រាជរដ្ឋាភិបាល ប្រកាសផ្ដល់ប្រាក់ឧត្ថម ៤០ ដុល្លារដល់កម្មករតាមគណនី វីង បន្ទាប់ពីរោងចក្រសហគ្រាសដាក់ពាក្យព្យួរការងារ

បច្ចុប្បន្ន កូវីត ១៩ មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈទេ តែជំងឺនេះ ក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ ក្នុងប្រទេសជាច្រើន រួមទាំង កម្ពុជា ដូចជាមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។ មិនតែប៉ុណ្ណោះ រោងចក្រជាច្រើនបានស្នើរសុំព្យួរជាបណ្ដោះអាសន្ន ដោយសារគ្មានការងារធ្វើ។

ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាល ក៏បានប្រកាសផ្ដល់ប្រាក់ឧត្ថម ៤០ ដុល្លារ ដល់កម្មករតាមគណនី វីង បន្ទាប់ពីរោងចក្រសហគ្រាសបានដាក់ពាក្យព្យួរការងារ ដោយសារតែបញ្ហាប្រឈមមកពីជំងឺកូវីដ-១៩។ នេះបើយោងតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងដូច្នេះថា៖ «ក្រសួងការងារបានបញ្ជូនឈ្មោះ និងលេខទូរស័ព្ទកម្មករនិយោជិតជាង៤ម៉ឺននាក់ហើយទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរទឹកប្រាក់ចំនួន ៤០ដុល្លារក្នុងមួយខែដល់ពួកគេតាមរយៈធនាគារ វីង ។ ការផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារទៅក្នុងកុងគណនីវីងរបស់កម្មករនេះ បន្ទាប់ពីរោងចក្រសហគ្រាសដែលបានដាក់ពាក្យព្យួរការងារ និងអនុញ្ញាតពីក្រសួងក្រោយពីពេលចូលឆ្នាំ ធានាវីងនិងបញ្ជូនទឹកប្រាក់ទៅកុងរបស់ពួកគាត់ ហើយក្រោយបញ្ជូនទៅរយៈពេល១០ថ្ងៃនោះ បើកម្មកមិនបានទៅបើកនោះទេ ធានាវីងនិងបញ្ជូនថវិកាទាំងនេះមកធានាគារជាតិវិញតែម្ដង»។

ឯកឧត្ដមបានបញ្ជាក់ថា៖ «សុំបងប្អូនកម្មករនិយោជិតផ្ទៀងផ្ទាត់ជាមួយសហគ្រាសរបស់ខ្លួនឱ្យបានមែនទែន ការដែលបានព្រមព្រាងគ្នា ដោយមិនមានការអនុញ្ញាត្ដពីក្រសួង គឺជាការព្យួរមិនបានប្រាស់ឧត្ថមពីរាជរដ្ឋាភិបាលនោះទេ ការទទួលបានការអនុញ្ញាត្ដព្យួរនឹង ១០ថ្ងៃ គឺធានាគារវីងនឹងចាប់ផ្ដើមទទួលបានថវិកា ហើយចាប់ផ្ដើមផ្ទេរទៅបងប្អូន ចឹងអ្វីដែលយើងបានចេញ គិតត្រឹមថ្ងៃនេះ បានជាង៥០រោងចក្រ កម្មករនិយោជិតជាង៤ម៉ឺននាក់ ចឹងរំពឹងថា ក្នុងរយៈពេល១០ថ្ងៃតិចជាងថ្ងៃទី២០នេះ បងប្អូនជាង៤ម៉ឺននាក់ នឹងទទួលបានការអនុញ្ញាត្ដឱ្យព្យួរក្រោយពេលចូលឆ្នាំនេះប្រាក់ឧត្ថមពីរាជរដ្ឋាភិបាល»។

បន្ថែមពីនេះ ឯកឧត្ដមបានអំពាវនាវឱ្យកម្មករនិយោជិតត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទឱ្យបានត្រឹមត្រូវដល់រោងចក្ររបស់ខ្លួន និងរក្សាលេខទូរស័ព្ទ ដោយកុំផ្លាស់ប្ដូរ ដើម្បីទទួលបានទឹកប្រាក់ឧបត្ថម្ភនេះ។

គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាសចំនួន១៩៥ហើយ ត្រូវបានអនុញ្ញាតឱ្យព្យូរការងារ ដែលប៉ះពាល់ដល់កម្មករនិយោជិតជាង១០ម៉ឺននាក់ ហើយរោងចក្រសហគ្រាសចំនួន៣០បានប្រកាសបិទទ្វារ។

គួរបញ្ជាក់ថា កម្មករដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺសម្រាប់តែកម្មករណាដែលធ្វើការនៅរោងចក្រដែលមានពាក្យសុំព្យួរកិច្ចសន្យាការងារ និងទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងការងារប៉ុណ្ណោះ៕

ដោយ៖ ស្រីពេជ្រ