រឿងម្ចាស់រថយន្ដទំនើបម៉ាក់ Ferrari ប្រកួតប្រជែងជាមួយនឹងជាងធ្វើTractors

ប្រសិនបើយើងត្រលប់ទៅក្នុងអំឡុងសតវត្សន៍ទី២០ នោះអ្វីៗនៅមិនទាន់ទំនើប និងមានការខ្វះខាតច្រើន ជាពិសេសផ្នែកបច្ចេកវិទ្យា។ នៅពេលនោះ មធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរគឺនៅតែប្រើគោ រទេះ មួយចំនួនធំនៅឡើយ។ យើងគ្រប់គ្នាគួរតែអរគុណដល់យុវជនម្នាក់ ដែលគាត់មានឈ្មោះថា Ferruccio ដែលជាមនុស្សមានជំនាញខាងមេកានិចដ៏ពូកែម្នាក់នៅពេលនោះ។

Ferruccio កើតនៅក្នុងត្រូកូលគ្រួសារកសិករ ប៉ុន្ដែមានទ្រព្យសម្បត្ដិគួរសមដោយសារតែធ្វើចំការដោយប្រើគ្រឿងម៉ាស៊ីនជំនួយ ដែល Ferruccio បានផលិតឡើងវិញនូវត្រាទ័រសម្រាប់ដឹកជញ្ជូន និងប្រើប្រាស់ក្នុងចម្ការ ដោយយកគ្រឿងម៉ាស៊ីនចាស់ៗដែលសល់ពីសង្គ្រាមលោកលើកទី២មកកែច្នៃប្រើឡើងវិញ។

បន្ទាប់ពីទទួលបាននូវភាពមានបានហើយ គាត់ក៏សម្រេចចិត្តទិញនូវរថយន្ដទំនើបៗមួយចំនួន ដែលដូចទៅនឹងបុគ្គលមានៗនៅសម័យនោះតែងតែធ្វើ។ នៅក្នុងចំណោមរថយន្ដទាំងនោះ ក៏មានផងដែរ រថយន្ដទំនើបផុតលេខម៉ាក់ Ferrari។

ប៉ុន្ដែ គាត់ហាក់ដូចជាមិនពេញចិត្តនឹងរថយន្ដទំនើបដែលគាត់បានទិញនោះទេ។ ដោយសារតែខ្លួនមានជំនាញនៅក្នុងផ្នែកមេកានិចស្រាប់ លោកក៏សម្រេចចិត្តនិយាយនូវចំណុចខ្សោយខ្លះៗនៃរថយន្ដទំនើប Ferrari ប្រាប់ទៅ Enzo Ferrari ដែលជាម្ចាស់សហគ្រាសនៅពេលនោះ។

Ferruccio គាត់បាននិយាយថា “រថយន្ដម៉ាក់ Ferrari គឺមានសម្លេងរំខានខ្លាំងពេក និងមានបញ្ហាគ្រឿងម៉ាស៊ីនខ្លះ រួមទាំងមានគុណវិបត្ដិខ្លះៗនៅពេលដែលបើកបរវា” ។ គ្រាន់តែស្ដាប់ឮសំដីរបស់ Ferruccio ភ្លាម លោក Enzo Ferrari ដែលជាម្ចាស់រថយន្ដម៉ាក់ Ferrari បង្ហាញការមិនសប្បាយចិត្តភ្លាមៗ ដោយគាត់បានលើកឡើងថា “បុគ្គលម្នាក់ដែលធ្លាប់តែបើកត្រាទ័រ ម្ដេចនឹងយល់ពីដំណើរការរបស់រថយន្ដទំនើប Ferrari បានទៅ”

ហេតុអ្វីបានជាខ្ញុំនិយាយរឿងនេះប្រាប់អ្នកទាំងអស់គ្នា?

ហេតុផលនោះគឺ ខ្ញុំចង់បង្ហាញប្រាប់អ្នកទាំងអស់គ្នាពីហេតុផល និងរបៀបនៃការចាប់ផ្ដើមប្រកួតប្រជែងគ្នានៃម៉ាក់រថយន្ដដ៏ល្បីល្បាញពីរ នោះគឺ Ferrari និង Lamborghini។ បុរសម្នាក់ដែលជាកសិករ ធ្វើការជាមួយតែត្រាទ័រ ដែលមានឈ្មោះថា Ferruccio Elio Arturo Lamborghini គឺជាបុគ្គលដ៏សំខាន់ម្នាក់នៅពីក្រោយការបង្កើតរថយន្ដម៉ាក់ដ៏ល្បី The luxurious sports cars Lamborghini។ ដោយសារតែការមិនពេញចិត្តនឹងរថយន្ដ Ferrari និងចង់បង្ហាញ Enzo Ferrari ថារថយន្ដរបស់គាត់ពិតជាមានបញ្ហា ទើប Ferruccio សម្រេចចិត្ដបង្កើតរថយន្ដទំនើបតាមក្ដីស្រមៃរបស់ខ្លួនឯង​ដែលមានឈ្មោះថា​ Lamborghini នេះឡើង។ អ្វីដែលអាចរៀនសូត្របាននៅពេលនេះ គឺការប្រកួតប្រជែងដោយភាពឆ្លាតវៃ ត្រឹមត្រូវ ដោយប្រើចំណេះដឹង និងការជំរុញទឹកចិត្តក្នុងការបង្កើតក្ដីស្រមៃ។

អ្នកទាំងអស់គ្នាសាកគិតទៅមើល ប្រសិនបើពេលនោះ Enzo Ferrari គាត់យល់ព្រមស្ដាប់ការណែនាំបន្ថែមពី Ferruccio ម៉្លេះតើមានរថយន្ដណាមួយដែលអាចប្រកួតប្រជែងជាមួយនឹង រថយន្ដ Ferrari បានទៅនៅពេលបច្ចុប្បន្ននេះ? នៅពេលនេះ ប្រហែលជា រថយន្ដ Ferrari ក្លាយជាម៉ាក់ដែលដឹកមុខគេនៅក្នុងទីផ្សាររថយន្ដទំនើបផុតគេបាត់ទៅហើយ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម