រោងចក្រផលិតស្រាបៀរថ្មីមួយទៀត គ្រោងបើកដំណើរការក្នុងឆ្នាំ ២០២១ ក្រោមទុនវិនិយោគ ១៣៩ លានដុល្លារ

បន្ទាប់ពីត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរកាលពីដើមខែ មិថុនា កន្លងទៅ រោងចក្រស្រាបៀរថ្មីមួយទៀត នឹងត្រៀមបើកដំណើរការក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលមានទីតាំងនៅលើផ្លូវលេខ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រោងចក្រស្រាបៀរដែលមានតម្លៃវិនិយោគប្រមាណជាង ១៣៩.៥ លានដុល្លារ ជារបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ដែលគ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ខាងមុខ ជាមួយនឹងសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ បន្ទាប់ពីសាងសង់លេចចេញជារូបរាងហើយបើកដំណើរការ រោងចក្រមួយនេះរំពឹងថានឹងបង្កើតឱកាសការងារដល់បុគ្គលិករហូតដល់ជាង ១,៥០០នាក់ និងផ្តល់ឱកាសការងារ ដោយប្រយោលជាច្រើនផ្សេងទៀត ដែលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ ព្រមទាំងចូលរួមលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា។ ជាពិសេស គឺការចូលរួមជុំរុញពិពិដកម្មផលិតផលក្នុងស្រុកដែលមានស្តង់ដារនិងគុណភាពខ្ពស់។

បន្ថែមពីនេះ កត្ដាដែលធ្វើឲ្យក្រុមហ៊ុនមូយនេះមានជំនឿចិត្តហ៊ានបោះទុនវិនិយោគលើរោងចក្រផលិតស្រាបៀរនៅ កម្ពុជា ក៏ព្រោះតែមើលឃើញពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម និងតម្រូវការ របស់ប្រជាពលរដ្ឋខ្មែរទៅលើផលិតផលដែលល្អ ទាំងគុណភាពទាំងសេវាកម្ម ព្រមទាំងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីបង្ហាញទៅកាន់ពិភពលោក ឲ្យបានស្គាល់អំពីផលិតផល និងស្នាដៃរបស់កូនខ្មែផងដែរ។

គួរបញ្ជាក់ ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏ឆ្នើមមួយ នៅក្នុងប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធ ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ វិស័យទំនិញនិងសេវាកម្ម ជាដើម៕

ដោយ៖ ស្រីពេជ្រ

 

SHARE