រោងចក្រផលិតថាមពលធ្យូងថ្មដែលមានតម្លៃជិត ១.៣ លានដុល្លារ គ្រោងបង្ហាញខ្លួនក្នុងខេត្ត ព្រះសីហនុ នាឆ្នាំ ២០២៣

បើគ្មានអ្វីប្រែប្រួលនោះទេ គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត ១.៣ ​ពាន់​លាន​ដុល្លារ​​ នឹងត្រៀមបង្ហាញខ្លួននៅក្នុង​ខេត្ត​ព្រះសីហនុនាឆ្នាំ ២០២៣ ក្រោយបានធ្វើពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងបញ្ចុះបឋមសិលានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

ជាមួយគ្នានេះ រោងចក្រផលិតថាមពលអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាពផលិតថាមពលសរុប ៧០០ មេហ្គាវ៉ាត់នេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Cambodia International Investment Development Group ដែលហៅកាត់ថា(CIIDG)របស់កម្ពុជា ជាម្ចាស់គម្រោង និងក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា (CHDHK) របស់ចិន ជាដៃគូអនុវត្តគម្រោង។

គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​កាលពី​ខែ ​ឧសភា ឆ្នាំ​ ២០១៨ ​ជា​ប្រភេទ​គម្រោង​សម្បទាន​អាជីវកម្ម​ក្រោម​ទម្រង់​សាងសង់ ប្រតិបត្តិការ​ធ្វើ​ជា​ម្ចាស់ និង​ផ្ទេរ​ដែល​មាន​រយៈពេល ៣៥ ​ឆ្នាំ​។ ហើយ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី ៥៤,៩ ​ហិកតា​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។​

តាម​ផែនការ​គម្រោង​នេះ​នឹង​ធ្វើ​ឡើង​ជា ២ ​ដំណាក់កាល​ដោយ​ដំណាក់កាល​នីមួយៗ ​មាន​កម្លាំង ៣៥០ ​មេហ្គាវ៉ាត់​។ ដំណាក់កាល​ទី ១ ​រំពឹង​ថា​អាច​នឹងដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នា​ឆ្នាំ​ ២០២៣ និង​ដំណាក់កាល​ទី​ ២ នឹង​ត្រូវ​ដាក់បញ្ចូល​នៅ​ឆ្នាំ​បន្ទាប់ពោលគឺឆ្នាំ ២០២៤។

ទន្ទឹមនឹងនេះ លោក គួច ចំរើន អភិបាលនៃអណៈអភិបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា គម្រោងនៃការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យអំពីគុណភាព និងផលប៉ះពាល់រួចហើយពីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផលបង្ហាញថា អាចធ្វើការសាងបាននៅតំបន់នោះ។

ដោយឡែក រោងចក្រផលិតថាមពលអគ្គិសនីនេះ ត្រូវបានរំពឹងថានឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេសកម្ពុជានារដូវប្រាំងបន្ទាប់ពីសាងសង់រួច មិនតែប៉ុណ្ណោះថែមទាំងចូលរួមចំណែកកាត់បន្ថយតម្លៃអគ្គិសនីនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ព្រមទាំងបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសកម្ពុជា និងចិនផងដែរ។

នាពេលបច្ចុប្បន្នក្នុងខេត្ត ព្រះសីហនុ មានរោងចក្រអគ្គីសនីពីធ្យូងថ្មចំនូន ២ កំពុងដំណើរការ ដែលរួមមានដូចជា ក្រុមហ៊ុន  CIIDG និងមួយទៀតក្រុមហ៊ុន Leader Universal Holdings មកពីម៉ាឡេស៊ី ដែលមានអនុភាព ១០០ មេហ្គាវ៉ាត់។

តាមរយៈ លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យដឹងថា នៅ​កម្ពុជា ​រោងចក្រ​ផលិត​ថាមពល​ដើរ​ធ្យូងថ្ម​បាន​ផ្គត់ផ្គង់​ថាមពល​ប្រមាណ ៣២ ​ភាគរយ ​ខណៈវារីអគ្គិសនី​ចន្លោះ​ពី ៣៦-៤០ ​ភាគរយ។ ក្រៅពីនេះ​ថាមពល​បាន​មកពី​ប្រភព​សូឡា និង ​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាងដូចជា ថៃ ឡាវ និង វៀតណាម ជាដើម​៕

ដោយ៖ ស្រីពេជ្រ