា ចំពោះគោលការណ៍រាជរដ្ឋាភិបាលមានថវិការហូត សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការគាំទ្រសកម្មភាព រាជរដ្ឋាភិបាល និងការជួយដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ដោយផ្ទាល់ ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២០ កន្លងទៅថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួនប្រមាណ ៨០០-២០០០លានដុល្លារ រួចជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ប្រសិនបើ កម្ពុជា ជួបនូវវិបត្តិកូវីដ ១៩ ក្នុងរយៈពេលវែង ។

សម្ដេចក៏បានមានសង្ឃឹមថា  ពិភពលោក នឹងព្រួតដៃគ្នា និងខិតខំដោះស្រាយបញ្ហានេះ ឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភិតភ័យហើយខ្លាច ជ្រុលខ្លាំងពេក ចំពោះព័ត៌មានដែលបំពុល មិនពិត ពីសំណាក់ក្រុមជនអគតិមួយចំនួនដែលឆ្លៀតសឱកាសស្រូបទាញផលប្រយោជន៍។

គួរបញ្ជាក់ផងដែរ ចំពោះប្រភពថវិកា បានមកពីក្នុងប្រទេសរួមមាន ថវិកាជាតិ ថវិកាសន្សំ កាត់ថវិកាឆ្នាំ ២០២០ខ្លះ និងមានថវិកាខាងក្រៅផ្សេងទៀត, ដែលរាជរដ្ឋាភិបាលខិតខំប្រមូលមកទាំងអស់ ដើម្បីទ្រទ្រង់ និងកាត់បន្ថយផលប៉ះពាល់។ ហើយសម្រាប់ជំនួយឧបត្ថម្ភពីក្រៅប្រទេសវិញ ដៃគូនៅបណ្ដាក្រៅប្រទេស នៅតែមានក្ដីរីករាយក្នុងការបន្ដផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ៕

ដោយ៖ ស្រីពេជ្រ