រឿងរ៉ាវទាំង ៦ចំនុចដែលអ្នកមិនធ្លាប់បានដឹងពី DAN LOK អ្នកនិយាយលើកទឹកចិត្តសាធារណៈ

លោក Dan Lok គឺជាសហគ្រិនជោគជ័យមួយរូបដែលមានដើមកំណើតមកពីហុងកុង ជាអ្នកនិយាយលើកទឹកចិត្តសាធារណៈ ជាអ្នកនិពន្ធសៀវភៅ Unlock it ដែលជាសៀវភៅដែលលក់ដាច់បំផុត និងជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោក ។ លោកក៏ជាស្ថាបនិកនៃ Closer.com ផងដែរ។ លោកកើតនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ១៩៨១។ បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ  លោកបាន ចូលរៀននៅមហាវិទ្យាល័យ Douglas College ហើយក៏ឈប់រៀននៅពេលលោកចាប់ផ្ដើមអាជីពជំនួញរបស់ខ្លួន។ ក្នុងវ័យ ៣៨ ឆ្នាំ លោកមានទ្រព្យសម្បត្ដិប្រមាណជាង ៥០ លានដុល្លារអាមេរិក។ ខាងក្រោមជារឿងរ៉ាវទាំង ៦ ដែលអ្នកមិនបានដឹងពីមហាសេដ្ឋីវ័យក្មេងរូបនេះ៖

៦ ជាអ្នកវាលគ្មិនដ៏ជោគជ័យមួយរូប

ក្រោយពីទទួលជោគជ័យ និងក្លាយខ្លួនជាមហាសេដ្ឋីវ័យក្មេង លោកក៏បានធ្វើជាវាលគ្មិនដែលចែកនូវបទពិសោធធ្វើជំនួញរបស់ខ្លួន និងជំរុញលើកទឹកចិត្តនៅចំពោះមុខមនុស្សជាច្រើនពាន់នាក់។

៥ ជាបុគ្គលម្នាក់ដែលជឿជាក់ទៅលើទ្រឹស្ដីណែនាំ

មិនត្រឹមតែជាបុគ្គលដែលតែងតែចែករំលែកនូវបទពិសោធទៅអ្នកដទៃ លោកក៏ជាមនុស្សដែលជឿជាក់ទៅលើទ្រឹស្ដីណែនាំ ដោយហេតុថាទ្រឹស្ដីណែនាំរបស់លោកគ្រូដែលបានបង្រៀនធ្វើឲ្យជីវិតរបស់លោកកែប្រែ ហេតុដូចនេះបានជាលោកតែងតែចែករំលែកនូវទ្រឹស្ដីណែនាំរបស់ខ្លួនទៅយុវជន។

៤ ផ្លាស់ប្ដូរទីលំនៅពីហុងកុង ទៅ កាណាដា

នៅពេលដែលមហាសេដ្ឋីរូបនេះ មានអាយុ ១៤ ឆ្នាំ​ ក្រុមគ្រួសាររបស់លោកបានធ្វើអន្ដោប្រវេសន៍ពីហុងកុង ​ ទៅរស់នៅលើទឹកដី កាណាដា ក្នុងគោលបំណងចាប់ផ្ដើមជីវិតថ្មីនៅទីនោះ តែការគិតមិនដូចប្រាថ្នា ឳពុករបស់លោកបានរកស៊ី ក្ស័យធន់អស់ពីខ្លួន។

៣ ម្ដាយ ឳពុក លែងលះគ្នា

ដោយកត្ដាបញ្ហាហរិញ្ញវត្ថុបានធ្វើឲ្យជីវិតគ្រួសាររបស់លោកមានភាពរកាំរកូស រហូតដល់ស្រោចស្រង់លែងបាន ទីបំផុតម្ដាយ​ឳពុករបស់លោកក៏សម្រេចចិត្តលែងលះ នេះហើយជាកត្ដាមួយក្នុងចំណោមផ្សេងទៀតដែលធ្វើឲ្យលោកមានទឹកចិត្តតស៊ូ ចង់ស្វែងរកភាពជោគជ័យ។

២ ទទួលបរាជ័យ ១៣ លើកទម្រាំស្គាល់ពាក្យថា ជោគជ័យ

វាជារឿងធម្មតា គ្មាននរណាមិនធ្លាប់បរាជ័យនោះទេ ប៉ុន្ដែលោក Dan Lok ធ្លាប់បានប្រាប់ឲ្យដឹងថា ទម្រាំឈានមកដល់ថ្ងៃនេះ លោកទទួលរងបរាជ័យអស់ ១៣ លើក។

១ អ្វីដែលលោកស្ដាយក្រោយបំផុតនោះ គឺសាងភាពបរាជ័យរាប់មិនអស់

ប្រសិនជាអាចទាញពេលវេលាឲ្យដើរថយក្រោយបាន លោកនឹងមិនចាប់ផ្ដើមនូវអាជីវកម្មដែលចំណាយកំលាំងអស់ពីកាយចិត្តហើយតែនៅតែមិនទទួលជោគជ័យនោះទេ៕

អត្ថបទដោយ៖ ស្រីពេជ្រ